(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក ស្យុង បូ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានប្រកាសច្រានចោលនូវព័ត៌មានដែលបានចោទប្រកាន់ថា ភាគច្រើននៃវិនិយោគិនចិន ដែលវិនិយោគនៅកម្ពុជា គឺជាការវិនិយោគដើម្បីលាងលុយកខ្វក់ប៉ុណ្ណោះ។ ប៉ុន្តែការលើកឡើងជាមតិអវិជ្ជមាននេះត្រូវបានលោក ស្យុង បូ អះអាងថា ការនិយាយបែបនេះគឺពួកលោកខាងលិច ដែលច្រណែនភាពរុងរឿងរបស់ចិន និងកម្ពុជា។
ការប្រកាសទាត់ចោលព័ត៌មានខាងលើនេះ ត្រូវបានលោក ស្យុង បូ ថ្លែងក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងនៅក្នុងស្ថានទូតចិនប្រចាំកម្ពុជា នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។
លោកឯកអគ្គរដ្ឋចិនបានថ្លែងថា លុយដែលចេញចូលប្រទេសចិន រដ្ឋាភិបាលបានដាក់ចេញនូវវិធានការណ៍យ៉ាងតឹងរឹងបំផុត ចំពោះថវិកាណាមួយដែលគ្រប់គ្រងដោយក្រុមហ៊ុនឯកជន ហើយវិធានការណ៍បានធ្វើឲ្យក្រុមហ៊ុនចិនមួយចំនួនរអ៊ូរទាំថា ច្បាប់នេះតឹងរឹងពេកចំពោះលុយចេញពីប្រទេសចិន មកកម្ពុជា ធ្វើឲ្យក្រុមហ៊ុនពួកគេបើកអាជីវកម្មនៅកម្ពុជាមានការយឺតយ៉ាវ។
លោកឯកអគ្គរដ្ឋទូតចិនថ្លែងយ៉ាងដូច្នេះថា៖ «ការលើកឡើងថា វិនិយោគិនរបស់ចិននៅកម្ពុជាមួយភាគធំ គឺសុទ្ធតែជាការលាងលុយនោះ គឺមិនពិតឡើយ ជាការលាបពណ៌ និងមួលបង្កាច់ ចំពោះវិនិយោគិនចិននៅកម្ពុជា។ មានសារព័ត៌មានមួយចំនួនតូចបានចុះផ្សាយថា វិនិយោគិនចិននៅកម្ពុជា ភាគច្រើនគឺដើម្បីលាងលុយនោះ ខ្ញុំចាប់អារម្មណ៍ថា ព័ត៌មានទាំងអស់នោះភាគច្រើន គឺមកពីប្រទេសប៉ែកខាងលិច ហើយជាការចុះផ្សាយព័ត៌មាននេះគឺមានគោលបំណងសំដៅរឿងនយោបាយ ដោយសារពួកមិនចង់មើលឃើញទំនាក់ទំនងចិន និងកម្ពុជាល្អប្រសើរ ដូចពេលបច្ចុប្បន្ន»។
យ៉ាងណាក៏ដោយលោកអគ្គរដ្ឋទូត បានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា មានចំណាត់ការយ៉ាងតឹងរឹងចំពោះលុយដែលចេញចូលមកកម្ពុជាផងដែរ ហើយភាគីចិនរីករាយ និងសហការ ជាមួយភាគីកម្ពុជា ពង្រឹងការត្រួតពិនិត្យលុយ ដែលចេញចូលកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព៕