(ខេត្តកំពង់ចាម) ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការ ងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកព្រៃឈរ បានដាក់សម្ពោធផ្លូវលំក្រាលដីគ្រួសក្រហម១ខ្សែ ប្រវែង២,៤៥០ម៉ែត្រ ក្លោងទ្វារវត្តចំនួន២ (ក្នុងនិងក្រៅ) ដងទង់១គូ និងកុដិ១ ព្រមទាំង សមិទ្ធិផលថ្មីៗមួយចំនួនទៀត ដោយមានការចូលរួមពីប្រជាពលរដ្ឋ យុវជន តាជី យាយជី ចំនួន ៨០០ នាក់។
នៅក្នុងពិធីសម្ពោធសមិទ្ធផលដែលរៀបចំឡើងក្នុងនៅវត្តពោធិមង្គល (មេមាំង) ឃុំល្វា នាព្រឹក ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបជូនសមាជិក-សមាជិកា និងប្រជាពលរដ្ឋអំពីសារៈសំខាន់នៃគោលនយោបាយឈ្នះ-ឈ្នះ ដែលបានដឹកនាំនាវា កម្ពុជាមកដល់ត្រើយសន្តិភាព និងភពប្រសព្វ ជាមួយវឌ្ឍនភាពដូចបច្ចុប្បន្ន។
លោកបន្តថា សមិទ្ធិផលទាំងនេះពុំមែនកើតឡើងដោយចៃដន្យនោះទេ គឺបានដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ព្រះចៅអធិការ គណៈកម្មាធិការវត្ត ប្រជាពលរដ្ឋ និងសប្បុរសជន ជិតឆ្ងាយចូលរួមកសាង ហើយអ្វីដែលមិនគួរមើលរំលងនោះ គឺបរិយាកាសនៃសុខសន្តិភាព ដែលសម្រេចបានតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្រ្តី លើកឡើងថា ជាភ័ព្វល្អដែលយើងមានមេដឹកនាំប្រកបដោយគតិបណ្ឌិត គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាស្ថាបនិកនៃយុទ្ធសាស្ត្រឈ្នះ-ឈ្នះ បានធ្វើឲ្យប្រទេស ដ៏កំសត់មួយនេះ ប្រែក្លាយទៅជាដែនដីពោរពេញដោយសុខសន្តិភាព ឯកភាពជាតិ និងវឌ្ឍនភាព ពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំកន្លងមកហើយ។ ព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នកំពុងធ្វើសមាហរ័ណកម្មខ្លួនយ៉ាងសកម្មទៅក្នុងតំបន់ និងពិភពលោក ហើយបានក្លាយជាប្រទេសគោលដៅដែលមានភាពទាក់ទាញសម្រាប់វិស័យទេសចរណ៍ វិនិយោគ ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំគិតជាមធ្យម ៧% ក្នុងរយៈពេល២ទស្សវត្សចុងក្រោយ ។
កំណើននេះ បានជួយកម្ពុជាចាកផុតពីប្រទេសដែលមានចំណូលកម្រិតទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយកំពុងបន្តដំណើរក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ។ ជាមួយគ្នានេះអត្រានៃភាពក្រីក្រ បានធ្លាក់ចុះយ៉ាងគំហុកពី ៥៣.៥% នៅក្នងឆ្នាំ២០០៤ មកនៅត្រឹម ១៣.៥% ប៉ុណ្ណោះក្នុងឆ្នាំ ២០១៤ ។
តាមការលើកឡើងរបស់លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ បានឲ្យដឹងថា សមិទ្ធផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះចំណាយថវិកាសរុបចំនួន ៩៩.៧៧៧ដុល្លារអាមេរិក ។
ក្នុងរយៈពេល ជាង០១ឆ្នាំកន្លងមកនេះ ក្រុមការងារចុះពង្រឹងឃុំល្វានៃស្រុកព្រៃឈរ បានចំណាយពេលវេលា និងថវិកា ជាច្រើនដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងឃុំ និងលើកកម្ពស់ជីវភាពប្រជាជន ក្នុងនោះ ក្រុមការងារបានជួយឧបត្ថម្ភស្រ្តីឆ្លងទន្លេម្នាក់១០ម៉ឺនរៀល ចំនួន១៦០នាក់ និងគ្រួសារសពមួយគ្រួសារ ២០ម៉ឺនរៀល ស្មើនឹង ៣៥គ្រួសារ។ លើសពីនេះ ក្រុមការងារក៏បានជួយដល់ជនពិការ ចាស់ជរាខ្វះទីពឹង ជួសជុលប្រពន្ធ័ផ្លូវថ្នល់ ជីកប្រឡាយទឹក កសាងសាលារៀន និងវត្តអារាម គិតជាថវិកាសរុបប្រមាណ ៤៨៣ពាន់លានរៀល។ ដោយឡែក ផ្លូវមួយខ្សែ ដែលទើបនឹងដាក់សម្ភោធថ្ងៃនេះ ក្រុមការងារក៏បាន ចំណាយថវិកាប្រមាណជាង០១ម៉ឺនដុល្លារ ដើម្បីជួសជុលកែលំអរផងដែរ៕