(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌដង្កោ បានបើកប្រតិបត្តិការបទល្មើសគ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ដោយដកហូតថ្នាំញៀនចំនួន៥កំញ្ចប់ធំ សរុបជាង១គីឡូក្រាម នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួន មុខសញ្ញាជួញដូរគ្រឿងញៀនទាំង២នាក់ខាងលើនេះ គឺលោកបានដាក់កម្លាំងអង្គុយ ស៊ើបអង្កេតត្រង់ចំណុចហាងកាហ្វេមួយកន្លែង ក្បែរទីតាំងប្រតិបត្តិបង្ក្រាបអស់រយៈពេល៣ថ្ងៃមកហើយ រហូតមកដល់ព្រឹកនេះ ជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូ២គ្រឿងមកឈប់ហើយ បំរុងដោះដូរថ្នាំញៀន ក៏កម្លាំងរបស់លោកចេញឡោមព័ទ្ធចាប់បានទាំង២នាក់តែម្តង។ ប៉ុន្តែពេលកម្លាំងចេញប្រតិបត្តិការ ក្រុមជនសង្ស័យបានព្យាយាមជិះម៉ូតូគេចខ្លួនដែល តែគេចមិនរួចទេ ព្រោះកម្លាំងនគរបាលបានដាក់ត្រៀម ក៏ឃាត់បានតែម្តង។
លោកអធិការបានបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យបានហើយ កម្លាំងលោកក៏ធ្វើការឆែកខ្លួន និងក្រោមកែបម៉ូតូជនសង្ស័យក៏ប្រទះឃើញថ្នាំញៀន ចំនួន៥កញ្ចប់ធំ សរុបប្រហែល១គីឡូក្រាម។ វត្ថុតាង រួមមាន៖ ថ្នាំញៀន និងម៉ូតូធ្វើសកម្មភាពចំនួន២គ្រឿង ត្រូវបានយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការតាមនីតិវិធីច្បាប់។
លោកបានបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនទាំង២នាក់ នោះរួមមានទី១៖ ឈ្មោះ យឹម ប៉ុនឆៃ អាយុ២៨ឆ្នាំ មុខរបរពិតប្រាកដ ស្នាក់នៅសង្កាត់បឹងសារឡាង ខណ្ឌទួលគោក ជិះម៉ូតូម៉ាកឌ្រីមសងស៊េរី ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GM-2632 និងទី២៖ ឈ្មោះ នុត លីណា អាយុ៣០ឆ្នាំមុខរបរពិតប្រាកដ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ជិះម៉ូតូម៉ាកឌូក ពាក់ស្លាកលេខ ភ្នំពេញ1CU-6552៕