(កណ្តាល)៖ លោកស្រីនាយិការោងចក្រហ្គាវ័ន្ដ អឹភែរឹលជនជាតិកូរ៉េ បានធ្វើលិខិតមួយច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ដើម្បីឱ្យកម្មករបើកច្រកចេញ ចូលរបស់រោងចក្រដែល មានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីឱ្យបានដំណើរការជាប្រក្រតីវិញ ដោយខាងរោងចក្រចោទទៅលើថ្នាក់ដឹកនាំ សហជីពស៊ីខាវឌូ (CCAWDU) ក្នុងរោងចក្រ ធ្វើការបិទច្រកចេញចូលតាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ និងមិនបានអនុវត្តតាមសេចក្ដីសម្រេចរបស់តុលាការ ដែលបង្គាប់ឱ្យកម្មករចូលធ្វើការវិញ។
លោកស្រីឆា ក្យុងហ៊ី នាយិកាក្រុមហ៊ុនវ័ន្ដ អឹភែរឹល បានធ្វើលិខិតលើកទី៣នេះ ជូនសម្តេចតេជោ បន្ទាប់ពីបានផ្ញើជូនលើកទីមួយជូនលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងលើកទី២ ជូនលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសូងការងារ ជួយធ្វើអន្តរាគមន៍ តែពុំទទួលបានលទ្ធផលអ្វើឡើយ។
ខ្លឹមសារលិខិតរបស់លោកស្រីឆា ក្យុងហ៊ី បានបញ្ជាក់យោង៖
ទី១៖ ច្បាប់ស្ដីពីការងារ,
ទី២៖ ច្បាប់ស្ដីពីសហជីពឆ្នាំ២០១៦,
ទី៣៖ ដីកាសម្រេចរក្សាការពារលេខ០១៧ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តកណ្ដាល,
ទី៤៖ កំណត់ហេតុចុះអនុវត្តដីសម្រេចចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧,
ទី៥៖ សេចក្ដីបញ្ជារបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលលេខ ០០៦/១៧កបអ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។
លិខិតខាងលើបន្តថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ បន្តរហូតមកដល់បច្ចុប្បន្ននៅមុខ និងបរវេណនៃរោងចក្រ Gawon Apparel Co,Ltd មានអាសយដ្ឋាននៅផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កម្មករបាននាំគ្នាធ្វើកូដកម្ម និងបានធ្វើការបិទច្រកចេញចូលរបស់រោងចក្រ មិនឱ្យដឹកម៉ាស៊ីនដេរចូល ដើម្បីបំពេញតម្រូវការរបស់រោងចក្រទៅតាមការបញ្ជាទិញ និងបានបិទផ្លូវជាតិលេខ២១ មិនឱ្យធ្វើចរាចរណ៍។
ការបិទផ្លូវសាធារណៈបានធ្វើឡើងថ្ងៃទី១៤-១៩ និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ដែលបានធ្វើឱ្យមានការកកស្ទះចរាចរណ៍សាធារណៈជាខ្លាំង លើផ្លូវជាតិ២១ ការបិទផ្លូវនេះត្រូវបានដឹកនាំដោយឈ្មោះ រ៉ាន់ បូរ៉ា, ឈ្មោះ ប្រាក់ ចាន់ថន និងឈ្មោះ គ្រិស ចន្ថា ដែលតំណាងកម្មករ និងជាថ្នាក់ដឹកនាំសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) នៅក្នុងរោងចក្រ Gawon Apparel Co,Ltd។
ខ្លឹមសារលិខិតបន្តថា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ សាលាដំបូងខេត្តកណ្ដាល បានចេញដីកាសម្រេចរក្សាការពារដោយ៖
ទី១៖ បង្គាប់ឱ្យបុគ្គលិក កម្មករ និងនិយោជិត ដែលជាដូករនៅ ក្នុងរោងចក្រ នៃក្រុមហ៊ុន Gawon Apparel Co,Ltd មានអាសយដ្ឋាននៅផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ទាំងអស់ឱ្យចូលបម្រើការងារឱ្យបានទៀងទាត់ (រៀងរាល់ថ្ងៃធ្វើការ) តាមវេណតាមក្រុម តាមតួនាទី និងភារកិច្ចរៀងៗខ្លួន ក្នុងរយៈពេល៤៨ម៉ោង។ ក្នុងករណីមិនចូលធ្វើការងារវិញ ពេលផុតកំណត់រយៈពេល៤៨ម៉ោង សន្មត់ថា មានកំហុសធ្ងន់តាមច្បាប់ការងារ។
ទី២៖ ហាមឃាត់កម្មករ និយោជិត និងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) រួមនឹងតតិយជនត្រូវបញ្ឈប់សកម្មភាពណាមួយ ដែលញុះញង់ដឹកនាំដោយកម្មករ និយោជិត ការចាក់ឧបករណ៍បំពងសំឡេងនៅពីមុខរោងចក្រ ការរារាំងបិទច្រកចេញចូលរបស់រោងចក្រនៃក្រុមហ៊ុន Gawon Apparel និងការបិទផ្លូវសាធារណៈ ហាមមិនឱ្យមានការគំរាមកំហែងដល់កម្មករ និយោជិត មិនឱ្យចូលធ្វើការងារនៅក្នុងរោងចក្រ ព្រមទាំងហាមឃាត់រាល់សកម្មភាពផ្សេងៗទៀតដែលធ្វើឱ្យប៉ះពាល់ និងរាំងស្ទះដល់សង្វាក់ផលិតកម្ម របស់រោងចក្រជាបណ្ដោះអាសន្ន ដោយរង់ចាំតុលាការសម្រេចដល់អង្គសេចក្ដី។
បន្ទាប់មក អាជ្ញាសាលា នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានចុះអនុវត្តដីកាសម្រេចតាមកំណត់ហេតុចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ បើទោះបីមានការចុះអនុវត្តដីកាសម្រេចរបស់សាលាដំបូង ក្ដីកម្មករ ជាកូដករដែលដឹកនាំដោយឈ្មោះ រ៉ាន់ បូរ៉ា, ឈ្មោះ ប្រាក់ ចាន់ថន និងឈ្មោះ គ្រិស ចន្ថា នៅតែដឹកនាំកម្មករធ្វើកូដកម្ម និងការបិទច្រកចេញចូលរោងចក្រ និងការបិទផ្លូវជាតិលេខ២១ ហើយព្រមទាំងបានគំរាមកំហែងទៅកម្មករដទៃទៀត ដែលមានបំណងចូលធ្វើការងារមិនបានចូលធ្វើការដោយប្រើរូបភាព ការប្រទាក់ដៃរារាំងកម្មករផ្សេងទៀតមិនឱ្យចូលរោងចក្រ ការទាញទ្វារ រោងចក្របិទ ការបោះតង់នៅមុខទ្វាររោងចក្រ ការស្រែកគំរាមកម្មករដទៃទៀតថា និងប្រើហិង្សាប្រសិនបើហ៊ានចូលធ្វើការញុះញង់កម្មករដទៃទៀតឱ្យធ្វើការបិទផ្លូវជាតិលេខ២១ជាដើម។
លោកស្រីឆា ក្យុងហ៊ី បានបញ្ជាក់ថា ពេលកំពុងធ្វើដូដកម្មឈ្មោះ រ៉ាន់ បូរ៉ា, ឈ្មោះ ប្រាក់ ចាន់ថន និងឈ្មោះ គ្រិស ចន្ថា ជាថ្នាក់ដឹកនាំសហជីពស៊ីខាវឌូ បានស្នើទៅតុលាការ ដើម្បីសម្រេចរក្សាការពារ រឹបអូស ទ្រព្យសម្បត្តិរោងចក្រដើម្បីលក់ឡាយឡុង។ តែសាលាដំបូងខេត្តកណ្ដាល បានចេញដីកាសម្រេចលេខ៣៨៣ (គ) ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ដោយសម្រេចរឹបអូសទ្រព្យសម្បត្តិរបស់រោងចក្រ ស្របពេលដែលរោងចក្រដំណើរការ និងកំពុងចរចាជាមួយអ្នកបញ្ជាទិញដើម្បីផ្គត់ផ្គង់ទំនិញឱ្យគេ។
ក្រោយពេលដែលតុលាការ បានចេញដីកាសម្រេចរក្សាការពារខាងលើរួចមក និងត្រូវអនុវត្តនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ដូច្នេះ ថ្នាក់ដឹកនាំសហជីពបានប្រើមធ្យោបាយញុះញង់កម្មករ ដោយប្រាប់ពួកគេថា តុលាការនឹងលក់ឡាយឡុងទ្រព្យសម្បត្តិរបស់រោងចក្រយកប្រាក់បើកឱ្យកម្មករបានម្នាក់ ១០.០០០ ដុល្លារ។ ដូច្នេះការបិទច្រកចេញចូលរោងចក្រ បានអូសបន្លាយមិនអាចដោះស្រាយចេញ ដោយសារតែមានការញុះញង់ពីថ្នាក់ដឹកនាំសហជីពស៊ីខាវឌូ។
លោកស្រីឆា ក្យុងហ៊ី នាយិកាក្រុមហ៊ុនវ័ន្ដ អឹភែរឹល បានស្នើសុំយ៉ាងទទូចដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយធ្វើអន្តរាគមន៍ជាបន្ទាន់ ព្រោះអ្នកបញ្ជាទិញគេបានពិន័យដល់ក្រុមហ៊ុន ដោយសារតែកម្មករធ្វើកូដកម្មខុសច្បាប់ បណ្តាលឱ្យការផលិតទំនិញ និងបញ្ជូនទៅឱ្យអ្នកបញ្ជាទិញមិនគ្រប់ចំនួន៕