(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ថវិកាឧបត្ថម្ភចំនួន ២០លានរៀល ដល់អង្គការគ្រួសារថ្មី និង ២០លានរៀលទៀត ដល់អង្គការសង្គ្រោះជនអស់សង្ឃឹម សម្រាប់ឆ្នាំ ២០១៨នេះ ។

នៅក្នុងពិធីប្រគល់ថវិកានោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាអាណិត ស្រឡាញ់ មេត្តា ករុណា ដ៏ជ្រាលជ្រៅ ចំពោះលោកយាយចៅៗ និងក្មួយៗទាំងអស់ដែលកំពុងស្នាក់នៅ និងទទួលការអប់រំ បណ្តុះបណ្តាល នៅក្នុងអង្គការ ទាំងពីរ ព្រមទាំងបានលើកទឹកចិត្តដល់ចៅៗ ក្មួយៗ ត្រូវខិតខំរៀនសូត្រដើម្បីអនាគតភ្លឺស្វាង និងជាសសរទ្រូងប្រទេសជាតិទៅថ្ងៃអនាគត។ ជាមួយគ្នានេះ លោកស្រី អគ្គលេខាធិការក៏បានកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក របស់អង្គការទាំងពីរ ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តាមរយៈ ជួយឱ្យកុមារពិការគ-ថ្លង់ អាចអភិវឌ្ឍខ្លួនបានល្អប្រសើរឡើង និងជួយដល់កុមារកំព្រា ចាស់ឥតទីពឹង អ្នករស់នៅជាមួយមេរោគអេដស៍ បានរស់រានក្នុងភាពថ្លៃថ្នូរ ក្នុងសង្គមជាតិមួយ ដែលមានសន្តិភាពពេញលេញ ស្ថិរភាពនយោបាត និងមានការអភិវឌ្ឍ។

តំណាងអង្គការទាំងពីរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់ជ្រុងជ្រោយ រាល់បញ្ហាដែលប្រជាពលរដ្ឋងាយរងគ្រោះកំពុងជួបប្រទះ ពិសេស ផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ចាស់ជរាគ្មានទីពឹង កុមារពិការគ-ថ្លង់ កុមារកំព្រា ស្ដី្រមេម៉ាយ និងអ្នករស់នៅជាមួយមេរោគអេដស៍។ល។ បន្ថែមពីលើការឧបត្ថម្ភថវិកាប្រចាំឆ្នាំនេះ នៅមានការឧបត្ថម្ភជាស្បៀង និងអាហារជួបជុំសាមគ្គី ដើម្បីបង្កភាពកក់ក្កៅដល់ ចាស់ៗគ្មានទីពឹង ក្មួយៗកុមារ និងបុគ្គលិកអង្គការទៀតផង។

សូមរំលឹកដែរថា នេះជាលើកទី១០ ហើយដែលកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់អង្គការគ្រួសារថ្មី និងជាលើកទី១១ សម្រាប់អង្គការសង្គ្រោះជនអស់សង្ឃឹម៕