(រតនគិរី)៖ សាខាកាកបាតក្រហមកម្ពុជាខេត្តរតនគីរី នៅរសៀលថ្ងៃពុធ ០៧ រោច ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ លោក គិត ទ្រី អនុប្រធានគណៈកម្មាធិការសាខា តំណាង លោក ថង សាវុន ប្រធានគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារជនរងគ្រោះដោយសារកែច្នៃផាវបោកយកត្រី ហើយផ្ទុះរងរបួសពេញខ្លួន។
ជនរងគ្រោះទាំង២នាក់នេះ រស់នៅភូមិតេនសុះ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
លោក គិត ទ្រី ក៏បានពាំនាំមកនូវប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយមនុស្សធម៌ដែលបានផ្តល់ជូនជនរងគ្រោះខាងលើនេះរួមមាន៖ អំណោយអភិបាលខេត្តរតនគិរី លោក ថង សាវុន ថវិកា ២០ម៉ឺនរៀល ក្នុង ០១គ្រួសារ។ សាខាកាកបាទក្រហមខេត្តរតនគិរី អង្ករ ៣០គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកា ១០ម៉ឺនរៀល ក្នុង ០១គ្រួសារ។
សូមរំលឹកថា កាលពីថ្ងៃទី០៤ កុម្ភៈ ឆ្នាំ២០១៨ មានពលរដ្ឋជាជនជាតិច្រាយ ០៣នាក់ បាននាំគ្នាយកផាវទៅច្នៃដើម្បីបោកយកត្រី តែជាអកុសលផាវបានផ្ទះបណ្តាលឲ្យរបួសខ្លួនឯងចំនួន ០២ នាក់ ដោយម្នាក់ដាច់ដៃ របួសពេញក្បាល និងខ្លួន ម្នាក់ទៀតរងរបួសពេញខ្លួន ចំណែកម្នាក់ទៀតនៅក្បាលទូកម្ខាងមិនមានរបួសឡើយ៕