(ភ្នំពេញ)៖ ក្រុមហ៊ុន SEATEL និងក្រុមហ៊ុន MWDIS International Co.,Ltd នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានធ្វើសន្និសិទកាសែត ស្តីពីកិច្ចសហការលើផលិតផលទូរស័ព្ទ ដៃ Xiaomi ក្រោមវត្ដមានលោក យ៉ាង លិឈីង អគ្គនាយករងក្រុមហ៊ុន SEATEL និង លោក ផាបូរ៉ា ប្រធានចាត់ការទូទៅក្រុមហ៊ុន MWDIS នៅឯការិយាល័យកណ្តាល ក្រុមហ៊ុន SEATEL នាទីក្រុងភ្នំពេញ។
អគ្គនាយករងក្រុមហ៊ុន SEATEL បានថ្លែងថា «ទូរស័ព្ទដៃ Xiaomi គឺជាម៉ូឌែលទូរស័ព្ទ ដែលល្បីឈ្មោះទូទាំងពិភពលោក ដោយមានសមត្ថភាពខ្ពស់ និងតម្លៃសមរម្យ ព្រមទាំងទទួល បានភាពជោគជ័យ យ៉ាងខ្លាំងនៅលើទីផ្សារ»។
លោក យ៉ាង លិឈីង បានឲ្យដឹងថា បច្ចុប្បន្ន ទូរស័ព្ទដៃ Xiaomi អាចប្រើប្រាស់ជាមួយនឹងបណ្តាញអ៊ិនធឺណិត SEATEL4G VoLTE ពេញលេញហើយ។ ការសហការរវាងក្រុមហ៊ុន SEATEL និងក្រុមហ៊ុន MWDIS ក៏បានបញ្ជាក់ថា ទូរស័ព្ទដៃ Xiaomi បានដាក់លក់ជាផ្លូវការ នៅប្រទេសកម្ពុជាហើយ។
ទន្ទឹមនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រយ៉ាងពេញទំហឹង របស់ក្រុមហ៊ុន MWDIS លោកក៏សម្តែងការជឿជាក់យ៉ាងមុតមាំថា ស្ថិតក្រោមការសហការរវាង SEATEL និង MWDIS នឹងធ្វើឲ្យអតិថិជនកាន់តែច្រើន អាចទទួលបាននូវបទពិសោធន៍ ប្រើប្រាស់អ៊ិនធឺណិតល្បឿនលឿន និងការសន្ទនាសំឡេងច្បាស់ របស់បណ្តាញទូរស័ព្ទ SEATEL ហើយទូរស័ព្ទដៃ Xiaomi នឹងក្លាយជាទូរស័ព្ទដៃ ដែលពេញនិយមខ្លាំងនៅក្នុងប្រទេសកម្ពុជា។
លោក ផា បូរ៉ា បានថ្លែងថា ក្រុមហ៊ុន SEATEL គឺជាបណ្តាញទូរគមនាគមន៍ល្បីឈ្មោះនៅកម្ពុជា ហើយក៏ជាដៃគូរសហការ ដ៏មានទំនុកចិត្តខ្ពស់។ ការជ្រើសរើសការសហការជាមួយនឹង ក្រុមហ៊ុន SEATEL ដើម្បីជំរុញផលិតផលទូរស័ព្ទដៃ Xiaomi គឺមិនត្រឹមតែសំអាងទៅលើគុណភាព របស់ទូរស័ព្ទតែប៉ុណ្ណោះទេ ថែមទាំងឲ្យតម្លៃខ្ពស់ ចំពោះការសហការនៅថ្ងៃក្រោយ ជាមួយនឹងក្រុមហ៊ុន SEATEL។
ប្រធានចាត់ការទូទៅក្រុមហ៊ុន MWDIS រូបនេះ បានបញ្ជាក់ថា ក្រុមហ៊ុន MWDIS នឹងសហការសម្របសម្រួល ជាមួយនឹងក្រុមហ៊ុន SEATEL ក្នុងការដាក់លក់នូវទូរស័ព្ទដៃ Xiaomi នៅកម្ពុជា ហើយជាការជឿជាក់លើផលិតផលទូរស័ព្ទដៃ Xiaomi ផងដែរ។
ភាគីទាំងពីរ បានលើកឡើងថា បច្ចុប្បន្ន ក្រុមហ៊ុន SEATEL និង MWDIS គឺជាដៃគូរសហការ និងជាតំណាងចែកចាយទូរស័ព្ទដៃ Xiaomi តែមួយគត់នៅកម្ពុជា ដោយមានដាក់លក់ ទូរស័ព្ទបីម៉ូឌែលនៅគ្រប់បណ្តាហាង SEATEL Shop ៣០ហាងទូទាំងប្រទេស គឺម៉ូឌែល Redmi 5A ម៉ូឌែល Redmi Note 5A ម៉ូឌែល Redmi Note 5A Prime ដែលមានតម្លៃ $១១៥ $១២៥ $១៥៥។
គ្រាប់អតិថិជនទាំងអស់ ដែលទិញទូរស័ព្ទដៃ Xiaomi នឹងទទួលបានកាដូ ដែលមានតម្លៃស្មើរ $១៤២ ពីក្រុមហ៊ុន SEATEL ភ្លាមៗ។ លេខទំនាក់ទំនងបោះដុំទូរស័ព្ទដៃ Xiaomi៖ ០៩៦ ៣៩៩៩ ៩៩៩៕