(សឹង្ហបុរី)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការ (ADMM-Retreat) ក្រសួងការពារជាតិសឹង្ហបូរី បានបន្តរៀបចំកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន- ចិន បន្តទៀតនាល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលបានប្រារព្ធធ្វើនៅក្នុងសណ្ឋាគារ Rith-Calton Millenia Singapore។
នៅក្នុងកិច្ចប្រជុំនេះ ប្រមុខការពារជាតិអាស៊ានទាំងអស់ បានគាំទ្រសំណើររបស់រដ្ឋមន្ត្រីការពារជាតិចិន ក្នុងការធ្វើលំហាត់ហ្វឹកហ្វឺន លំហរសមុទ្ររួមគ្នារវាងអាស៊ាន-ចិន។
ថ្លែងនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន នាឱកាសនោះ នាយឧត្តមសេនីយ៍ ចាង វ៉ាន់ឈាន់ រដ្ឋមន្ត្រីការពារជាតិចិន បានរំលឹកពីកិច្ចសហប្រតិបត្តិការ៥ឆ្នាំ រវាងចិន និងអាស៊ាន ដែលក្នុងរយៈកន្លងមកនេះចិន និងអាស៊ាន បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីធ្វើឲ្យតំបន់មានសន្តិភាព និងទទួលបានលទ្ធផលឈ្នះឈ្នះទាំងអស់គ្នា។
ដោយឡែករដ្ឋមន្ត្រីការពារជាតិសឹង្ហបូរី Dr. Ng Eng Hen ក៏បានថ្លែងអំណរគុណដល់ប្រមុខការពារជាតិអាស៊ានទាំងអស់ ដែលបានគាំទ្រលើសំណើររបស់ចិន ក្នុងការធ្វើលំហាត់លំហរសមុទ្ររួមគ្នារវាងអាស៊ាន-ចិន ដោយលោកបញ្ជាក់ថា នឹងប្រគល់ភារកិច្ចនេះទៅមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន (ADSOM) ធ្វើការប្រជុំជាបន្ទាន់នៅពេលខាងមុខ ដើម្បីរៀបចំលំហាត់នេះនៅក្នុងឆ្នាំ២០១៨។
នៅក្នុងការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា ក្នុងចំណោមដៃគូសន្ទនារបស់អាស៊ានទំនាក់ទំនងអាស៊ាន-ចិន គឺមានសន្ទុះខ្លាំងក្លា និងមានសារៈសំខាន់ខ្លាំងណាស់ ការអភិវឌ្ឍទំនាក់ទំនង បានលើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាព និងការការអភិវឌ្ឍក្នុងតំបន់យ៉ាងមានប្រសិទ្ធភាព។
ការបង្ហាញនូវការចូលរួមយ៉ាងសកម្មរបស់ចិន ជាមួយអាស៊ាន ក៏ត្រូវបានមើលឃើញតាមរយៈការចូលរួមក្នុងន័យស្ថាបនា ក្នុងយន្តការដឹកនាំដោយ អាស៊ានជាច្រើនរួមមាន វេទិកាតំបន់អាស៊ាន (ARF) កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-បូក (ADMM-Plus)។ នេះជាការបញ្ជាក់បន្ថែមរបស់ សម្ដេច ទៀ បាញ់។
សម្តេចពិជ័យសេនា បានបន្ថែមថា កិច្ចសហប្រតិបត្តិការជាក់ស្តែងអាស៊ាន-ចិន បានជម្រុញអន្តរប្រតិបត្តិការរួមរបស់យោធាយ៉ាងខ្លាំងក្លា ដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខក្នុងតំបន់ ហើយទំនាក់ទំនង និងកិច្ចសហការល្អរវាងអាស៊ាន និងចិន នឹងត្រូវបានបង្កើនបន្ថែមទៀត ដើម្បីប្រយោជន៍របស់ប្រជាជនអាស៊ាន និងចិន។
ជាងនេះទៅទៀត សម្តេចបានស្វាគមន៍គំនិតផ្តួចផ្តើមលំហាត់លម្ហសមុទ្រអាស៊ាន-ចិន ដែលនឹងក្លាយជាកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងការអនុវត្តបន្ត នូវសេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន ហើយគំនិតផ្តួចផ្តើមជាក់ស្តែងនេះ នឹងរួមចំណែកបន្ថែមទៀតចំពោះការប្តេជ្ញាចិត្ត ដើម្បីរក្សាសន្តិភាព និងស្ថិរភាពតំបន់ ដែលពង្រីកសុត្ថិភាពនៅសមុទ្រ លើកកម្ពស់មិត្តភាពក្នុងនាមជាមិត្តជិតខាង និងកាត់បន្ថយហានិភ័យអំឡុងពេលពើបប្រទះឥតព្រាងទុកនៅលើអាកាស និងនៅសមុទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមកងទ័ពជើងទឹក។
ជាចុងក្រោយ សម្តេចពិជ័យសេនា ទៀ បាញ់ បានសំដែងជំនឿជឿជាក់ថា ការបន្តវេទិកាការពារជាតិអាស៊ាន-ចិន នឹងផ្តល់នូវឱកាសដ៏មានសារៈ សំខាន់សម្រាប់អន្តរកម្មដែលនាំឲ្យមានកិច្ចសន្ទនាស្មោះត្រង់ និងការយោគយល់គ្នាកាន់តែប្រសើរឡើងក្នុងចំណោមរដ្ឋសមាជិកអាស៊ានទាំងអស់និងចិន។
ជាលទ្ធផល កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន នឹងបន្តពង្រឹងចំណងមិត្តភាព និងជម្រុញទស្សនវិស័យរួមគ្នានៃវឌ្ឍនភាព វិបុលភាព និងការអភិវឌ្ឍរួមគ្នារបស់ទូទាំងតំបន់៕