(ព្រះសីហនុ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំបន្ថែមដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ពិសេសខេត្តជាប់សមុទ្រ ត្រូវពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធចំពោះប្រតិបត្តិករទេសចរណ៍ និងវិនិយោគិនទេសចរណ៍ បើម្ចាស់អាជីវកម្មទេសចរណ៍ណាបើកអាជីវកម្មគ្មានអាជ្ញាបណ្ណ ត្រូវចាត់វិធានការឲ្យបានតឹងរឹងតាមច្បាប់។
ការណែនាំរបស់លោករដ្ឋមន្ត្រី ថោង ខុន លើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធដល់ប្រតិបត្តិករទេសចរណ៍ វិនិយោគិនទេសចរណ៍ នៅរមណីយដ្ឋានឆ្នេរសុខា ខេត្តព្រះសីហនុ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោករដ្ឋមន្ត្រី ថោង ខុន លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងលោក លី អាន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។
លោកអភិបាលខេត្ត យន្ត មីន បានឲ្យដឹងថា បច្ចុប្បន្ន ខេត្តព្រះសីហនុមានសណ្ឋាគារចំនួន៦៩ ផ្ទះសំណាក់៣១៩ ភោជនីយដ្ឋាន និងអាហារដ្ឋាន២៥១ ម៉ាស្សា៤២ ឌីស្កូតែក៥ ខារ៉ាអូខេ១២ ដឹកជញ្ជូនផ្លូវទឹក៤០ និងទីភ្នាក់ងារទេសចរណ៍៣១ក្រុមហ៊ុន។ ទន្ទឹងនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរ រមណីយដ្ឋានទេសចរណ៍ អាជីវកម្ម និងសេវាកម្មទេសចរណ៍ថ្មីៗ បានធ្វើឲ្យខេត្តព្រះសីហនុជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ហើយត្រូវបានដោះស្រាយជាបន្តបន្ទាប់ផងដែរ។
លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងនូវបញ្ហាមួយចំនួនថា ម្ចាស់អាជីវកម្មសណ្ឋាគាារមួយចំនួន ពេលមានអាជ្ញាបណ្ណកកាស៊ុណូ បែរជាលែងមកសុំអាជ្ញាបណ្ណសណ្ឋាគារ ដែលនេះជាអំពើខុសច្បាប់. បើដូច្នេះមន្ទីរទេសចរណ៍ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះណែនាំដល់ពួកគេឲ្យមកសុំអាជ្ញាបណ្ណសណ្ឋាគារ។ តែបើពួកគេមិនព្រមមកសុំអាជ្ញាបណ្ណទេ តាមនីតិវិធីត្រូវតែទទួលការផាកពិន័យតាមច្បាប់ ហើយបើពួកគេនៅតែមិនព្រមទៅបង់ការផាកពិន័យទៀត ត្រូវតែផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន។ ចំពោះអាជីវកម្មកាស៊ីណូ ក្រោយបានទទួលការអនុញញាត្តិពី រាជរដ្ឋាភិបាល ត្រូវទៅម្ចត្រូវទៅសុំអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានជំរុញឲ្យប្រតិបត្តិករ និងវិនិយោគិនទេសចរណ៍ ជាពិសេសម្ចាស់ទីតាំង ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ ត្រូវពង្រឹងការយកចិត្តទុកដាក់អនុវត្តឲ្យបានហ្មត់ចត់ តាមស្មារតីនៃបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងប្រតិបត្តិករទេសចរណ៍ និងវិនិយោគិនទេសចរណ៍ជាធរមាន ដើម្បីឆ្លើយតបក្នុងការបង្ការ ទប់ស្កាត់បទល្មើសនានា។
លោករដ្ឋមន្ត្រី ថោង ខុន បានបន្ថែមថា ការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធចំពោះប្រតិបត្តិករទេសចរណ៍ និងវិនិយោគិនទេសចរណ៍នេះ គឺដើម្បីឆ្លើយតបនឹងកំណើនទេសចរជាតិ-អន្តរជាតិ ដែលកំពុងកើនឡើងជារៀងរាល់ឆ្នាំ ដោយនៅឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៥.៦លាននាក់ កើនឡើង ១២%។ តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិយ៉ាងតិច ៧លាននាក់ ក្នុងនោះតំបន់ឆ្នេរសមុទ្រនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ២លាននាក់ និងទេសចរជាតិប្រមាណ ៤លាននាក់។
នៅឆ្នាំ២០១៧ ខេត្តព្រះសីហនុទទួលបានទេសចរជាតិជាង ១លាននាក់ និងទេសចរអន្តរជាតិប្រមាណ ៤៧ម៉ឺននាក់ កើនឡើង ១៦% ក្នុងនោះទេសចរចិនមានចំនួន ១២ម៉ឺននាក់ កើនឡើង ១២៦% ស្ថិតក្នុងលំដាប់ទី១ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេគំរូពហុបំណង ខណៈដែលឆ្នេរសមុទ្រកម្ពុជាត្រូវបានពិភពលោកទទួលស្គាល់ជា «ឆ្នេរសមុទ្រស្អាតជាងគេបំផុតលើសកលលោក» និងប្រសិទ្ធនាមជា «តារារះនាទិសនិរតី»៕