(ភ្នំពេញ)៖ ដោយមើលឃើញថា នៅដើមឆ្នាំ២០១៨នេះ គ្រោះថ្នាក់ចរាចណ៍នៅតែបន្ដកើតមានច្រើន នៅតាមផ្លូវជាតិលេខ៥ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបន្ដចុះពង្រឹងការផ្សព្វផ្សាយអប់រំ និងបញ្ជ្រាបការយល់ដឹងបន្ថែមទៀតដល់អ្នកបើកបរម៉ូតូ និងរថយន្ដ ដើម្បីជំរុញឱ្យពួកគាត់ចូលរួមគោរពច្បាប់ឱ្យបានគ្រប់ៗគ្នា។
ពិធីចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងការចែកមួកសុវត្ថិភាព នៅផ្លូវជាតិលេខ៥ មុខផ្សារព្រែកព្នៅ ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានធ្វើឡើង នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដឹកនាំដោយ លោកស្រី មិន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិ ការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
លោកស្រី មិន មាណវី បានបញ្ជាក់ថា ដោយមើលឃើញថា ក្នុង រយៈពេលប៉ុន្មានខែចុងក្រោយនេះ ករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវជាតិលេខ៥ មានកើតឡើងញឹក ញាប់ និងច្រើនជាងបណ្ដាផ្លូវជាតិផ្សេងៗទៀត ដែលបានបង្កឱ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើន។ លោកស្រី បានបញ្ជាក់ថា ការបញ្ជា្របការយល់ដឹង អំពីច្បាប់ចរាចរណ៍នេះ គឺក្រុមការងារបានចុះមកផ្សព្វផ្សាយអប់រំដល់ទីកន្លែងប្រជុំជន និងកន្លែងដែល មានគ្រោះថ្នាក់ចរាចរណ៍ ជាញឹកញាប់ច្រើនជាងគេ ដើម្បីជួយក្រើនរម្លឹក និងផ្លាស់ប្ដូរឥរិយាបទរបស់ បងប្អូនប្រជាពលរដ្ឋ ឱ្យងាកមកគោរពច្បាប់ ងាកពាក់មួកសុវត្ថិភាព សម្រាប់អ្នកបើកបរម៉ូតូក្នុងគោល ដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
លោកស្រីបានបន្ដថា ការចុះផ្សព្វផ្សាយ ចែកខិតប័ណ្ណ ចំណាំង ផ្លាត និងសៀវភៅច្បាប់ចរាចរណ៍នេះ គឺដើម្បីចូល រួមពញាក់ស្មារតីដល់ប្រជាពលរដ្ឋ អ្នកបើកបរម៉ូ និងរថយន្ដ ឱ្យមានការប្រុងប្រយ័ត្នគោរពច្បាប់ ចរាចរណ៍។ លោកជំទាវបានលើកឡើងថា ទន្ទឹមនឹងការកសាង ផ្លូវថ្នល់ ស្ពាន មានការកើនឡើងច្រើន មធ្យោ បាយធ្វើដំណើរទាំងរថយន្ដ និងម៉ូតូ ក៏បានបង្កគ្រោះថ្នាក់ ច្រើនផងដែរ ដែលអ្នកបើកបរមួយចំនួនមិន បានយល់ដឹង ពីច្បាប់ចរាចរណ៍ ផ្លូវគោក មិនគោរពច្បាប់ ស្លាកសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ ដែលបង្ក ឱ្យមានមនុស្សស្លាប់ និងរងរបួស។
លោកស្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ចំពោះការស្លាប់ និងរង របួសដោយគ្រោះថ្នាក់ចរាចរណ៍នេះ ពីព្រោះវាគឺជាហានិភ័យមួយ ដែលបានបង្កមហន្ដរាយយ៉ាងធ្ងន់ធ្ងរ ដល់គ្រួសារ និងសង្គមជាតិ។
យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០១៨នេះ គ្រោះថ្នាក់ចរាចរណ៍បានកើត ឡើងមានចំនួន៣០៤លើក ក្នុងនោះស្លាប់មាន១៦៨នាក់ របួសធ្ងន់២៨៦នាក់។ មូលហេតុដែលបង្កឱ្យ គ្រោះថ្នាក់នេះបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង ការវ៉ាជែង បើកបរមិនប្រកាន់ស្ដាំ និងមិនគោរពសិទ្ធិ ដែលជាកត្ដាចម្បងបង្កឱ្យមានគ្រោះថ្នាក់កើតឡើង៕