(ភ្នំពេញ)៖ កម្ពុជា និងធនាគារពិភពលោក (WB) នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី «តម្រូវការអាទិភាព នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល៥ឆ្នាំបន្ទាប់ និងក្របខ័ណ្ឌនៃភាពជាដៃគូរវាងរាជរដ្ឋាភិបាល ជាមួយធនាគារពិភពលោក» នៅការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា ភ្នំពេញ។
ខាងភាគីកម្ពុជា ដឹកនាំដោយលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងខាងធនាគារពិភពលោក ដឹកនាំដោយលោកស្រី Inguna Dobraja នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ដោយមានចូលរួមពីតំណាង ក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងមន្រ្តីរបស់ធនាគារពិភពលោកប្រចាំតំបន់ ដែលមានទីស្នាក់ការនៅសឹង្ហបុរី និងនៅទីស្នាក់កណ្តាល នាទីក្រុងវាស៊ីងតោន តាមប្រព័ន្ធ Video Conference ផងដែរ។
លោកស្រី Inguna Dobraja បានលើកឡើងថា មានរបាយការណ៍ជាច្រើនបានវាយតម្លៃថា កម្ពុជាទទួលបានជោគជ័យ ក្នុងការរក្សាកំណើនបានរឹងមាំ ការកាត់បន្ថយភាពក្រីក្រ និងការទាក់ទាញវិនិយោគបរទេស។ លោកស្រី បានគូសបញ្ជាក់ថា ធនការគារពិភពលោកបានចាប់ផ្តើម រៀបចំក្របខ័ណ្ឌភាពជាដៃគូ សម្រាប់ប្រទេសជាមួយនឹងប្រទេសកម្ពុជា ហើយការពិភាក្សាថ្ងៃនេះនឹងជួយឲ្យស្វែងយល់ពីជម្រើសនៃការអភិវឌ្ឍរយៈពេលមធ្យម។
លោកស្រីថា «យើងនឹងរៀបចំក្របខ័ណ្ឌភាពជាដៃគូរបស់យើងឲ្យស៊ីគ្នា ជាមួយនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់កម្ពុជា ហើយការពិភាក្សាថ្ងៃនេះ គឺជាមធ្យោបាយល្អ ដើម្បីចាប់ផ្តើមនៃដំណើការនេះ និងជាឱកាសដ៏វិសេសមួយសម្រាប់ធនាគារពិភពលោកចូលរួម និងរួមចំណែកក្នុងការរៀបចំយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិសម្រាប់រយៈពេល៥ឆ្នាំខាងមុខទៀត»។
ជាមួយគ្នានោះ លោក វង្សី វិស្សុត បានលើកឡើងដែរថា កិច្ចប្រជុំពិភាក្សាថ្ងៃនេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ទាំងអស់គ្នា ធ្វើការបូកសរុបនូវសមិទ្ធផល ដែលសម្រេចបាននៅក្នុងរយៈពេល ៥ឆ្នាំកន្លងមក នៅក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ របស់រាជរដ្ឋាភិបាល ក៏ដូចជាដើម្បីរួមគ្នាធ្វើកំណត់ទិសដៅអនាគត ទាំងក្នុងកម្រិតយុទ្ធសាស្ត្រ និងទាំងកម្រិតតាមវិស័យ នៅក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ នៅក្នុងក្របខ័ណ្ឌនៃភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកផងដែរ។
លោកបានគូសបញ្ជាក់ថា កិច្ចពិភាក្សាថ្ងៃនេះ គឺជាធាតុចូលដ៏សំខាន់ សម្រាប់ការរៀបចំនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលថ្មីមួយទៀត ឬអាចជា ដំណាក់កាលទី៤ ក៏ដូចជាចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជាក្របខ័ណ្ឌនៃការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា សំដៅក្តាប់យកមកវិញនូវមោទនភាពជាតិ ជាមួយនឹងការកសាងជាតិមួយដ៏រស់រវើកទៅជាប្រទេសមានចំណូលខ្ពស់ និងមានសេដ្ឋកិច្ចរឹងមាំ។ ក្នុងន័យនេះ ចាំបាច់ត្រូវធ្វើការវាយតម្លៃដោយម៉ត់ចត់ លើសមទ្ធផលទាំងឡាយដែលសម្រេចបាន រួមទាំងចំណុចខ្វះចន្លោះ ដែលនៅសេសស់មិនទាន់អាចសម្រេចបាន ដើម្បីជាមូលដ្ឋានសម្រាប់ការដាក់ចេញ នូវទិសដៅទៅថ្ងៃមុខទៀត។
ជាមួយគ្នានេះ ក៏ត្រូវភ្ជាប់ការគិតគូរនេះ ទៅនឹងនិន្នការរបស់តំបន់ និងពិភពលោក ជាពិសេសសមាសធាតុថ្មីក្នុងពិភពលោក (world new element) ផងដែរ ដើម្បីអាចធានាបានថា ក្របខ័ណ្ឌ, គោលនយោបាយ និងយុទ្ធសាស្រ្ត ដែលដាក់ចេញ ពិតជាមានភាពត្រឹមត្រូវ និងសមស្រប ហើយអាចសម្រេចបានតាមគោលដៅ ដែលបានដាក់ចេញ ព្រោះសភាពការណ៍នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ អាចនឹងមានភាពខុសគ្នាឆ្ងាយពីស្ថានភាពនៅក្នុងរយៈពេល៥ឆ្នាំកន្លងទៅ។
លោកបានបន្តថា នៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានឆ្លើយតបជាសារវ័ន្តទៅនឹងឆន្ទៈ និងបំណងប្រថ្នារបស់ប្រជាជនកម្ពុជា ពិសេសរាជរដ្ឋាភិបាលសម្រេចបានជាអតិបរមា នូវអាទិភាពគោលនយោបាយទាំងឡាយ ដែលបានដាក់ចេញនៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ ដើម្បី កំណើន ការងារ សមធម៌ និង ប្រសិទ្ធភាពនៅកម្ពុជា ក៏ដូចជាបានបង្កើតបាននូវមូលដ្ឋាន សម្រាប់ទ្រទ្រង់នូវដំណើរការវិវឌ្ឍន៍ឈានឡើងរបស់កម្ពុជា តទៅមុខទៀត ហើយបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍សំខាន់ៗជាច្រើនរាប់មិនអស់ សម្រាប់បម្រើឲ្យការអភិវឌ្ឍន៍ប្រទេស ដូចជា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម, គោលនយោបាយគាំពារសង្គម, គោលនយោបាយលើកកំពស់ភាពជាគូរវាងរដ្ឋនិងវិស័យឯកជន, យុទ្ធសាស្រ្តគៀគរចំណូល និងយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធថវិកាជាដើម។ល។
គួរបញ្ជាក់ដែរថា កិច្ចប្រជុំពិភាក្សានេះបានប្រព្រឹត្តិទៅពេញមួយព្រឹក ដោយមានការពិភាក្សាយ៉ាងផុលផុសលើរបាយការណ៍វាយតម្លៃសម្រាប់ប្រទេស (SCD) របស់ប្រទេសកម្ពុជា ដែលរៀបចំដោយធនាគារពិភពលោក ជាពិសេសទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទៅថ្ងៃអនាគត ដោយផ្តោតការពិភាក្សាលើការបង្កើតក្បាលម៉ាស៊ីនសេដ្ឋកិច្ចថ្មីៗ។កិច្ចប្រជុំក៏បានធ្វើការពិភាក្សាផងដែរ លើប្រធានបទសំខាន់ៗមួយចំនួន ដើម្បីជាធាតុចូលសម្រាប់ការរៀបចំយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ សម្រាប់រយៈពេល ០៥ឆ្នាំខាងមុខ ដូចជា ទី១៖ ការពង្រឹងការតភ្ជាប់ទាំងផ្នែករឹង និងផ្នែកទន់ ដោយគ្របដណ្តប់លើវិស័យឡូជីស្ទីក ហិរញ្ញវត្ថុ ដឹកជញ្ជូន ថាពល និងឌីជីថល, ការអភិវឌ្ឍវិស័យឯកជន, ទី២៖ ការអភិវឌ្ឍធនធានមនុស្ស ដោយគ្រប់ដណ្តប់លើវិស័យអបរំ ជំនាញ សុខាភិបាល និងការគាំពារសង្គម, ទី៣៖ ការអភិវឌ្ឍវិស័យកសិកម្ម, ទី៤៖ ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ដោយគ្រប់ដណ្តប់លើវិស័យនគរូបនីយកម្ម និងទី៥៖ ការគ្រប់គ្រងវិស័យសាធារណៈ៕