(ព្រះសីហនុ)៖ ក្រោយក្រសួងមហាផ្ទៃប្រកាសបង្កើត «សមាគមទីភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន» រួចមក លោកឧកញ៉ា ទៀ វិចិត្រ ត្រូវបានជាប់ឆ្នោតជាប្រធានសមាគមមួយនេះ ទើបនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ លោកត្រូវបានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ប្រកាសទទួលស្គាល់ជាផ្លូវការ។
ក្នុងនាមជាប្រធានសមាគមថ្មី លោក ទៀ វិចិត្រ បានប្ដេជ្ញាគោរពតាមច្បាប់ បទដ្ឋានគតិយុត្ត និងរាល់ការណែនាំរបស់រដ្ឋបាល ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធឲ្យបានត្រឹមត្រូវ ថែមទាំងរួមសហការ និងសាមគ្គីជាមួយសមាជិកសមាគមឲ្យបានល្អប្រសើរ ដើម្បីពង្រីកការទាកទាញទេសចរ និងការផ្ដល់គុណភាពសេវាជូនភ្ញៀវទេសចរប្រកបដោយក្ដីពេញចិត្ត។
លោករដ្ឋមន្ត្រី ថោង ខុន បានផ្ដល់អនុសាសន៍មួយចំនួន ដល់សមាគមទីភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ដូចខាងក្រោម៖
ទី១៖ ត្រូវបន្តពង្រឹងឲ្យអាជីវកម្មកាណូតទេសចរណ៍ទាំងអស់ មានច្បាប់អនុញ្ញាតអាជីវកម្មឲ្យបានត្រឹមត្រូវ ទាំងកាណូតទេសចរណ៍ធំៗ និងកាណូតទេសចរណ៍តូចៗ៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ត្រូវសហការជាមួយសាលាខេត្តព្រះសីហនុ និងអាជ្ញាធរមានសមត្ថកិច្ច ចុះធ្វើស្ថិតិ និងចុះជំរុញអាជីវកម្មឲ្យមានប្រសិទ្ធភាព។
ទី២៖ ត្រូវរៀបចំឲ្យមានវេនចេញចូលសម្រាប់កាណូតទេសចរណ៍៖ សមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន្ត ខេត្តព្រះសីហនុ ត្រូវសហការជាមួយមន្ទីរទេសចរណ៍ រៀបចំឲ្យមានវេនត្រឹមត្រូវ បទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌ និងក្រមប្រតិបត្តិវិជ្ជាជីវៈ សម្រាប់កាណូតទេសចរណ៍។
ទី៣៖ ត្រូវចូលរួមអនុវត្តស្តង់ដារកាណូតទេសចរណ៍ ដែលក្រសួងទេសចរណ៍នឹងដាក់ចេញ នាក្នុងពេលឆាប់ៗខាងមុខ៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និងសមាគមត្រូវសហការជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញអាជីវកម្មកាណូតទេសចរណ៍ទាំងអស់ ដាក់ពាក្យទទួលស្គាល់ស្តង់ដារកាណូតទេសចរណ៍កម្ពុជា
ទី៤៖ ត្រូវចូលរួមផ្សព្វផ្សាយ និងចូលរួមថែរក្សាធនធានធម្មជាតិ ព្រៃឈើ ផ្កាថ្ម ឆេ្នរខ្សាច់ និងប្រព័ន្ធជីវចម្រុះឲ្យបានគង់វង្ស៖ សមាគមត្រូវណែនាំសមាជិករបស់ខ្លួន ឲ្យរៀបចំជាបទបង្ហាញខ្លីមួយដល់ភ្ញៀវទេសចរ មុនចេញប្រតិបត្តិការអាជីវកម្មពីប្រការគួរធ្វើ ឬមិនគួរធ្វើ។
ទី៥៖ ត្រូវចូលរួមគោរពច្បាប់តាមការណែនាំរបស់ក្រសួងទេសចរណ៍ រដ្ឋបាលខេត្ត សមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធ។
សមាគមទីភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាននេះ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បច្ចុប្បន្ន ខេត្តព្រះសីហនុមានម្ចាស់កាណូតទេសចរណ៍ចំនួន ៣៤នាក់ ត្រូវនឹង ៥០កាណូត ក្នុងនោះកាណូតទេសចរណ៍ចំណុះធំមាន២៤គ្រឿង មធ្យម១០គ្រឿង និងតូច១៦គ្រឿង។
សូមជម្រាបថា នៅឆ្នាំ២០១៧ ខេត្តព្រះសីហនុទទួលបានទេសចរជាតិជាង ១លាននាក់ និងទេសចរអន្តរជាតិប្រមាណ ៤៧ម៉ឺននាក់ កើនឡើង ១៦% ក្នុងនោះទេសចរចិនមានចំនួន ១២ម៉ឺននាក់ កើនឡើង ១២៦% ស្ថិតក្នុងលំដាប់ទី១៕