យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៧ ខែកុម្ភៈ៖ រកឃើញយានយន្ដល្មើសច្បាប់៦៥៦គ្រឿង និងផាកពិន័យ២០៣គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត៧៥៧គ្រឿង
07-02-2018 21:15
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៥,៥៩៣គ្រឿង រកឃើញល្មើសច្បាប់៦៥៦គ្រឿង (ម៉ូតូ៥៧ភាគរយ) អប់រំ៤៥៣គ្រឿង និងផាកពិន័យ២០៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី០៧ ខែកុម្ភៈនេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៧ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន១,៨៥៤គ្រឿង អប់រំ២៩៦គ្រឿង និងផាកពិន័យចំនួន១២៩គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៧៥៧គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែកុម្ភៈនេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ២៧,២២៨គ្រឿង រកឃើញយានយន្តល្មើស ៣,៥២៣គ្រឿង (ម៉ូតូ៧៤ភាគរយ) ក្នុងនោះអប់រំ ២,០៧៦គ្រឿង និងផាកពិន័យ១,៤៤៧គ្រឿង (ម៉ូតូ៨៥ភាគរយ)៕