(ព្រះវិហារ)៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ តំណាងឲ្យកងកម្លាំងកងរាជអាវុធហត្ថទូទាំងខេត្តទាំងអស់ បានប្តេជ្ញាចិត្តយ៉ាងមុះមុត ដោយបង្ក្រាប និងទប់ស្កាត់ឲ្យបានរាល់ចលនាណាមួយ ដែលបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលធ្វើឲ្យប៉ះពាល់សន្តិសុខសង្គម ក៏ដូចជាសណ្តាប់សាធារណៈផងដែរ។
ការប្រកាសយ៉ាងមុតមាំប្រឆាំងចលនាខុសច្បាប់នេះ បានធ្វើឡើងក្នុងឱកាសបិទកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់កងរាជអាវុធហត្ថខេត្តព្រះវិហារ នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តផងដែរ។
នៅក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា បានអំពាវនាវឲ្យកងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងខេត្តឲ្យបានល្អប្រសើរ ហើយត្រូវខិតខំក្តាប់ និងស្រាវជ្រាវព័ត៌មានពីចលនាខុសច្បាប់នានា ដែលបង្កើតឡើងក្នុងគោលបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ចង់បង្កអសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។
លោកអភិបាលខេត្ត បានធ្វើការណែនាំដល់កម្លាំងអាវុធហត្ថ ត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាបឲ្យបានភ្លាមៗផងដែរ។ ក្រៅពីកិច្ចការសំខាន់នេះ ក៏នៅមានកិច្ចការ និងភារកិច្ចសំខាន់ជាច្រើនទៀត ដែលកម្លាំងកងរាជអាវុធហត្ថត្រូវខិតខំបន្ថែមទៀត អនុវត្តឲ្យបាននៅឆ្នាំ២០១៨នេះ ដូចជា ករណីបង្រ្កាបធនធានធម្មជាតិ បង្ក្រាបករណីគ្រឿងញៀន ត្រួតពិនិត្យរថយន្ត ពាក់ស្លាកលេខ ខ.ម ជាដើម។
លោកឧត្តមសេនីត្រីយ៍ កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបញ្ជាក់ផងដែរថា ទិសដៅបន្តសម្រាប់អនុវត្តនៅឆ្នាំ២០១៨នេះ កម្លាំងកងរាជអាវុធហត្ថខេត្ត ប្តេជ្ញាបន្តធ្វើការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឃាតកម្ម ប្លន់ប្រដាប់អាវុធ លួចឆក់ ចាប់ជំរិត ការរក្សាលាក់ទុកទិញលក់អាវុធដោយខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ បន្តស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀន បន្តស្រាវជ្រាវបទល្មើសជួញដូរមនុស្ស បន្តពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជាដើម្បីទប់ស្កាត់ បង្រ្កាបបទល្មើសថនថានធម្មជាតិ ត្រៀមកម្លាំងមធ្យោបាយ សម្ភារ ឧបករណ៍ សម្រាប់អន្តរាគមន៍ទប់ស្កាត់ និងបង្ក្រាបរាល់ការបង្កចលាចលសង្គមគ្រប់រូបភាព និងជួយសង្រ្គោះរាល់គ្រោះមហន្តរាយផ្សេងៗដែលនិងកើតមានឡើងជាពិសេសជួយជីវិតមនុស្សនិងបញ្ហាផ្សេងៗទៀតជាច្រើនអោយមានប្រសិទ្ធិភាព។
ក្នុងឱកាសនៃពិធីនោះដែរលោកអ៊ុន ចាន់ដា បានឧបត្ថម្ភថវិកាចំនួន៤លានរៀល និងបានប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាល ដល់មន្ត្រីងាវុធហត្ថដែលមានស្នាដៃផងដែរ៕