(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្ត្រីពាណិជ្ជកម្ម និងគណៈកម្មការផ្សារ ចុះត្រួតពិនិត្យទំនិញនៅផ្សារទួលទំពូង ក្នុងភូមិសាស្ត្រខណ្ឌចំកាមន ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ទំនិញខូចគុណភាពដែលជនខិលខូចមួយចំនួន លួចបញ្ចេញមកលក់ចែកចាយនៅលើទីផ្សារ។
ក្នុងប្រតិបត្តិការនេះ មន្ត្រីកាំកុងត្រូលបានធ្វើតេសបឋមទៅលើទំនិញដែលមានហានិភ័យខ្ពស់ដូចជា៖ សរសៃមីលឿង គុយទាវសរសៃតូច ប្រហិតសាច់គោ មឹក បង្គារ ដើម្បីរកសារធាតុគីមីហាមឃាត់ ដោយជាលទ្ធផលពុំឃើញមានសារធាតុគីមីហាមឃាត់ឡើយ។ ជាមួយគ្នានោះមន្ត្រីកាំកុងត្រូល ក៏បានផ្សព្វផ្យាយអប់រំណែនាំដល់អាជីវករ និងអ្នកប្រើប្រាស់អោយយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ ហើយបានយកគំរូ បន្លែ ផ្លែឈើមួយចំនួនបញ្ទូនទៅមន្ទីរពិសោធរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីរកសារធាតុគីមីហាមឃាត់ជាបន្ត។
ចំពោះការចុះពិនិត្យទំនិញនេះ គឺអនុវត្តន៍ជាបន្ទាប់បន្តដោយស្ថិតក្រោមការណែនាំរបស់លោកប្រធានប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល នឹងប្រធានកាំកុងត្រូលរាជធានីភ្នំពេញ។
មន្ត្រីកាំកុងត្រូល ក៏បានណែនាំដល់ក្រុមអាជីវករទាំងអស់ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេសដោយញែកចេញពីគ្នារវាងគ្រឿង ប្រើប្រាស់ដែលមានផ្ទុកសារធាតុពុល និងម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើម។
មន្ត្រីជំនាញកាំកុងត្រូល ក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ឈប់ការលាយបន្ថែមនូវសារធាតុគីមីហាមឃាត់ទៅលើផលិតផលម្ហូបអាហារដែលធ្វើ ឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕