(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដល់ស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពដំឡើងកម្រិតច្រកព្រំដែនកម្ពុជា-វៀតណាម នៅក្អមសំណខាងកើត និងច្រកជ្រៃធំ នៅក្នុងខេត្តកណ្តាល ទៅជាច្រកអន្តរជាតិ ដើម្បីសម្រួលដល់ការធ្វើនាវាចរណ៍ដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ។
លោក ស៊ុន ចាន់ថុល ដែលមានតួនាទីជាប្រធានគណៈកម្មាធិការសម្របសម្រួលនាវាចរណ៍មេគង្គកម្ពុជាដែរនោះ បានលើកឡើងដូច្នេះក្នុងពេលដឹកនាំកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការសម្របសម្រួលនាវាចរណ៍មេគង្គកម្ពុជា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញនេះ។
ក្នុងកិច្ចប្រជុំដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន សមាជិកសមាជិកាគណៈកម្មាធិការ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានាផងដែរនោះ បានពិភាក្សាផ្តោតជាសំខាន់លើការកែសម្រួលសមាសភាពគណៈកម្មាធិការ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលនាវចរណ៍មេគង្គកម្ពុជា លទ្ធផលនៃកិច្ចប្រជុំទ្វេភាគីកម្ពុជានិងវៀតណាម កាលពីខែមេសា ឆ្នាំ២០១៧ បញ្ហាលំបាកក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ និងការបង្កើតគណៈកម្មការ និងក្រុមការងារសម្របសម្រួលអនុវត្តកិច្ចព្រមព្រៀង៕