(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើវៀតណាម ពិចារណាអភិវឌ្ឍន៍ផ្លូវដែករវាងក្រុងបាវិត នៃប្រទេសកម្ពុជា ទៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

សំណើរបស់លោក ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងជំនួបសំណេះសំណាលការងារជាមួយលោក Nguyen Nhat អនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនវៀតណាម នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញនេះ។

ក្នុងជំនួបនោះលោក ចាន់ថុល និងអនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តក្នុងវិស័យដឹកជញ្ជូនរវាងក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា និងក្រសួងដឹកជញ្ជូនវៀតណាម។

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងគណៈប្រតិភូវៀតណាម បានពិភាក្សាអំពីបញ្ហាអាទិភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងផ្លូវដែក ដែលប្រទេសវៀតណាម និងកម្ពុជាអាចសហការគ្នា ដើម្បីធ្វើឲ្យប្រសើរឡើងដល់ការតភ្ជាប់រវាងប្រទេសទាំងពីរផងដែរ៕