(ភ្នំពេញ)៖ តំណាងឲ្យរាជរដ្ឋាភិបាលចិន លោក ស្យុង បូ (លោក Xiong Bo) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោក បានប្រកាសថា វត្តមានរបស់ប្រជាជនចិន និងវិនិយោគិនចិននៅកម្ពុជា គឺដើម្បីជួយជំរុញនិងចូលរួមអភិវឌ្ឍន៍វិស័យសង្គមកិច្ច និងសេដ្ឋកិច្ចរបស់កម្ពុជា។
ការប្រកាសជំហរយ៉ាងច្បាស់បែបនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញនូវស្ថានភាពពិត ជាក់ស្តែងនៃកំណើន វិនិយោគិនចិន និងប្រជាជនចិននៅកម្ពុជានាពេលបច្ចុប្បន្ន និងដើម្បីឆ្លើយតបចំពោះមតិមួយចំនួនសម្តែងការព្រួយបារម្ភចំពោះការកើនឡើងអ្នកវិនិយោគនិងប្រជាជនចិននៅកម្ពុជា។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ចិននិងកម្ពុជាមានទំនាក់ទំនងមិត្តភាពជាលក្ខណៈប្រពៃណីតាំងពីយូរយារណាស់មកហើយ, ទំនាក់ទំនងចិននិងកម្ពុជា គឺជាទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ ដែលក្នុងនាមជាមហាសេដ្ឋកិច្ចធំទី២លើពិភពលោក ចិនក៏ជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជាផងដែរ។
លោកបានលើកឡើងថា សហគ្រាសចិនបានប្រើប្រាស់ឥណទានសម្បទានរបស់រដ្ឋាភិបាលចិន ធ្វើការសាងសង់ផ្លូវថ្នល់ជាង៣,០០០គីឡូម៉ែត្រ និងស្ពានធំៗចំនួន៧នៅកម្ពុជា ដែលស្ពានទី៨ នឹងចាប់បើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗនេះ ហើយគម្រោងសាងសងផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ ក៏នឹងចាប់ដំណើរការសាងសង់នាពេលមុខនេះទៀត។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានបញ្ជាក់ទៀតថា វិនិយោគទុនចិន និងបណ្តាលប្រទេសផ្សេងៗនៅកម្ពុជា កំពុងផ្លាស់ប្តូរមុខមាត់ទីក្រុង និងជនបទរបស់កម្ពុជា ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសមានកម្លាំងអភិវឌ្ឍន៍សេដ្ឋកិច្ចរស់រវើកជាងគេនៅក្នុងតំបន់អាស៊ី។
ដោយឡែកសម្រាប់បញ្ហាអគ្គិសនីវិញ ត្រូវបានលោកបញ្ជាក់ថា វារីអគ្គិសនីទាំង៨ កន្លែងដែលវិនិយោគសាងសង់ដោយក្រុមហ៊ុនចិន បានចូលរូមចំណែកដោះស្រាយកិច្ចអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា បំពេញនូវតម្រូវការអគ្គិសនីភាពច្រើនរបស់ប្រជាជនតាមទីក្រុង និងជនបទ។
ឯកអគ្គរដ្ឋទូតរូបនេះ បានគូសបញ្ជាក់បន្ថែមថា ក្រៅពីឥណទានសម្បទាន និងវិនិយោគទុនរបស់សហគ្រាស ភាគីចិនក៏បានប្រើប្រាស់ថវិកាជំនួយឥតសំណងជាច្រើន ជួយដល់ប្រជាពលរដ្ឋមានភាពចាំបាច់ ដើម្បីកែលម្អជីវភាពប្រជាជនថ្នាក់មូលដ្ឋានរបស់កម្ពុជា ហើយភាគីចិនក៏បានប្រើប្រាស់ថវិកាជំនួយឥតសំណងជួយដោះស្រាយបញ្ហា លំបាកធ្វើដំណើរ លំបាកប្រើប្រាស់ទឹកបរិភោគ និងលំបាករៀនសូត្រ។
ជុំវិញការព្រួយបារម្ភនៃការកើនឡើងអ្នកវិនិយោគ និងប្រជាជនចិននៅកម្ពុជានេះ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ នាយករដ្ឋមន្ដ្រីនៃកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រតិកម្មចំពោះការបង្ហាញពីក្ដីព្រួយបារម្ភចំពោះវត្តមានវិនិយោគិនចិន នៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ដ្រីថា ការហូរចូលនូវវិនិយោគិនចិន ដោយសារតែកម្ពុជា មិនទាន់ឆ្លើយតបចំពោះការវិវឌ្ឍរបស់ប្រទេស ដែលតម្រូវឲ្យកម្ពុជាត្រូវពេលវេលាបន្ថែមទៀត ដើម្បីបំពេញនូវកង្វះខាតមួយនេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ទាំងអស់គ្នាបានដឹងហើយ បានឃើញហើយ ក្នុងរយៈចុងក្រោយនេះបែរជានាំគ្នាភ័យព្រួយថា វត្តមាននៃអ្នកវិនិយោគគិនចិន ធ្វើឲ្យមានកង្វល់ ប៉ុន្ដែខ្ញុំចង់សួរថ នៅក្នុងពេលដែលមានការវិនិយោគដល់សន្ធឹកសន្ធាប់យ៉ាងដូច្នេះ ធនធានមនុស្សរបស់យើងគ្រាប់គ្រាន់ ដើម្បីដោះស្រាយឲ្យគេហើយឬនៅ ដោយសារដោះស្រាយមិនគ្រាប់ហ្នឹងហើយបានត្រូវមានវត្តមានរបស់គេចូលមក»៕