(ភ្នំពេញ)៖ នៅម៉ោងជាង៣​រសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ស្យុង បូ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានធ្វើសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញនូវស្ថានភាពពិត ជាក់ស្តែងនៃកំណើនវិនិយោគិនចិន និងប្រជាជនចិន នៅកម្ពុជាបច្ចុប្បន្ន។

មន្ត្រីព័ត៌មានរបស់ស្ថានទូតចិនប្រចាំកម្ពុជា បានប្រាប់ Fresh News ថា សន្និសីទនេះ ត្រូវរៀបចំឡើងនៅក្នុងស្ថានទូតចិន ដែលមានលោកឯកអគ្គរដ្ឋទូតចិន ជាអ្នកធ្វើសន្និសីទដោយផ្ទាល់។

ការធ្វើសន្និសីទនេះត្រូវបានគេដឹងថា ធ្វើឡើយក្រោយពេលមតិមួយចំនួន លើកឡើងដោយបង្ហាញការព្រួយបារម្ភចំពោះកំណើនវិនិយោគិន និងប្រជាជនចិន កាន់តែច្រើនឡើងនៅកម្ពុជា។

សូមជម្រាបថា នាយករដ្ឋមន្ដ្រីនៃកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញ ​ចែ​កសញ្ញាបត្រដល់និស្សិតជាង២ពាន់នាក់ និងសម្ពោធអគារទេព្យកោសល្យវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ បានសម្តែងប្រតិកម្ម ចំពោះការបង្ហាញពីក្ដីព្រួយបារម្ភ អំពីវត្តមានវិនិយោគិនចិន នៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ដ្រីថា ​ការហូរចូលនូវវិនិយោគិនចិន ដោយសារតែកម្ពុជា មិនទាន់ឆ្លើយតបចំពោះការវិវឌ្ឍរបស់ប្រទេស ដែលតម្រូវឲ្យកម្ពុជាត្រូវពេលវេលាបន្ថែមទៀត ដើម្បីបំពេញនូវកង្វះខាតមួយនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «​​ទាំងអស់គ្នាបានដឹងហើយ បានឃើញហើយ ក្នុងរយៈចុងក្រោយនេះបែរជានាំគ្នាភ័យព្រួយថា វត្តមាននៃអ្នកវិនិយោគគិនចិន ធ្វើឲ្យមានកង្វល់ ប៉ុន្ដែខ្ញុំចង់សួរថា ​នៅក្នុងពេលដែលមានការវិនិយោគដល់សន្ធឹកសន្ធាប់យ៉ាងដូច្នេះ ធនធានមនុស្សរបស់យើងគ្រាប់គ្រាន់ ដើម្បីដោះស្រាយឲ្យគេហើយ​ឬនៅ ដោយសារដោះស្រាយមិនគ្រាប់ហ្នឹង ហើយបានត្រូវមានវត្តមានរបស់គេចូលមក»