(បាត់ដំបង)៖ កងកម្លាំងរាជអាវុធខេត្តបាត់ដំបង បើកយុទ្ធនាការបង្រ្កាបករណីជួញដូរគ្រឿងញៀន ដូចភ្លៀងរលឹម២កន្លែងផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ស្ថិតនៅចំណុចស្រុកមោងឬស្សី ខេត្តបាត់ដំបង។
លោក ឡេង គឹមឈាន នាយរងសេនាធិការមន្ទីយុត្តិធម៌ បានថ្លែងថា ជាក់ស្តែងនាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុក មោងឬស្សី បានធ្វើការបង្ក្រាបការជួញដូរគ្រឿងញៀន២ លើកឃាត់ខ្លួនជនសង្ស័យ៥នាក់រួមមានទី១៖ ឈ្មោះ ជា សុខនាង អាយុ៣០ឆ្នាំ មុខរបរបិតតែមម៉ូតូ ទីលំនៅសង្កាត់ មនោរម្យ ខណ្ឌ៧មករា,
ទី២៖ ឈ្មោះ ក្រូច គឹមឡេង អាយុ២៨ឆ្នាំ ទីលំនៅខេត្តបាត់ដំបង, ទី៣៖ ឈ្មោះ រួម ពុទ្ឋារ៉ា អាយុ៣០ឆ្នាំ ទីលំនៅខេត្តបាត់ដំបង, ទី៤៖ ឈ្មោះ រួម សុខលក្ខណ៍ អាយុ១៨ឆ្នាំ ទីលំនៅខេត្តបាត់ដំបង, ទី៥៖ ឈ្មោះ ណុន នីរតនា អាយុ១៨ឆ្នាំ មុខរបរកម្មករ។
លោក ឡេង គឹមឈាន នាយរងសេនាធិការមន្ទីយុត្តិធម៌ និងលោក វ៉ាង ពិសិដ្ធ នាយការិយាល័យគ្រឿងញៀន បានថ្លែងថា ក្នុងរយៈពេល១ថ្ងៃ កងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបការជួញដូរ គ្រឿងញៀន២ លើកដោយមានការយកចិត្តទុកដាក់លើបញ្ហាភូមិ-ឃុំ មានសុវត្ថិភាព ជាពិសេសបញ្ហាគ្រឿងញៀន ដែលកំពុងបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម។
ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានដាក់ចេញនូវផែនការអនុវត្តការបង្ក្រាបទប់ស្កាត់រាល់បទល្មើសជាពិសេស បទល្មើសគ្រឿងញៀន ឲ្យបានដូចភ្លៀងរលឹម។
វត្ថុតាងដកហូតបានរួមមានទី១៖ គ្រឿងញៀនម៉ាទឹកកក៥កញ្ចប់ ទម្ងន់២៥,៤៦ក្រាម, ទី២៖ ជញ្ជីងថ្លឹងគ្រឿងញៀន១ គ្រឿង, ទី៣៖ ម៉ូតូ២គ្រឿង និង
ទី៤៖ ទូរស័ព្ទដៃ៦គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមជាមួយវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕