(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បាននិងកំពុងជំរុញឲ្យមានការតភ្ជាប់កញ្ចប់ទស្សនកិច្ច ពីរាជធានីភ្នំពេញ ទៅមកខេត្តកណ្តាល ទាំងផ្លូវគោក និងផ្លូវទឹក ដើម្បីត្រៀមចូលរួមក្នុងកម្មវិធីបុណ្យទន្លេលើកទី៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩-១១ ខែមីនា ឆ្នាំ២០១៨ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
កិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញឲ្យមានការតភ្ជាប់កញ្ចប់ទស្សនកិច្ចនេះ ត្រូវបានលើកឡើងដោយលោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងសិក្ខាផ្សព្វផ្សាយកញ្ចប់ទស្សនកិច្ចទេសចរណ៍ សម្រាប់បុណ្យទន្លេលើកទី៤ នៅខេត្តកណ្តាល នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈកម្មការជាតិអូទ្បាំពិកកម្ពុជា (NOCC) ដោយមានការចូលរួមពីមន្ទីរទេសចរណ៍ជុំវិញរាជធានីភ្នំពេញ ការីទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍សរុប ១០០នាក់។
លោកបានបន្តថា សិក្ខាសាលានេះត្រូវបានរៀបចំទ្បើងដើម្បី៖ ១. ជំរុញកញ្ចប់ទស្សនកិច្ចតភ្ជាប់រវាងរាជធានី និងតំបន់ជុំវិញ ២. ផ្សព្វផ្សាយផលិតផលថ្មីៗក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រាប់ការីទេសចរណ៍ដាក់ចូលក្នុងកញ្ចប់ទស្សនកិច្ច។
ក្នុងឱកាសនោះ លោកអនុរដ្ឋលេខាធិការ បានស្នើឲ្យការីទេសចរណ៍ជួយជំរុញការបញ្ចូលរមណីយដ្ឋានថ្មីៗ និងសកម្មភាពថ្មីៗ ក្នុងកញ្ចប់ទស្សនកិច្ច ដើម្បីឲ្យផលប្រយោជន៍ពីវិស័យទេសចរណ៍ឲ្យបានដល់ប្រជាពលរដ្ឋមូលដ្ឋាន។ លើសពីនេះ លោកក៏បានជំរុញឲ្យបញ្ចូលសកម្មភាពជិះទូកកម្សាន្តតាមដងទន្លេ និងសកម្មភាពជិះស៊ីក្លូក្នុងកញ្ចប់ទស្សនកិច្ចផងដែរ ឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕