(រតនគិរី)៖ ទេសរដ្ឋមន្រ្តី លី ធុជ ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី បានជំរុញដល់ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវខិតខំបំពេញតួនាទីយ៉ាងខ្ជាប់ខ្ជួន ដើម្បីរក្សា ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម បង្កលក្ខណៈងាយស្រួលជូនដល់បងប្អូន ប្រជាពលរដ្ឋរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិត។
នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្រ្តី បានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅ ការងារឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តរតនគិរី ដោយមានការចូលរួមផងដែរពី លោក មួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្ត, លោក ថង សាវុន អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
ក្រៅពីការកោតសរសើដល់ថ្នាក់ដឹកនាំខេត្ត ដែលបានខិតខំបំពេញការងារនាពេលកន្លងមកជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនោះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមមគ្គុទេសដ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំពុងខិតខំជម្រុញយន្តការអនុតំបន់ តំបន់ និងពិភពលោក ដើម្បីសម្រេចឲ្យបាននូវ ការសហប្រតិបត្តការដ៏ពេញលេញ និងមានទំនុកចិត្ត ជាពិសេសការធ្វើកំណែទម្រង់ច្បាប់ គោលនយោបាយ និងយុទ្ធសាស្រ្ត និងកម្មវិធីវិមជ្ឍការ និងសហវិមជ្ឍការ ឲ្យសមស្របតាមការវិវត្តន៍របស់សង្គមនាពេលបច្ចុប្បន្ន ដើម្បីដឹកនាំនាវាកម្ពុជាធ្វើដំណើរបានកាន់តែលឿនឆ្ពោះទៅរកខឿនអភិវឌ្ឍន៍ដ៏រឹងមាំ លើគ្រប់វិស័យ។
ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុយ៉ាងស៊ីជម្រៅ ដើម្បីធានាឲ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឲ្យបានស្ថិតស្ថេរ ទោះបីស្ថានភាពសេដ្ឋកិច្ច ពិភពលោកបច្ចុប្បន្ន កំពុងមានលក្ខណៈប្រែប្រួលយ៉ាងណាក៏ដោយ កម្ពុជានៅតែបន្តការខិតខំប្រឹងប្រែងទ្វេរដងថែមទៀត ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយ យ៉ាងហ្មត់ចត់ និងប្រុងប្រយ័ត្នបំផុត ដោយអនុលោមឈរលើគោលការណ៏គ្រឹះជាយុទ្ធសាស្រ្ត សំខាន់ៗចំនួន៣ រួមមាន៖
ទី១៖ ធានាសម្រេចឲ្យបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ក្នុង១ឆ្នាំ ដើម្បីបន្តបង្កើតការងារថ្មីៗកាន់តែច្រើន ជូនប្រជាពលរដ្ឋ និងធានាឲ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេស ការគ្រប់គ្រងបាននូវអតិផរណា និងការធានាស្ថិរភាពនៃអត្រាប្តូរប្រាក់
ទី២៖ បន្តអនុវត្តកម្មវិធីកែទម្រង់សំខាន់ៗ លើសកម្មភាពដែលផ្តល់លទ្ធផលភ្លាមៗ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ
ទី៣៖ ផ្តល់ការលើកទឹកចិត្តដល់ក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានអនុវត្តសកម្មភាពការងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅរបស់មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដោយបានផ្តោតជាពិសេសលើ៖
ទី១៖ ការបន្តតម្លើងប្រាក់បៀវត្សរ៍ជូនដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធឲ្យបានយ៉ាងតិច១លានរៀលក្នុងឆ្នាំ២០១៨នេះ ដើម្បីបង្កើនកម្រិតជីវភាពរបស់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធឲ្យកាន់តែល្អប្រសើរ និងដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ
ទី២៖ ការបន្តវិនិយោគលើធនធានមនុស្ស ព្រមជាមួយនឹងការជំរុញអនុវត្តនូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម
ទី៣៖ ការកែទម្រង់ និងកែលម្អប្រសិទ្ធភាព គុណភាពសេវាសាធារណៈលើគ្រប់វិស័យ ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ
ទី៤៖ ការផ្តល់អាទិភាពលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ព្រមទាំងថែទាំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលបានកសាងរួច ដើម្បីបន្តជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចទាំងក្នុងរយៈពេលខ្លី មធ្យម និងវែង ដើម្បីដោះស្រាយតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះលោកទេសរដ្ឋមន្រ្តី លី ធុជ បានណែនាំដល់អង្គសន្និបាតទាំងមូល មេត្តាយកចិត្តទុកដាក់ពិភាក្សាគ្នាលើចំណុចមួយចំនួន ដូចខាងក្រោម៖
ទី១៖ ស្នើសុំឲ្យសមាជិក សមាជិកា នៃអង្គសន្និបាតទាំងអស់ត្រូវប្រជុំពិភាក្សាគ្នាឱ្យបានផុសផុល ដើម្បីកំណត់ទិសដៅការងារផែនការយុទ្ធសាស្រ្ត និងសកម្មភាពការងារសម្រាប់ឆ្នាំ២០១៨ ឱ្យបានត្រឹមត្រូវទៅតាមផែនការយុទ្ធសាស្រ្តរបស់ជាតិ និងសេចក្តីសម្រេចរបស់អង្គសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា
ទី២៖ ស្នើសុំឱ្យថ្នាក់ដឹកនាំខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យស្របតាមគោលការណ៍ច្បាប់ និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងសម្រេចរបស់ក្រុមប្រឹក្សាខេត្ត
ទី៣៖ ត្រូវខិតខំរួមគ្នាដើម្បីបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសការចូលរួមអនុវត្តគោលនយោបាយភូមិឃុំមាន សុវត្ថិភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ដោយអនុវត្តតាមអភិក្រមគឺ «ឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល ព្យាបាល និងវះកាត់» ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពវិន័យ និងការគោរពគោលការណ៍នានារបស់រដ្ឋ ព្រមទាំងពង្រឹងរបៀបរបបធ្វើការ មានការទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
ទី៤៖ ត្រូវខិតខំរួមគ្នាសម្រចឲ្យបាននូវទិសដៅជាយុទ្ធសាស្រ្តសំខាន់ៗ របស់រាជរដ្ឋាភិបាលបន្តទៀត ជាពិសេសការទប់ស្កាត់ និងបង្រ្កាបឲ្យបានទាន់ពេលវេលា នូវបទល្មើសនានា ដូចជាបញ្ហាចរាចរណ៍ គ្រឿងញៀន បញ្ហាចោរកម្ម ។ល។ និង ។ល។
ទី៥៖ ត្រូវបន្តខិតខំដោះស្រាយវិវាទដីធ្លី ដែលនៅសែលសល់នាឆ្នាំចាស់ឲ្យមានតម្លាភាព គណនេយ្យភាព និងត្រូវបញ្ជៀសឲ្យបាននូវអំពើហិង្សាគ្រប់រូបភាព
ទី៦៖ ត្រូវបន្តខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ហើយថ្នាក់ដឹកនាំ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវពង្រឹងគណៈបញ្ជាការឯកភាពឲ្យបានល្អ ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត ជាពិសេសត្រូវលើកទឹកចិត្តប៉ុស្តិ៍នគរបាល និងប្រជាការពារឲ្យសហការគ្នាឲ្យបានល្អ
ទី៧៖ ត្រូវចេះប្រើប្រាស់អំណាចស្របច្បាប់ដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំប្រគល់ជូនឱ្យបានត្រឹមត្រូវ ហើយយកប្រយោជន៍ជាតិជាធំ
ទី៨៖ ត្រូវធ្វើជាអ្នកដឹកនាំ មិនត្រូវធ្វើជាចៅហ្វាយនាយគេជាដាច់ខាត។
នៅក្នុងអង្គសន្និបាតនាថ្ងៃនេះ លោកទេសរដ្ឋមន្រ្តីសង្ឃឹមយ៉ាងមុតមាំថា នឹងផ្តល់ឱកាសយ៉ាងល្អសម្រាប់តម្រង់ទិសការងារ ពិនិត្យលើចំណុចខ្វះខាត ផ្តល់មតិយោបល់ត្រង់ៗក្នុងន័យស្ថាបនា កែតម្រូវកំហុសឆ្គង ដើម្បីការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព គណនេយ្យភាព និងសាមគ្គីភាព ក្នុងគោលបំណងបម្រើជាតិ និងបម្រើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង តាមរយៈការលើកកម្ពស់សេវាសាធារណៈគ្រប់ផ្នែក នៅគ្រប់ថ្នាក់ ទាំងខាងគុណភាព ប្រសិទ្ធភាព វិសាលភាព និងទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ។
ជាងនេះទៅទៀត យើងទាំងអស់គ្នាត្រូវរៀនសូត្រតាមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាង៣៩ឆ្នាំមកនេះ ដែលបានបង្ហាញពីសក្ខីភាព នៃការដឹកនាំដ៏អស្ចារ្យ មានត្រីវិស័យវែងឆ្ងាយ មានគោលដៅការងារច្បាស់លាស់ មានភាពម្ចាស់ការ ផែនការត្រូវមានការអនុវត្ត ជាការដឹកនាំ និងការគ្រប់គ្រងដែលចាត់ទុកលទ្ធផលជាអាទិភាព ជាការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ ម៉ត់ចត់ ហ៊ានអារកាត់ ពុះពារគ្រប់ឧបសគ្គតូចធំគ្រប់បែបយ៉ាង ដោយភាពអង់អាចក្លាហាន និងសកម្មមិនខ្លាចនឿយហត់។
សម្តេចតេជោ ជារដ្ឋបុរសមួយរូប ដែលពោរពេញដោយមនសិកាស្នេហាជាតិ ហ៊ានពលីសាច់ស្រស់ ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ យើងជាប្រជាជនជំនាន់នេះ ពិតជាមានភ័ព្វសំណាងរស់នៅក្រោមមគ្គុទេសដ៍ដឹកនាំដ៏ថ្លៃថ្លាជាប្រវត្តិសាស្រ្តរបស់ សម្តេចតេជោ ជាទ្រព្យសម្បត្តិមហាសាល មិនអាចកាត់ថ្លៃបានរបស់ជាតិ និងប្រជាជនយើង៕