(ភ្នំពេញ)៖ នៅថ្ងៃនេះពោលមុនមួយថ្ងៃនៃការដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយនៅខេត្តកំពត ដែលបានវិនិយោគជាមួយទឹកប្រាក់ រហូតដល់២៦២លានដុល្លារ សហរដ្ឋអាមេរិករបស់ក្រុមហ៊ុន ជីបម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន (CMIC) ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយ អគ្គិសនីកម្ពុជាសូមបង្ហាញពីកត្តាលីករគន្លឹះមួយក្នុងការជួយបង្កើតរោងចក្រស៊ីម៉ងត៍នៅកម្ពុជាសរុបចំនួន៤ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ននេះ ដោយបានចំណាយថវិកាជិត៥០លានដុល្លារ ធ្វើការវិនិយោគខ្សែបណ្តាញ និងអនុស្ថានីយអគ្គិសនីជាជំហានៗដូចខាងក្រោម៖
ជំហានទី១៖ ការវិនិយោគសាងសង់ខ្សែបញ្ជូន ២៣០គីឡូវ៉ុល តាកែវ-កំពត និងអនុស្ថានីយកំពត ចំណាយ អស់ថវិកាជាង២១លានដុល្លារអាមេរិក ដាក់ឲ្យដំណើរការនៅឆ្នាំ២០១១ ផ្គត់ផ្គង់អគ្គិសនី ដល់រោងចក្រស៊ីម៉ងត៍កម្ពុជាចក្រីទីង។
ជំហានទី២៖ ការវិនិយោគសាងសង់អនុស្ថានីយឈូក (ស្ថិតនៅក្នុងឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត) ២៣០ kV /១១៥ kV និងខ្សែបញ្ជូន ១១៥ KV ប្រវែង១៣ km ទៅអនុស្ថានីយបន្ទាយមាស ចំណាយអស់ទឹកប្រាក់ប្រមាណ ១៥ លានដុល្លារអាមេរិក ដាក់ឲ្យដំណើរការនៅដើមឆ្នាំ ២០១៥ សម្រាប់ផ្គត់ផ្គង់អគ្គិសនីដល់រោងចក្រស៊ីម៉ងត៍កំពត។
ជំហានទី៣៖ ការវិនិយោគសាងសង់ខ្សែបញ្ជូន ១១៥ kV ប្រវែង ៦,៥ km និងពង្រីកបន្ថែមទ្វារចរន្តតង់ស្យុងខ្ពស់នៅអនុស្ថានីយបន្ទាយមាស ប្រើប្រាស់ទុនវិនិយោគប្រាក់ប្រមាណ៣លាន ដុល្លារអាមេរិក ដើម្បីផ្គត់ផ្គង់ដល់រោងចក្រស៊ីម៉ងត៍ជីបម៉ុង (CMIC)។
ជំហានទី៤៖ ការវិនិយោគសម្រាប់រោងចក្រស៊ីម៉ង់ត៏ នៅខេត្តបាត់ដំបង សាងសង់ខ្សែបញ្ជូន ១១៥ KV ប្រវែង ៣៨ Km ពីអនុស្ថានីយបាត់ដំបង ទៅអនុស្ថានីយរតនៈមណ្ឌល ចំណាយអស់ថវិកាប្រមាណ៨លានដុល្លាអាមេរិក ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនីដល់រោងចក្រស៊ីម៉ងត៍ បាត់ដំបង Conch ដែលគ្រោងនឹងដាក់ឲ្យដំណើរការនៅដើមឆ្នាំ២០១៨នេះ។
ជំហានទី៥ខាងមុខ៖ វិនិយោគបន្ថែមដើម្បីបង្កើនស្ថិរភាព នៃការផ្គត់ផ្គង់អគ្គិសនីទៅរោងចក្រស៊ីម៉ង់ត៏ធំៗទាំងបីក្នុង ខេត្តកំពត ដែលមានសារៈសំខាន់ដល់សេដ្ឋកិច្ចជាតិ ដោយអគ្គិសនីកម្ពុជា គ្រោងសាងសង់ខ្សែបញ្ជូន ១១៥ KV ១សៀគ្វី ទៀត ពីអនុស្ថានីយជីបម៉ុង ឆ្លងកាត់ខេត្តកែប មកកាន់អនុ-ស្ថានីយកំពត មានប្រវែង៤៥Km ធ្វើឲ្យបណ្តាញមានលក្ខណៈជាកង ដើម្បី ប្រទាក់ក្រឡា ទៅជាពីរប្រភពអគ្គិសនីផ្សេងគ្នា អាចពង្រឹងស្ថិរភាពបានវែងឆ្ងាយ និងពង្រីកសមត្ថភាព ផ្គត់ផ្គង់ពីប្រមាណ៨០MW ពេលបច្ចុប្បន្នឲ្យដល់ប្រមាណ ១៥០ MW ដែលគ្រោងក្នុង ទឹកប្រាក់វិនិយោគរបស់អគ្គិសនីកម្ពុជាចំនួន ២២លានដុល្លារអាមេរិកបន្ថែម។
បច្ចុប្បន្នរោងចក្រស៊ីម៉ងត៍ជីបម៉ុង ប្រើប្រាស់អគ្គិសនី ១៥ MW ស្មើនឹង ១% ចំណែកឯរោងចក្រស៊ីម៉ងត៍កំពត ប្រើប្រាស់ ៣០ MW ស្មើនឹង ២% នៃថាមពលប្រើប្រាស់ទូទាំងប្រទេស។
អត្ថប្រយោជន៍នៃការបង្កើតរោងចក្រស៊ីម៉ងត៍ក្នុងកម្ពុជា៖
* រោងចក្រស៊ីម៉ងត៍ជីបម៉ុង ផលិតស៊ីម៉ងត៍បាន ១,៧លានតោន ក្នុង១ឆ្នាំ និងផ្តល់ការងារដោយផ្ទាល់ដល់បុគ្គលិកខ្មែរចំនួន៤០០នាក់ និងមិនផ្ទាល់ចំនួន២០០នាក់ តាមរយៈសេវាបំពេញបន្ថែមផ្សេងៗ។
* រោងចក្រស៊ីម៉ង់កំពត ផលិតស៊ីម៉ងត៍បាន ២លានតោន ក្នុង១ឆ្នាំ ផ្តល់ការងារដោយផ្ទាល់ដល់បុគ្គលិក ខ្មែរចំនួន៤៥០នាក់ និងមិនផ្ទាល់ចំនួន១០០០នាក់ តាមរយៈសេវាបំពេញបន្ថែមផ្សេងៗ។
* រោងចក្រស៊ីម៉ងត៍កម្ពុជាចក្រីទីង ផលិតស៊ីម៉ងត៍បាន១លានតោន ក្នុង១ឆ្នាំ ផ្តល់ការងារដោយផ្ទាល់ដល់បុគ្គលិកខ្មែរចំនួន ៣៨៧នាក់ និងមិនផ្ទាល់ចំនួន២០០នាក់ តាមរយៈសេវា បំពេញបន្ថែមផ្សេងៗ។
* រោងចក្រស៊ីម៉ងត៍បាត់ដំបង Conch អាចផលិតស៊ីម៉ងត៍បាន២លានតោន ក្នុង១ឆ្នាំ ផ្តល់ការងារដោយផ្ទាល់ដល់បុគ្គលិកខ្មែរចំនួន៤០០នាក់ និងមិនផ្ទាល់ចំនួន២០០នាក់ តាមរយៈសេវា បំពេញបន្ថែមផ្សេងៗ។
ការផលិតស៊ីម៉ងត៍ក្នុងស្រុកមិនត្រឹមតែបង្កើតការងារដល់យុវជនខ្មែរប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យការនាំចូលស៊ីម៉ងត៍ ពីបរទេសមានការធ្លាក់ចុះមកនូវត្រឹមមិនដល់១លានតោនក្នុងមួយឆ្នាំៗ។ នេះជាផលចំណេញដ៏ធំសម្រាប់ជាតិខ្មែរ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕