(ព្រះវិហារ)៖ នាយការិយាល័យសុខាភិបាល កងពលតូចអន្តរាគមន៍លេខ៩ ខេត្តព្រះវិហារ ម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលជិះម៉ូតូដួលបាក់-ក ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
លោក រួន យ៉េត អធិការនគបាលស្រុកជាំក្សាន្ត បានថ្លែងប្រាប់ភ្នាកងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ ឲ្យដឹងថា ហេតុការណ៍ដ៏សោកសង្វេគនេះ បានកើឡើងកាលពីវេលាម៉ោង៤៖៣០នាទី នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតត្រង់ចំណុចភូមិអូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក រួន យ៉េត បានបញ្ជាក់ឲ្យដឹងបន្ថែមនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា មុនពេលកើតហេតុជនគ្រោះបានជិះម៉ូតូម្នាក់ឯង លុះមកដល់កន្លែងហេតុស្រាប់តែម៉ូតូជនរងគ្រោះ រេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយក្បែរចិញ្ចើមផ្លូវបណ្តាល ឲ្យជនរងគ្រោះដួលបាក់-ក ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។
លោកអធិការស្រុក បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ សំ សួម ភេទប្រុស អាយុ៥៥ឆ្នាំ បើកបរម៉ូតូម៉ាកសង់ C125 ពណ៌ខៅ្ម ស៊េរីឆ្នាំ២០១៨ គ្មានស្លាកលេខ រស់នៅភូមិសែន រុងរឿងមួយ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកថា ក្រោយពីកម្លាំងជំនាញចុះទៅដល់កន្លែងកើហេតុឃើញថា ពិតជាស្លាប់បាក់-ក ដោយសារដួលម៉ូតូខ្លួនឯងក៏បានប្រគល់ម៉ូតូព្រមទាំងសព ជនរងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងដែរថា ជនរងគ្រោះខាងលើមានជំងឺប្រចាំកាយ គឺជំងឺលើសឈាម ហើយពួកគាត់បាននិយាយថា ការដួលម៉ូតូខាងលើនេះ អាចបណ្តាលមកពីជំងឺលើសឈាមគាត់ធ្វើទុកផងក៏មិនដឹង៕