(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវ គោលនយោបាយផលិតកម្មស្រូវ និងជំរុញការនាំចេញអង្ករ នៅឆ្នាំ២០១១។ ចាប់ពីពេលដាក់ចេញ គោលនយោបាយនេះមក ការនាំចេញអង្កររបស់កម្ពុជា បានកើនឡើងជាបន្តបន្ទាប់ បើទោះបីមិនទាន់សម្រេចគោលដៅក្តី ប៉ុន្តែវិស័យនេះបានរីកចម្រើនយ៉ាងខ្លាំង។
ក្រុមហ៊ុននាំចេញអង្ករ ដែលមានក្នុងវិស័យនេះស្រាប់ និងក្រុមហ៊ុនថ្មីៗជាច្រើនទៀត ត្រូវបានបង្កើតឡើង ដើម្បីចូលរួមគាំទ្រដល់វិស័យនាំចេញអង្ករ។ ក្រៅពីបង្កើនទំនើបកម្ម របស់រោងចក្រផលិតអង្កររបស់ខ្លួន ក្រុមហ៊ុនទាំងនោះ បានស្វះស្វែងរកទីផ្សារនាំចេញ ដោយមានរាជរដ្ឋាភិបាលចំាជួយគាំទ្រ។
រយៈពេល៥ឆ្នាំចុងក្រោយនេះ (២០១៣ ដល់ ២០១៧) កម្ពុជាបាននាំចេញអង្ករបាន២.៥លានតោន។ តើក្រុមហ៊ុនណាខ្លះរបស់កម្ពុជា ដែលបាននាំចេញអង្ករច្រើនជាងគេ? នៅពេលនេះ Fresh News សូមលើកយកនូវក្រុមហ៊ុនធំៗទាំង១០ ដែលនាំចេញអង្ករចេញ ពីកម្ពុជាច្រើនជាងគេបំផុត ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
យោងតាមរបាយការណ៍ផ្លូវការរបស់លោក ហ៊ាន វណ្ណហន ប្រធានលេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានឲ្យដឹងថា ក្រុមហ៊ុនទាំង១០ ដែលនាំចេញអង្ករចេញ ពីកម្ពុជាច្រើនជាងគេបំផុត ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះរួមមាន៖
លេខ១៖ ក្រុមហ៊ុន Khmer Food របស់លោកឧកញ៉ា គឹម សាវុធ ដែល៥ឆ្នាំចុងក្រោយនេះ នាំចេញអង្ករបានជាង២៤ម៉ឺនតោន។
លេខ២៖ ក្រុមហ៊ុន Amru Rice របស់លោក សុង សារ៉ន រយៈពេល៥ឆ្នាំចុងក្រោយនេះ នាំចេញអង្ករបានជាង២៣ម៉ឺនតោន។
លេខ៣៖ ក្រុមហ៊ុន Baitang (បៃតង) របស់លោកឧកញ៉ា ភូ ពុយ រយៈពេល៥ឆ្នាំចុងក្រោយនេះ នាំចេញអង្ករបានជិត២០ម៉ឺនតោន។
លេខ៤៖ ក្រុមហ៊ុន Golden Rice របស់លោក សុខ ហាច រយៈពេល៥ឆ្នាំចុងក្រោយនេះ នាំចេញអង្ករបានជិត១៩ម៉ឺនតោន។
លេខ៥៖ ក្រុមហ៊ុន Cristal Rice រយៈពេល៥ឆ្នាំចុងក្រោយនេះ នាំចេញអង្ករបានជិត១៥ម៉ឺនតោន។
លេខ៦៖ ក្រុមហ៊ុន International Rice រយៈពេល៥ឆ្នាំចុងក្រោយនេះ នាំចេញអង្ករបានជាង១២ម៉ឺនតោន។
លេខ៧៖ ក្រុមហ៊ុន City Rice រយៈពេល៤ឆ្នាំចុងក្រោយនេះ នាំចេញអង្ករបានជាង១០ម៉ឺនតោន។
លេខ៨៖ ក្រុមហ៊ុន Nicoline Investment រយៈពេល៥ឆ្នាំចុងក្រោយនេះ នាំចេញអង្ករបានជិត៩ម៉ឺនតោន។
លេខ៩៖ ក្រុមហ៊ុន TOT រយៈពេល៥ឆ្នាំចុងក្រោយនេះ នាំចេញអង្ករបានជាង៨ម៉ឺនតោន។
លេខ១០៖ ក្រុមហ៊ុន Apsara Rice រយៈពេល៣ឆ្នាំចុងក្រោយនេះ នាំចេញអង្ករបានជាង៧ម៉ឺនតោន។
ជាមួយលទ្ធផលនៃការនាំចេញ អង្ករច្រើនជាងគេរយៈពេល៥ឆ្នាំក្រោយនេះ លោកឧកញ៉ា គឹម សាវុធ ប្រធានក្រុមហ៊ុន Khmer Food បង្ហាញក្តីរីករាយចំពោះលទ្ធផលនេះ។ ជាមួយគ្នានេះ លោកបង្ហាញភាពរីករាយនឹងការវិវត្តន៍រីកចម្រើន របស់វិស័យស្រូវអង្កររបស់កម្ពុជា ដោយមានក្រុមហ៊ុនថ្មីៗជាច្រើន បានហក់ចូលក្នុងវិស័យនេះ៖ «ពិតជាមានរលកក្រោយធំៗ [ក្រុមហ៊ុនថ្មី] ថែមទៀត តែជាកិត្តិយសជាតិយើង ដោយសារមានអ្នកវិនិយោគចាប់អារម្មណ៍នឹងវិស័យនេះ»។
លោក សុង សារ៉ន ប្រធានក្រុមហ៊ុន Amru Rice ដែលជាក្រុមហ៊ុនឈរលំដាប់ថ្នាក់ទី២ នាំចេញអង្ករច្រើនជាងគេនោះ បានឲ្យដឹងថា លទ្ធផលដែលទទួលបាននេះ បានជួយបង្កើតការងារជាង២៥០កន្លែងនៅក្នុងរោងម៉ាស៊ីន និងក្រុមហ៊ុននាំចេញអង្កររបស់ខ្លួន។ លើសពីនេះ គឺការចូលរួមកសាងឲ្យកសិករមានជំរើសទីផ្សារ និងជួយបង្កើតការងារជូនកសិករ។ លោកបន្ថែមថា លទ្ធផលនេះ បានបើកឪកាសឲ្យអង្ករខ្មែរមានទីផ្សារ សំរាប់អ្នកជំនាន់ក្រោយ និងមានមោទនភាពអង្ករខ្មែរយើង លក់ក្នុងទីផ្សារបរទេស។
សូមជម្រាបថា គិតត្រឹមខែមករា ឆ្នាំ២០១៨ កម្ពុជាមានក្រុមហ៊ុននាំចេញអង្ករជាង៥០ក្រុមហ៊ុន នាំចេញទៅកាន់ទីផ្សារជាង៦០ប្រទេសនៅលើពិភពលោក៕