(ភ្នំពេញ)៖ បុគ្គលិកក្រុមហ៊ុនទស្សនាវដ្ដីម្នាក់ ឈ្មោះ សុផល្លា ត្រូវបានចោរឆក់កាមេរ៉ាថតរូប ខណៈដែលកំពុងថតរូប នៅចំណុចមុខមជ្ឈមណ្ឌលកែសម្ផស្ស «យូម៉េត» ផ្លូវលេខ៥៦៦ ក្រុមទី៥២ ភូមិ៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដើម្បីយកទៅផ្សាយពាណិជ្ជកម្ម។ ហេតុការណ៍នេះ បានកើតឡើងនាយប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។
មន្ដ្រីនគរបាលបានឲ្យដឹងថា ក្រោយពេលកើតហេតុ ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ ខណ្ឌទួលគោក ចាប់ខ្លួនបានភ្លាមៗផងដែរ។ ជនសង្ស័យឈ្មោះ អោ សារុំ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៩ ផ្លូវលេខ២៦១ ក្រុមទី៣៤ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
ក្នុងនោះដកហូតបានវត្ថុតាងរួមមាន៖ កាមេរ៉ាថតរូប១គ្រឿង ម៉ាក Nikon ពណ៌ខ្មៅ (របស់ជនរងគ្រោះ ដែលជនសង្ស័យធ្វើសកម្មភាពឆក់) ម៉ូតូចំនួន១គ្រឿង ម៉ាក Suzuki Smash ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1I-7029 និងសោរខ្សៀលេខ១០ ចំនួន១ និងដែកកែច្នៃ សម្រាប់កាច់កម៉ូតូចំនួន១ (ជារបស់ជនសង្ស័យធ្វើសកម្មភាព)។
តាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា តាមដំណើររឿងហេតុ មុនពេលកើតហេតុ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ម៉ោងប្រហែល០៩៖៣០នាទី ជនរងគ្រោះ ឈ្មោះ ខៀវ ផល្លា កំពុងឈរថតរូបមុខអាគារ មជ្ឈមណ្ឌលកែសម្ផស្ស «យូម៉េត» ដើម្បីយកទៅផ្សាយពាណិជ្ជកម្ម នៅពេលកំពុងថតនៅចិញ្ចើមផ្លូវ។
ស្រាប់តែមានជនសង្ស័យ១នាក់ ឈ្មោះ អោ សារុំ បានជិះម៉ូតូ១គ្រឿង ម៉ាក Suzuki Smash ពណ៌ខ្មៅ ជិះមកអែបជិត រួចធ្វើសកម្មភាពឆក់កាមេរ៉ាថតរូប ពីជនរងគ្រោះបានសំរេចរួចជិះ រត់គេចខ្លួន ប្រហែល២០០ម៉ែត្រ បានបុកនិងម៉ូតូ អ្នកដំណើរតាមផ្លូវ បណ្ដាលឲ្យដួល ក៏ត្រូវបានកម្លាំងល្បាត របស់នគរបាលប៉ុស្តិ៍បឹងកក់ទី២ សហការជាមួយប្រជាពលរដ្ឋនៅកន្លែងកើត ហេតុ ឃាត់ខ្លួនបានជាក់ស្តែង និងចាប់យកវត្ថុតាង ម៉ាស៊ីនកាម៉េរ៉ាថត របស់ជនរងគ្រោះ រួចយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមផ្លូវច្បាប់តែម្ដង។
ជនសង្ស័យរូបនេះ មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣១ ដ.ច.គ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ចេញដោយលោក ហេង កេសរោ ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ ពីបទលួចមានស្ថានទំងន់ទោស ដោយសារការធ្វើទារុណកម្ម ឬ ធ្វើអំពើឃោរឃៅ និង កាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥៩Eo ផ្លូវ លេខ១៤៩ ក្រុមទី១៥ ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បច្ចុប្បន្ន ម៉ាស៊ីនកាម៉េរាថតម៉ាក Nikon ជារបស់ជនរងគ្រោះ ដែលជនសង្ស័យធ្វើសកម្មភាពឆក់ សមត្ថកិច្ចបានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការ ឯកភាព ពីលោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យខាងលើ បច្ចុប្បន្នកំពុងឃាត់ខ្លួន ជាបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕