(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះកិច្ចព្រមព្រៀង ពាណិជ្ជកម្ម និងការគ្រប់គ្រងដើមចន្ទន៍ក្រឹស្នា របស់ក្រុមហ៊ុន First Capital Global Co.,ltd ដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយនឹងក្រុមហ៊ុន ធូបចន្ទន៍ក្រឹស្នាខ្មែរ ដើម្បីអភិវឌ្ឍន៍ចន្ទន៍ក្រឹស្នា និងការបង្កើតរោងចក្រប្រេងចន្ទន៍ក្រឹស្នា តាមបច្ចេកវិទ្យាទំនើប នៅលើទឹកដីនៃប្រទេសកម្ពុជា។
ការថ្លែងស្វាគមន៍បែបនេះ របស់លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា រវាងក្រុមហ៊ុន First Capital Global Co.,ltd និងក្រុមហ៊ុន ធូបចន្ទន៍ក្រឹស្នាខ្មែរ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅឯសណ្ឋាគារសូហ្វីតែភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក សៀន ហ្គុ នាយកក្រុមហ៊ុន First Capital Global Co.,ltd, លោកស្រី កែវ សុគន្ធា នាយិកាក្រុមហ៊ុន ធូបចន្ទន៍ក្រឹស្នាខ្មែរ, លោកស្រី នួន ប៊ុនណា ម្ចាស់ចំការចន្ទន៍ក្រឹស្នា ព្រមទាំងមន្រ្តីពាក់ព័ន្ធ និងដៃគូពាណិជ្ជកម្មជាច្រើនរូបទៀត។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងថា ក្នុងនាមក្រសួងក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិកាមួយ របស់រាជរដ្ឋាភិបាលកម្ពុជា សូមសម្ដែងនូវការស្វាគមន៍ និងចូលរួមត្រេកអរ ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការគ្រប់គ្រងដើមចន្ទន៍ក្រឹស្នា របស់ក្រុមហ៊ុន First Capital Global Co.,ltd មកពីប្រទេសថៃ ដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយនឹងក្រុមហ៊ុន ធូបចន្ទន៍ក្រឹស្នាខ្មែរ ដើម្បីអភិវឌ្ឍន៍ចន្ទន៍ក្រឹស្នា និងការបង្កើតរោងចក្រប្រេងចន្ទន៍ក្រឹស្នា តាមបច្ចេកវិទ្យាទំនើប នៅលើទឹកដីនៃប្រទេសកម្ពុជា ក្នុងនៃសម្ដៅចូលរួម កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន តាមរយៈការបង្កើតការងារ និងការកែច្នៃដើមចន្ទន៍ក្រឹស្នា ឆ្ពោះទៅកាន់ការពង្រីក ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរូបនេះ បានបន្តទៀតថា កិច្ចព្រមព្រៀងនេះ ពិតជាមានសារសំខាន់ ដើម្បីបង្ហាញឲ្យឃើញពីវឌ្ឍនភាពនៃទំហំពាណិជ្ជកម្ម នៃប្រទេសកម្ពុជា ក៏ដូចជាទំនុកចិត្តរបស់អ្នកវិនិយោគទុន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រព្រឹត្តិកម្ម និងទំនើបកម្មរបស់អ្នកវិនិយោគ ដែលជួយដល់អាជីវកម្មខ្នាតតូច និងធម្យម។ លើសពីនេះកិច្ចព្រមព្រៀង ក៏បានជំរុញទំហំពាណិជ្ជនៃប្រទេសទាំងពីរ (កម្ពុជា-ថៃ) ឲ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ។
ដោយឡែក លោកស្រី នួន ប៊ុនណា ម្ចាស់ចំការចន្ទន៍ក្រឹស្នា បានថ្លែងថា នៅក្នុងរយ:ពេល១០ឆ្នាំកន្លងមកនេះ មានដើមចន្ទន៍ក្រឹស្នាជាច្រើនលានដើម ត្រូវបានដាំនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែការពង្រឹងគុណភាព នៅមានភាពខ្វះចន្លោះនៅឡើយ ដោយសារតែធនធាន សម្រាប់ប្រើប្រាស់ក្នុងកិច្ចការនេះ នៅមានកម្រិត។ អ្នកដាំដើម
ចន្ទន៍ក្រឹស្នាមួយចំនួន បានធ្លាក់ទឹកចិត្ត ដោយសារតែការលូតលាស់របស់ដើមចន្ទន៍ក្រឹស្នា ត្រូវប្រើពេលយូរ និងមិនសូវមានគុណភាព ហើយលទ្ធផលទទួលបាន នៅមានកម្រិតទាប ដែលមិនអាចផ្តល់និរន្តភាព ក្នុងការផ្គត់ផ្គង់ទីផ្សារ។ យើងជឿជាក់ថា កម្រោងនេះគឺចាំបាច់ណាស់សម្រាប់ឧស្សាហកម្ម ដើមចន្ទន៍ក្រឹស្នានៅកម្ពុជា ដើម្បីបង្កើនគុណភាព ស្របតាមបទដ្ឋានស្តង់ដារអន្តរជាតិ ហើយគម្រោង នេះនឹងជួយបង្កើនប្រាក់ចំណូល របស់កសិករដែលដាំដើមចន្ទន៍ក្រឹស្នា ក៏ដូចជារួមចំណែកលើកកម្ពស់ កំណើនសេដ្ឋកិច្ចកម្ពុជា។
លោកស្រីសង្ឃឹមយ៉ាងមុតមាំថា តាមរយ:កម្រោងបង្កើនគុណភាពនេះ នឹងជួយឲ្យ ប្រទេសកម្ពុជាក្លាយ ទៅជាប្រទេសនាំចេញដើមចន្ទន៍ក្រឹស្នាមួយ ក្នុងចំណោមប្រទេសដទៃទៀត នាថ្ងៃអនាគត និងជួយបង្កើតយីហោ Brand របស់កម្ពុជាផងដែរ។
សូមបញ្ជាក់ថា ការវិនិយោគលើការកែច្នៃ ដំណាំចន្ទន៍ក្រឹស្នានៅក្នុងប្រទេសកម្ពុជា ផលិតផលដែលផលិតចេញ ពីដើមចន្ទន៍ក្រឹស្នា នឹងត្រូវបានបង្កើតឡើង និងផលិតតាមស្តង់ដារអន្តរជាតិ សំរាប់ការនាំចេញទៅក្រៅប្រទេស។ ក្រោយពីការប្រើប្រាស់បច្ចេកវិទ្យា និងថ្នាំចាក់ដើមចន្ទន៍ក្រឹស្នា មានគុណភាពខ្ពស់ ក្នុងរយៈពេលពីរបីឆ្នាំនេះ យើងបានត្រៀមខ្លូនរួចជាស្រាច សំរាក់ការទៅកាន់ទីផ្សារពិភពលោក។
ក្រុមហ៊ុន First Capital Global គឺជាក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិ ដែលមានទីស្នាក់ការ កណ្តាល់ស្តិតនៅក្នុងប្រទេសថៃឡង់ ហើយត្រូវបានស្គាល់ច្រើននៅក្នុងតំបន់អាស៊ាន។ក្រុមហ៊ុន
FCG គឺជាក្រុមហ៊ុនដែលប្តេជាប្រើប្រាស់បច្ចេកវិទ្យាដែលមិនប៉ះពាល់ដល់បរិស្ថាន) Green Technology និង (គាំទ្រដល់គម្រោងនានាពាក់ពន្ធ័និងបរិស្ថាន និងហិរញ្ញវត្ថុសម្រាប់ព្រៃឈើ។ ទស្សន:វិស័យរបស់ក្រុមហ៊ុន FCG គឺគោលការណ៍ នៃការបែងចែកធនធាន ប្រកបដោយសមធម៌ និងការថែរក្សា សម្រាប់មនុស្សជំនាន់ក្រោយ៕
c