(ភ្នំពេញ)៖ ទីតាំងខារ៉ាអូខេយីហោ «W» ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវលេខ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋដែលមានផ្ទះ នៅក្បែរនោះ បានត្អូញត្អែរ និងដាក់ពាក្យប្តឹងទៅកាន់អាជ្ញាធរ ក៏ដោយសារតែទីតាំងអាជីវកម្មមួយនេះ បានបង្កជាសម្លេងរំខានយ៉ាងខ្លាំងដល់ការរកស៊ី រស់នៅ និងជាពិសេសនោះរកពេលដេកពួន មិនបាននោះឡើយ។
ដើម្បីដោះស្រាយបញ្ចប់បញ្ហានេះជូនប្រជាពលរដ្ឋ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះទៅបិទចោលទាំងស្រុង នាយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក ជួន សុជាតិ ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខណ្ឌសែនសុខ បានរាយការណ៍ថា ការចុះបិទទីតាំងនេះដឹកនាំដោយលោក ម៉ូវ ម៉ានិត កាលពីវេលាម៉ោង០៨៖៣០នាទីយប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលទីតាំងនេះមានម្ចាស់ឈ្មោះ ឡុង សំណាង ស្ថិតនៅផ្ទះលេខ១៦ ផ្លូវលេខ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមសេចក្តីរាយការណ៍ ការឈានទៅដល់ការសម្រេចបិទ ត្រូវបានលោក ម៉ូវ ម៉ានិត បញ្ជាក់ថា ដោយសារមានបណ្តឹងរបស់ប្រជាពលរដ្ឋរស់នៅជិតខាង ក្នុងករណីបង្កសម្លេងរំខានខ្លាំង ហើយកន្លងមក អាជ្ញាធរខណ្ឌ បានចុះពិនិត្យ និងធ្វើកំណត់ហេតុណែនាំឲ្យម្ចាស់ទីតាំង ធ្វើការកែសម្រួលបញ្ហាសម្លេងរំខានចំនួន០២លើករួចមកហើយ ប៉ុន្តែមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរឡើយ។
លោក មូវ ម៉ានិត បញ្ជាក់នៅកន្លែងបិទនោះទៀតថា «ជាលទ្ធផលយើងពិនិត្យឃើញថា ទីតាំងអាជីវកម្មខារ៉ាអូខេខាងលើ កំពុងដំណើរការបង្កសម្លេងដដែល មានលិខិតអនុញ្ញាត ប្រកបអាជីវកម្មផុត សុពលភាព ហើយពុំមានលិខិតអនុញ្ញាតប្រកបអាជីវកម្ម ពីសាលារាជធានីភ្នំពេញឡើយ ដូចនេះអាជ្ញាធរខណ្ឌសែនសុខ សម្រេចបិទទីតាំងអាជីវកម្មខារ៉ាអូខេខាងលើនេះតែម្តង»៕