(ភ្នំពេញ)៖ រដ្ឋាភិបាលចិនបានអះអាងដាច់អហង្ការថា ខ្លួនពុំអនុញ្ញាតឲ្យប្រជាជនរបស់ខ្លួនប្រើប្រាស់ទឹកដីកម្ពុជា ប្រព្រឹត្តបទល្មើសដែលនាំឲ្យខូចប្រយោជន៍ដល់ប្រទេសចិន និងកម្ពុជាឡើយ។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក ស្យុង បូ ដែលតំណាងឲ្យរដ្ឋាភិបាលចិន បានថ្លែងយ៉ាងដូច្នេះក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងនៅក្នុងស្ថានទូតចិនប្រចាំកម្ពុជា នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោក ស្យុង បូ បានថ្លែងយ៉ាងដូចនេះថា៖ «ភាគីចិននិងកម្ពុជា មានមតិស្រុះស្រួលគ្នាកម្រិតខ្ពស់ យើងពុំអនុញ្ញាតឲ្យជនណាមួយប្រើប្រាស់ទឹកដីកម្ពុជា ប្រព្រឹត្តសកម្មភាពល្មើសច្បាប់ ដែលនាំឲ្យខូចប្រយោជន៍របស់ប្រទេសចិន និងប្រជាជនចិនទេ»។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានឲ្យដឹងទៀតថា ចិននឹងបន្តការសហការ និងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធភាគីកម្ពុជា ប្រឆាំងដាច់ខាតសកម្មភាពល្មើសច្បាប់គ្រប់ប្រភេទ ដោះស្រាយរាល់បញ្ហាពាក់ព័ន្ធឲ្យបានសមរម្យ ការពារគុណប្រយោជន៍ស្របច្បាប់ និងត្រឹមត្រូវរបស់ប្រជាពលរដ្ឋចិន រក្សាការពារបរិយាកាស នៃកិច្ចសហប្រតិបត្តិដ៏ល្អប្រសើរ លើគ្រប់វិស័យរបស់ចិន និងកម្ពុជា និងថែរក្សាមិត្តភាពប្រពៃណីប្រជាជនចិន និងកម្ពុជាឲ្យបានស្ថិតស្ថេរ។
លោកបានប្តេជ្ញាចិត្តដោយសង្កត់ធ្ងន់ៗថា៖ «យើងប្រឆាំងដាច់ខាតចំពោះជនណា ដែលប្រមូលរៀបចំប្រជាជនចិនចេញទៅក្រៅប្រទេសក្នុងគោលបំណង ប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ ហើយប្រឆាំងកិច្ចវិវត្តន៍ក្នុងវិស័យល្បែងស៊ីសង ដែលផ្តោតចម្បងទៅលើប្រជាជនចិន និងអំពាវនាវដល់ប្រជាជនចិនទាំងឡាយ ដែលមកកាន់កម្ពុជារក្សាភាពត្រឹមត្រូវស្អាតបាទ ជៀសឆ្ងាយពីល្បែងស៊ីសង»។
រដ្ឋាភិបាលចិន បានទទួលស្គាល់ថា មានប្រជាពលរដ្ឋចិនមួយភាគធំសុទ្ធតែអាចធ្វើតាមបានយ៉ាងល្អ គោរពច្បាប់កម្ពុជា តែក៏មានបុគ្គលខ្វះការអប់រំមួយចំនួន ក៏បានប្រព្រឹត្តអំពើល្មើសច្បាប់ ប្រាកដមែនដោយអ្នកខ្លះលេងល្បែងខុសច្បាប់ ចាប់ជម្រិតទារលុយតាមទូរគមនាគមន៍ ខ្លះទៀតផឹកស្រាបង្កជម្លោះរំខានសន្តិសុខសណ្តាប់ធ្នាប់សង្គម ខ្លះទៀតមើលរំលងច្បាប់វិន័យចរាចរណ៍ បង្កគ្រាះថា្នក់ឲ្យរបួសគេផងដែរ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលចិន បានអំពាវនាវដល់ពលរដ្ឋចិន ដែលចេញក្រៅប្រទេសទាំងអស់ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវច្បាប់របស់ប្រទេសកម្ពុជា គោរពប្រពៃណីទំនៀមទម្លាប់ ប្រជាជនក្នុងតំបន់ និងប្រាស្រ័យទាក់ទងជាមួយពលរដ្ឋ ប្រទេសគេឲ្យបានល្អប្រសើរថែមទៀត៕