(ភ្នំពេញ)៖ សម្រាប់ថ្ងៃព្រហស្បតិ៍ទី៨ ខែកុម្ភៈ ស្អែកនេះ ក្រុមហ៊ុនគង់ នួន គ្រុប នឹងផ្តល់ឱកាសការងារចំនួន ៨៣ មុខតំណែងតាមរយៈកម្មវិធី «កិច្ចសម្ភាសការងារ» ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង ៨៖០០ ដល់ម៉ោង ១១៖៣០នាទីព្រឹក នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ឱកាសការងារទាំង ៨៣ មុខតំណែងដែលផ្តល់ជូនដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើទូទៅមានជំនាញជាច្រើនដូចជា៖ បុគ្គលិកផ្នែកលក់ ផ្នែកទីផ្សារ រដ្ឋបាល គណនេយ្យ និងអ្នកបើកបររថយន្ត ជាដើម។ នៅក្នុងកិច្ចសម្ភាសន៍នេះ អ្នកស្វែងរកការងារធ្វើ ត្រូវត្រៀមប្រវត្តិរូបសង្ខេបឲ្យបានរួចរាល់ ដើម្បីដាក់ពាក្យ និងសម្ភាសន៍ផ្ទាល់ជាមួយតំណាងក្រុមហ៊ុននាថ្ងៃនោះតែម្តង។
កន្លងមកវេទិកាការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះបានក្លាយជាវេទិកាដែលផ្តល់ការងារក្នុងស្រុកទូលំទូលាយជាងគេដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើទូទៅ ហើយទទួលបានការគាំទ្រ និងសាទរច្រើនពីសំណាក់ក្រុមហ៊ុន/សហគ្រាសនានា ដែលមានតម្រូវការជ្រើសរើសបុគ្គលិក ដោយសារតែអាចឲ្យពួកគាត់កាត់បន្ថយការចំណាយ និងពេលវេលា ហើយពិសេសនោះជ្រើសរើសបានបេក្ខជនល្អៗ និងមានសមត្ថភាព។
បើតាមតួលេខដែលទទួលបានពីទីភ្នាក់ងារជាតិមុខរបរ និងការងារបង្ហាញថា ទីភ្នាក់ងារនេះធ្លាប់បានរៀបចំវេទិកាការរងារនៅតាមមជ្ឈមណ្ឌលការងារទាំង១១របស់ខ្លួនប្រមាណ២០០ដងមកហើយ ដោយមានសិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើសរុបចំនួនជិត៣ម៉ឺននាក់បានចូលរួម ហើយអ្នកស្វែងរកការងារធ្វើចំនួនជាង១០,០០០ នាក់ បានទទួលការងារធ្វើតាមរយៈវេទិកាការងារទាំងនេះ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធី «កិច្ចសម្ភាសការងារ» នេះ សាធារណៈជនទូទៅអាចទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារតាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨ ៦៦ ៥៥ទំព័រ facebookneakhmer ឬគេហទំព័រ www.nea.gov.kh៕