(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ សម្រាប់ទិសដៅការងារឆ្នាំ ២០១៨ នេះ កំពុងចាប់ផ្ដើមរៀបចំឯកសារ ប្រសាទកោះកេរ និងប្រសាទបន្ទាយឆ្មារ ដាក់ស្នើសុំ ផ្ញើរទៅអង្គការយូនីស្កូរ ដើម្បីដាក់ជាបញ្ជីបេតិកភណ្ឌពិភពលោក នៅពេលដែលរៀបចំឯកសារគ្រប់គ្រាន់ យើងនឹងបញ្ចូនទៅអង្គការយូនីស្កូរ។ បច្ចុប្បន្ននេះ ក្រសួងបានរៀបចំឯកសារ ល្ខោនខោល និង ក្បាច់ល្បុក្កតោ បញ្ចូនទៅអង្គការយូនីស្កូររួចហើយ ហើយក៏កំពុងតែរៀបចំខាងតម្បាញសូត្រ និងកំពុងទាក់ទងទៅបណ្ដារក្រៅប្រទេស ដើម្បីពាំនាំ និងស្វែងរក យកវត្ថុបុរាណ មកកាន់ដែនដីកម្ពុជាវិញ។
ការប្រកាសបែបនេះ ត្រូវបានធ្វើឡើង ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ របស់ខ្លួន ប្រចាំឆ្នាំ ២០១៧ និង លើកទិសដៅការងារសម្រាប់ ឆ្នាំ ២០១៨ ដែលមានរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៧ និងទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលសន្និសីទចតុមុខ ដោយមានការចូលរួម ពីសំណាក់មន្រ្ដីពាក់ព័ន្ធ ជាពិសេសក្រោមអធីបតីភាពរបស់ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោកស្រី ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានថ្លែងថា «ទិសដៅសម្រាប់ឆ្នាំ ២០១៧ ក្រសួង បានសម្រេចជោគជ័យ ចុះបញ្ជី ប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោក។ ដោយឡែក សម្រាប់ទិសដៅឆ្នាំ ២០១៨ នេះ គឺយើងបានចាប់ផ្ដើមរៀបចំឯកសារ នៃកោះកេរ និង បន្ទាយឆ្មារ ដាក់ស្នើសុំ ផ្ញើរទៅអង្គការយូនីស្កូរ ដើម្បីដាក់ជាបញ្ជីបេតិកភណ្ឌ នៅពេលដែលរៀបចំឯកសារគ្រប់គ្រាន់ យើងនឹងបញ្ចូនទៅអង្គការយូនីស្កូរ។ បច្ចុប្បន្ននេះ យើងបានរៀបចំឯកសារ ល្ខោនខោល និង ក្បាច់ល្បុក្កតោ បញ្ចូនទៅអង្គការយូនីស្កូររួចហើយ ហើយក៏កំពុងតែរៀបចំខាងតម្បាញសូត្រ និងកំពុងទាក់ទងទៅបណ្ដារក្រៅប្រទេស ដើម្បីពាំនាំ និងស្វែងរក យកវត្ថុបុរាណ មកកាន់ដែនដីកម្ពុជាវិញ ផងដែរ»។
លោកស្រីបន្តថា «សន្និបាតបូកសរុបលទ្ធផល ការងារវប្បធម៌ និង វិចិត្រសិល្បៈ ធ្វើឡើងជារៀងរាល់ឆ្នាំ ហើយជាឱកាស ដើម្បីឲ្យអង្គភាពពាក់ព័ន្ធ នឹងក្រសួងវប្បធម៌ អាចលើកឡើងពីបទពិសោធន៍ លើកឡើងពីភាពលំបាក និងភាពងាយស្រួល ក្នុងការអនុវត្តន៍គោលនយោបាយ ដែលនៅតាមអង្គភាពកណ្ដាលក្ដី ឬតាមបណ្ដាខេត្តនានាក្ដី ផែនការសកម្មភាព ដែលបានលើកឡើងនៅឆ្នាំ ២០១៧ នេះ ក្រសួងបានសម្រេចជោគជ័យ៩០ភាគរយ នៃផែនការ ដូច្នេះមានប្រសិទ្ធភាពរវាងការងារ ដែលជាគម្រោង ក៏ដូចជាសកម្មភាព ដែលយើងបានធ្វើកន្លងមកហើយ។ ទិសដៅការងារ នៃឆ្នាំ ២០១៨ ក្រសួងវប្បធម៌ មានទិសដៅធំមួយ គឺ ថែរក្សាសម្បត្តិវប្បធម៌ និងបេតិកភណ្ឌរូបិយ និងអរូបិយ រួមបញ្ចូលទាំងប្រាសាទបុរាណខ្មែរ ដែលជាកេរ្តិ៍មរតក ពីបុព្វបុរសជំនាន់ដើម»។
រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈរូបនេះ បានថ្លែងសង្កត់ធ្ងន់ទៀតថា «ទិសដៅសម្រាប់ឆ្នាំ ២០១៨ នេះ ក្រសួងនឹងដាក់ផែនការ ស្រាវជ្រាវយកវត្ថុបុរាណ ដែលជាសម្បត្តិរូបិយ មកទុកជាកេរ្ដិ៍ដំណែល និងតម្កល់ទុក នៅសារៈមន្ទីរជាតិ ឬបញ្ចូនទៅកន្លែងដើម មកកម្ពុជាវិញ ខណៈដែលវត្ថុបុរាណខ្លះ កំពុងតែបាត់បង់ និងរកមិនទាន់ឃើញរូបរាង នៅឡើយ។
ចំណែកឯសម្បតិអរូបិយវិញ មានដូចជា វិស័យភាពយន្ត សៀក វង់ភ្លេងបុរាណខ្មែរ ការសូន្យរូប ការគូររូបគំនូរខ្មែរជាដើម។ សកម្មភាពធំទី៣ គឺការពង្រឹងនូវបទដ្ឋានគតិយុទ្ធ និង ធនធានមនុស្ស នៅក្នុងផ្នែកវប្បធម៌នេះ យើងនៅខ្វះបទដ្ឋានគតិយុទ្ធច្រើន ដូច្នេះផែនការសម្រាប់ឆ្នាំ ២០១៨ ធ្វើយ៉ាងណា ត្រូវសម្រេចឲ្យបានច្បាប់គតិយុទ្ធនេះ និង ផែនការបណ្ដុះបណ្ដាល ធនធានមនុស្ស និងរៀបចំមនុស្ស ឲ្យត្រូវទៅតាមទិសដៅ និងភារកិច្ច ពិព័រណ៍មុខតំណែង ឲ្យចំជំនាញ និងចំណេះដឹង ធ្វើការទៅតាមសមត្ថភាព មុខតំណែង»៕