(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីបិទសន្និបាត បូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨ របស់សាលារាជធានីភ្នំពេញ។
ពិធីក៏បានការអញ្ជើញចូលរួមរបស់លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ឋសភា រដ្ឋសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ សាលារាជធានីភ្នំពេញ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅ ស្ថិតក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យនូវសមិទ្ធផលនានា ដែលជាស្នាដៃសម្រេចបាន របស់មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ក្នុងការបំពេញភារកិច្ចក្នុងឆ្នាំ២០១៧។
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានលើកឡើងថា អង្គសន្និបាតបូកសរុបរបស់រដ្ឋបាលរាជធានីភ្នំពេញនេះ ប្រើប្រាស់រយៈពេល២ថ្ងៃ ដោយជ្រើសរើសប្រធានបទចំនួន៤ចំណុច មកពិភាក្សា ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ យកមកអនុវត្តការងារនៅឆ្នាំ២០១៨ ឲ្យបានល្អ ក្នុងនោះរួមមាន ទី១៖ គោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព និងបញ្ហាចរាចរ, ទី២៖ បញ្ហា អនាម័យ បរិស្ថាន បញ្ហាសំរាម, ទី៣៖ ការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងទី៤៖ បញ្ហាប្រឡាយលូ និងសំណង់ខុសច្បាប់៕