(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំក្រុមការងារអ្នកនាំពាក្យ តាមបណ្តាអង្គភាពនានា ចំណុះឱ្យក្រសួងការពារជាតិ។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលប្រជុំក្រសួងការពារជាតិ(ជាន់លើ) ដោយមានការចូលរួមពី នាយកដ្ឋានផ្សព្វផ្សាយ តំណាងអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ តំណាងបញ្ជាការដ្ឋាន តំណាងភូមិភាគ រួមទាំងតំណាងអង្គភាពចំណុះក្រសួងការពារជាតិជាច្រើនទៀត។
លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកនាំពាក្យ នៃបណ្តាញអង្គភាពនានា ចំណុះឱ្យក្រសួងការពារជាតិ រយៈពេល១ឆ្នាំកន្លងមក។ ជាមួយគ្នានេះ គ្រប់បណ្តាអ្នកនាំពាក្យនៃបណ្តាអង្គភាពក្រោមចំណុះក្រសួងការពារជាតិ ត្រូវបន្តពង្រឹងសមត្ថភាពបន្ថែម ជាពិសេសការពារ ទប់ស្កាត់ពីការវាយប្រហារដោយសង្គ្រាមបច្ចេកវិទ្យា ការប្រឌិតព័ត៌មាន របស់ក្រុមជនអគិតមួយចំនួន ដើម្បីវាយប្រហារ ទៅលើកងទ័ពជាដើម។
នៅក្នុងឱកាសនោះ គ្រប់បណ្តាអ្នកនាំពាក្យនៃបណ្តាអង្គភាពក្រោមចំណុះក្រសួងការពារជាតិ ក៏បានលើកឡើងជាសំណូមពរមួយចំនួន ហើយ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានសន្យាទទួលយកនូវសំណូមពរនោះ ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេចផងដែរ៕