(សៀមរាប)៖ ប្រជាពលរដ្ឋចំនួន៤គ្រួសារ ដែលមានគ្នាប្រមាណ៣០នាក់ តំណាងឲ្យសមាជិករបស់ខ្លួនប្រហែល១០០នាក់ ដែលកំពុងមានវិវាទដីធ្លីជាង២ហិកតាជាមួយ លោកឧកញ៉ា ង៉ោ ស្រ៊ុន ព័ទ្ធរបងរំលោភយកចាប់តាំងពីខែមីនា ឆ្នាំ២០១៦ បាននាំគ្នាមកដល់សាលាឃុំកណ្ដែក ស្រុកប្រាសាទបាគង ដើម្បីសុំអន្តរាគមន៍ពីអាជ្ញាធរជូនពួកគាត់ ឲ្យបានទទួលសិទ្ធិគ្រប់គ្រងដីធ្លី និងប្រើប្រាស់ជាកម្មសិទ្ធិរបស់ពួកគាត់ ជាពិសេសស្នើសុំការអន្តរាគមន៍ ពីសម្ដេចនាយករដ្ឋមន្ត្រីតែម្ដង បន្ទាប់ពីពួកគាត់បានព្យាយាមដាក់ពាក្យស្វែងរកអន្តរាគមន៍ អស់រយៈពេលជិត៣ឆ្នាំហើយ មិនទទួលបានលទ្ធផល។
នៅព្រឹកថ្ងៃសុក្រ និងរហូតដល់ថ្ងៃសៅរ៍ នាសប្ដាហ៍កន្លងទៅនេះ ប្រជាពលរដ្ឋទាំង៤គ្រួសារ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ស្នើសុំឲ្យជួយចុះផ្សាយអត្ថបទសុំការអន្តរាគមន៍ពី សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បន្ទាប់ពីវត្តមានរបស់ក្រុមការងារក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដឹកនាំដោយ លោក លឹម ហោ ទីប្រឹក្សាក្រសួងបានចុះមកដោះស្រាយវិវាទដីធ្លី កាលពីថ្ងៃព្រហស្បត៍ និង ថ្ងៃសុក្រ ទី០១-០២ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ តាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋដែលមាន ឈ្មោះ ថាប់ សែម អាយុ ៧៨ឆ្នាំ នៅភូមិ គោកត្នោត, សឿន រិច អាយុ ៧៤ឆ្នាំ នៅភូមិឃុនមោឃ, សុខ សែត អាយុ ៦៥ឆ្នាំ នៅភូមិត្រពាំងទឹម, និងឈ្មោះ ប៉ាន់ ចាន់ដារ៉ា អាយុ ៤៥ឆ្នាំ នៅភូមិត្រាំង ឃុំកណ្ដែក។ ពួកគាត់ទាំង៤នាក់តំណាងឲ្យ៤គ្រួសារ បានដាក់សំណើទៅក្រសួងដើម្បីចាត់មន្ត្រីចុះមកដោះស្រាយរកយុត្តិធម៌ ដោយសារឧកញ៉ាង៉ោ ស្រ៊ុន រំលោភយកដីដែលជាកម្មសិទ្ធិស្របច្បាប់ របស់ពួកគាត់ស្ថិតនៅភូមិត្រាង និងភូមិឃុនមោឃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប តាំងពីខែមីនា ឆ្នាំ២០១៦មកនោះ។
ពួកគាត់ទាំង៤គ្រួសារ ជាដើមបណ្ដឹង បានបញ្ជាក់ថា បន្ទាប់ពីបានជួបក្រុមការងារដោះស្រាយវិវាទ របស់ក្រសួងរៀបចំដែនដីដែលដឹកនាំដោយ លោក លឹម ហោ កាលពីថ្ងៃទី០១-០២ កុម្ភៈ នៅឯទីតាំងដីមាន ទំនាស់ និងនៅសាលាឃុំកណ្ដែករួចមក ពួកគាត់ថាក្រុមការងារ មិនបានមកដោះស្រាយជូនពួកគាត់ឲ្យបានត្រឹមត្រូវ និងយុត្តិធម៌នោះទេ ប៉ុន្តែផ្ទុយទៅវិញ លោក លឹម ហោ បានបំពាននីតិវិធីរដ្ឋបាលយ៉ាងធ្ងន់ធ្ងរ គឺចុះមកដោះស្រាយវិវាទ ដោយមិនបានជូនដំណឹងដល់ពួកគាត់ និងមេធាវីតំណាងរបស់ពួយគាត់ជាមុននោះទេ។ ហើយកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ពេលដែលក្រុមការងារ ចុះទៅសាកសួរ និងទៅចង្អុលទីតាំងដីរបស់ពួកគាត់ លោកលឹម ហោ និងក្រុមការងាររបស់គាត់ គឺបានដាក់សម្ពាធគាបសង្កត់មកកាន់ពួក គាត់ដែលជាជនរងគ្រោះទៅវិញ។
នៅពេលដែលពួកគាត់ឆ្លើយប្រាប់ពីដីធ្លីរបស់ពួកគាត់ គឺមានប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ អចលនវត្ថុ និងមួយចំនួនទៀត មានលិខិតកាន់កាប់ទទួលស្គាល់ដោយរដ្ឋអំណាច ភូមិ/ឃុំ តែឈ្មោះ ង៉ោ ស្រ៊ុន រំលោភយកទាំងដីរបស់ពួក គាត់ និងដីផ្លូវបុរាណ យកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ខ្លួនទៅវិញ។
ប្រជាពលរដ្ឋបន្តលើកឡើងថា ក្រុមការងារដែលដឹកនាំដោយលោកលឹម ហោ គឺមិនបានសិក្សាឲ្យបានច្បាស់លាស់ លើសំណុំរឿងព្រមទាំងមិនបានសាកសួរសាក្សី និងអាជ្ញាធរនៅមូលដ្ឋានឲ្យបានគ្រប់ជ្រុងជ្រោយទេ បែរជាព្យាយាមបញ្ចុះបញ្ចូល និងបានគំរាមឲ្យពួកគាត់លក់ដីឲ្យឧកញ៉ាង៉ោ ស្រ៊ុន ក្នុងតម្លៃថោកៗ ឬដោះស្រាយដីឲ្យពួកគាត់តែពាក់កណ្ដាល ប៉ុណ្ណោះ ហើយថែមទាំងឲ្យពួកគាត់ទិញដីផ្លូវរទេះ(ផ្លូវហ្លូង)ពីឧកញ៉ាង៉ោ ស៊្រុន ដែលជាអ្នករំលោភបិទយកដីផ្លូវសាធារណៈទៅវិញ។ ហើយពួកគាត់ជាប្រជាពលរដ្ឋ បានដឹងយ៉ាងច្បាស់ថា កន្លងទៅបុគ្គលឈ្មោះ ង៉ោ ស្រ៊ុន ធ្លាប់មានទំនាក់ទំនងជាមួយ លោក លឹម ហោ ផងដែរ ទើប ការចុះមកដោះស្រាយដីវិវាទនាពេលនេះ គឺមានភាពលំអៀង។
ដូច្នេះ តាមរយៈលោកមេធាវីរបស់ពួកគាត់ ក៏បានរៀបចំដាក់ពាក្យស្នើសុំ ផ្លាស់ប្ដូរសមាសភាពក្រុមការងារនេះ ដែលមាន លោក លឹម ហោ ជាប្រធានក្រុម ហើយនឹងដាក់ពាក្យជូន ទៅលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីក្នុងករណីនេះផងដែរ។ ពួកគាត់បន្ថែមថា កន្លងទៅក្នុងដីកាបញ្ជូនរបស់ខុទ្ទកាល័យ សម្ដេចនាយករដ្ឋមន្ត្រី លេខៈ ១៨៤៩ ខន/០១៧ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ជូនទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី មេត្តាពិនិត្យករណីនេះ តាមការគួរ ដោយយោង តាមប្រភពសំណើ នៃលិខិតចុះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់ប្រជាពលរដ្ឋទាំង ៤គ្រួសារ និងមេធាវីតំណាង គោរពជូន សម្ដេចនាយករដ្ឋមន្ត្រី ស្នើសុំអន្តរាគមន៍ ទៅក្រសួងរៀបចំដែនដី ដើម្បីជួយដោះស្រាយ និងរកយុត្តិធម៌ជូនប្រជាជលរដ្ឋទាំង ៤គ្រួសារ ដែលទទួលរងគ្រោះដោយការ រំលោភបំពានយកដីដែលជាកម្មសិទ្ធិស្របច្បាប់របស់ពួកគាត់ យកទៅធ្វើជាកម្មសិទ្ធិផ្ដាច់មុខរបស់បុគ្គលមានអំណាច ឈ្មោះ ង៉ោ ស្រ៊ុន ស្ថិតនៅ ភូមិ/ឃុំខាងលើ ដែលមេធាវី និងកូនក្ដីរបស់គាត់បានដាក់ពាក្យបណ្ដឹង គោរពចូលមកអភិបាលខេត្តសៀមរាប ចាប់ពីថ្ងៃទី៣១ ខែមីនា និងថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៦កន្លងទៅ រហូតដល់ពេលនេះ គឺមានរយៈពេលជិត ៣ឆ្នាំហើយ មិនទាន់មានដំណោះស្រាយនៅឡើយ ។
ចំណែកឯក្នុងដីកាបញ្ជូនរបស់ ខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រី លេខៈ ១៩៤៩ ខន/០១៧ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ជូននាយកខុទ្ទកាល័យ សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងដាក់ជូន សម្ដេចក្រឡាហោមមេត្តាពិនិត្យករណីនេះ តាមការគួរគឺក្នុងកំណត់បង្ហាញរបស់ ខុទ្ទកាល័យសម្ដេចក្រឡាហោមចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ គឺសម្ដេច បានឯកភាពដើម្បីអន្តរាគមន៍ ទៅអភិបាលខេត្ត សៀមរាបដោះស្រាយបណ្ដឹងពាក់ព័ន្ធដីធ្លី របស់ពួកគាត់៤គ្រួសារនេះផងដែរ ។
រីឯការដាក់ពាក្យសុំអន្តរាគមន៍ពីរដ្ឋបាលខេត្តសៀមរាប គឺនៅ ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ រដ្ឋបាលខេត្ត បានចេញលិខិតបង្គាប់ការរបស់អភិបាលខេត្ត ត្រូវបានចាត់សមាសភាពក្រុមការងារ ដើម្បីចុះ ពិនិត្យវាស់វែងទីតាំងដីទំនាស់រវាងឈ្មោះង៉ោ ស្រ៊ុន ជាមួយប្រជាពលរដ្ឋទាំង៤គ្រួសារខាងលើនេះ។ តែរហូតមកដល់ពេលនេះ ក្រុមការងារ របស់ខេត្តមិនទាន់បានដោះស្រាយ និងរកយុត្តិធម៌ជូនពួកគាត់នៅឡើយដែរ។ ហើយកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ រដ្ឋបាលខេត្ត ធ្លាប់ បានជម្រាបទៅឈ្មោះ ង៉ោ ស្រ៊ុន ក្នុងការសហការផ្ដល់ឯកសារច្បាប់ដើម នៃការកាន់កាប់ដីធ្លីប្លង់បង្ហាញទីតាំងដីទំនាស់ និងបញ្ឈប់ការឈូសឆាយ សាងសង់និងរុះរើសំណង់គ្រប់ប្រភេទលើដីទំនាស់នោះ តែឈ្មោះ ង៉ោ ស៊្រុន មិនបានគោរព និងអនុវត្តតាមនោះទេ ។
ប្រជាពលរដ្ឋបានរំលឹកថា កាលពីកំឡុងខែសីហា ឆ្នាំ២០១៧ ប្រជាពលរដ្ឋ និងអាជ្ញាធរភូមិ/ឃុំ បានដាក់សំណើជូនអភិបាលខេត្ត សៀមរាប ក្នុងការជួយបើកផ្លូវចំនួន ៥ខ្សែ ដែលជាផ្លូវបុរាណនៅភូមិ/ឃុំខាងលើនេះ ក្នុងនោះផ្លូវ៣ខ្សែដែលឈ្មោះង៉ោ ស្រ៊ុន បានរំលោភ ហ៊ុព័ទ្ធរបងបិទផ្លូវយកជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ មិនទាន់ត្រូវបានដោះស្រាយនៅឡើយដែរ។ ចំណែកឯ២ខ្សែទៀត ត្រូវបានអាជ្ញាធរ ប្រជាពលរដ្ឋ និងតំណាងភាគីម្ចាស់ដីរបស់លោកឧកញ៉ា ខូវ ផល្លាបុត្រ សម្របសម្រួលនិងដោះស្រាយបើកផ្លូវនោះ ជូនប្រជាពលរដ្ឋប្រើ ប្រាស់វិញហើយ។
អាស្រ័យហេតុនេះ ពួកគាត់ជាអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បន្តស្នើសុំទៅអភិបាលខេត្ត មេត្តាជួយបើកផ្លូវទាំង៣ខ្សែ ដែលឈ្មោះង៉ោ ស្រ៊ុន បានរំលោភយកនោះ ផ្ដល់ឲ្យប្រជាពលរដ្ឋ បានធ្វើដំណើរចេញចូលឆ្លងកាត់ឡើងវិញ។ ដោយការទន្ទឹងរងចាំនូវដំណោះស្រាយពីសំណាក់អាជ្ញាធរមានសត្ថកិច្ច ក្រសួង ស្ថាប័នពាក់ព័ន្ធ រហូតដល់ដើមខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅមិន ទាន់មានការដោះស្រាយ និងរកយុត្តិធម៌ ជូនពួកគាត់នោះ ហើយពួកគាត់ជាប្រជាពលរដ្ឋ ខ្វះដីធ្លីក្នុងការបង្ករបង្កើនផល និងប្រើប្រាស់សម្រាប់ លើកកម្ពស់ជីវភាពគ្រួសារ ទើបពួកគាត់ទាំងអស់គ្នា បានលើកដៃសុំក្ដីមេត្តា និងកិច្ចអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាជួយផ្ដល់យុត្តិធម៌ ជូនពួកគាត់ឲ្យបានទទួលសិទ្ធិគ្រប់គ្រងដីធ្លី និងប្រើប្រាស់ជាកម្មសិទ្ធិរបស់ពួកគាត់តទៅ៕