(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ម៉ោង១៧៖៣០នាទី នាល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ បានធ្វើដំណើរចេញពីកន្លែងធ្វើការ ឆ្ពោះទៅគេហដ្ឋាន ឆ្លងកាត់ស្តុបផ្សារដើមគរ ក្រលេកទៅលើសួនច្បារក្បែរស្តុប ឃើញសកម្មភាពបុរស០២នាក់ មានម្នាក់អង្គុយ គ្រលំភួយ និងម្នាក់ទៀតអង្គុយក្បែរគ្នា មើលទៅហាក់ដូចជាសង្ស័យ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានដាក់បញ្ជាឲ្យកម្លាំងជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅត្រួតពិនិត្យភ្លាមៗ។
គួរឲ្យភ្ញាក់ផ្អើលណាស់ ទាំងពីរនាក់នោះគ្រាន់តែជាអ្នកសុំទាន តែហ៊ានអង្គុយជក់គ្រឿងញៀនកណ្តាលទីសាធារណៈ យ៉ាងរំភើយ។ ឆ្លើយតបជាមួយសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បុរសម្នាក់ដែលជាអ្នកជក់ថ្នាំ បានសារភាពថា រាល់ថ្ងៃរូបគេ តែងដើរសុំទានបានមួយម៉ឺនពីរម៉ឺនរៀល ក៏យកទៅទិញគ្រឿងញៀនជក់។ ក្រោយពេលនឹកហួសចិត្ត និង ពិនិត្យឃើញស្មារតីកាយសម្បាគាត់ទន់ខ្សោយ សមត្ថកិច្ចអាវុធហត្ថ បានទំនាក់ទំនងជាមួយមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដើម្បីយកពួកគាត់ទៅអប់រំផ្តាច់សារធាតុញៀន និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវផ្សេងៗ ដល់ពួកគាត់ សម្រាប់យកទៅប្រកបរបរចិញ្ចឹមជីវិត បន្ទាប់ពីពួកគាត់បានបន្សាបសារធាតុញៀនអស់!
ករណីនេះសូមចាត់ទុកជាសារផ្ញើជូនអ្នកធ្វើទានទាំងឡាយ យកទៅពិចារណា គួរធ្វើទានដោយរបៀបណា ទើបបានជាប្រយោជន៍ដល់សង្គម?
តើអ្នកគួរតែបង្វែរទាន ដែលតែងឲ្យដល់មនុស្សខ្ជិលទាំងអស់ ទៅជាអំណោយសប្បុរស ជូនចំពោះមន្ទីរពេទ្យគន្ធបុប្ផា មណ្ឌលជនពិកា មណ្ឌលកុមារកំព្រា ចាស់ជរាគ្មានទីពឹង លោកយាយលោកតាព្រះសង្ឃក្នុងវត្តអារាម និងសិស្សក្រីក្រដែលតស៊ូរៀនជាច្រើនទៀតបានដែរឬទេ?
«បើធ្វើទានដល់ អ្នកចេះតស៊ូតែម្តង អាចជួយឲ្យអនាគតគាត់បានប្រសើរឡើងពេញមួយជីវិត តែសម្រាប់អ្នកខ្ជិលច្រអូស យកការសុំទានជាមុខរបរ ទោះឲ្យទានគាត់មួយជីវិត ក៏គាត់មិនអាចកសាងអនាគតបានប្រសើរឡើងឡើយ»៕