(សៀមរាប)៖ ខ្សែភាពយន្តឯកសារដ៏ពិសេស និងជាប្រវត្តិសាស្ត្រមួយ ស្តីពីការដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានចាក់បញ្ចាំងជូនដល់ប្រជាពលរដ្ឋ ទស្សនាជាបន្តបន្ទាប់ ដើម្បីរំលឹកនូវភាពជូរចត់ និងទុក្ខវេទនាក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការឈានដល់ការរំដោះជាតិ ចេញពីរបបដ៏ព្រៃផ្សៃនេះ។
ជាក់ស្តែងមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមទស្សនាជាលើកទី២ នៃការបញ្ចាំងវីដេអូ ស្តីពីដំណើរឆ្ពោះទៅរកសង្គ្រោះជាតិ នាយប់ថ្ងៃទីពុធ ៥រោច ខែមាឃ ឆ្នាំរកា ពស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវត្តជប់រំដេង ស្ថិតនៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានាក្នុងវត្ត។
ដោយមានការសហការល្អ ប្រធានក្រុមការងារចុះជួយភូមិជប់រំដេងលោក លឹម ភក្តី និងក្រុមការងារយុវជនបក្សខេត្តចុះជួយស្រុកស្វាយលើ បានសុំការអនុញ្ញាតពីព្រះចៅអធិការវត្ត ដើម្បីបញ្ចាំងវីដេអូ ស្តីពី «ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ» តាមសំណូមពរ របស់ប្រជាពលរដ្ឋទាំងមូលក្នុងភូមិ ដែលកន្លងមកក្រុមការងារ បានបញ្ចាំងវីដេអូនេះម្តងហើយ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងឱកាសបុណ្យភូមិ។
សូមរំលឹកថា ចេញពីទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំ តំបន់២១ វេលាម៉ោង ២១៖០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន៤នាក់ គឺលោក នុច ថន, លោក ញឹក ហ៊ន, លោក ស៊ូ គឹមស្រ៊ាង ហៅសាញ់ និងលោក វ៉ា ប៉ោអ៊ាន បានចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភ ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។
ក្នុងខ្សែភាពយន្តឯកសាររយៈពេលជាងមួយម៉ោង បានរៀបរាប់យ៉ាងលំអិតអំពីការសម្រេចចិត្ត និងដំណើរឆ្ពោះទៅកាន់ទិសខាងកើត កាលពីឆ្នាំ១៩៧៧ របស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ៤រូបផ្សេងទៀត៕