(ភ្នំពេញ)៖ នាយរដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅអ្នកដែលចង់ឲ្យសម្តេចស្លាប់ថា ប្រយ័ត្នស្លាប់ខ្លួនឯងហើយសម្តេចមិនងាយស្លាប់នោះឡើយ ព្រោះកន្លងទៅ នាពេលថ្មីៗនេះ មានបុគ្គលម្នាក់ដែលរិះគន់សម្ដេច បានស្លាប់បាត់ទៅហើយ។
បន្ថែមពីនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខភាពរបស់សម្តេចកំពុងតែល្អប្រសើរ មិនមានបញ្ហាអ្វីនោះទេ ហើយបច្ចុប្បន្នសម្តេចមានទម្ងន់៧២គីឡូ គឺផ្ទុយពីមនុស្សមួយចំនួនដែលលើកឡើងថា សម្ដេចកំពុងតែមានជំងឺទើបស្រកគីឡូបែបនេះ។
ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១៥,០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ នៅតំបន់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ្នកដែលចង់ឲ្យ ហ៊ុន សែន ងាប់ប្រយ័ត្នងាប់មុនហ៊ុន សែន, ហ៊ុន សែន នេះមិនងាយងាប់ទេ សុខភាពរបៀបនេះ ខ្លួនឯងងាប់មុនហើយ»។
សម្ដេចក៏បានប្រាប់ពីមូលហេតុដែលថា ហេតុអ្វីបានជាសម្ដេចសម្រកគីឡូបែបនេះ ព្រោះតែគ្រូពេទ្យសឹង្ហបុរីបានណែនាំសម្ដេច ពីរបៀបធ្វើឲ្យសុខភាពល្អ ដោយសារកាលពីមុនសម្ដេច មានគីឡូរហូតដល់៨៦គីឡូក្រាម ហើយគ្រូពេទ្យប្រាប់ថាទម្ងន់បែបនេះលើសកំណត់ហើយ ព្រោះសម្ដេចមានកម្ពស់១,៧០ម៉ែត្រប៉ុណ្ណោះ ដូច្នេះតម្រូវឲ្យសម្ដេចមានគីឡូ ចន្លះពី៦៨គីឡូ ទៅ៧២គីឡូក្រាមទើបល្អ។
ដោយឡែកក្រោយពេលសម្ដេចសម្រកគីឡូបែបនេះ មានមនុស្សមួយចំនួនបានលើកឡើងថា សម្ដេចកំពុងតែមានជំងឺជាប់ខ្លួនបានជាបែបនេះ ហើយអ្នកទាំងនោះ បានប្រមាថជីវិត របស់សម្ដេចថែមទៀតផង ដែលចំណុចនេះហើយ សម្ដេចបានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះអ្នកដែលត្រូវបានគេដឹងថាប្រមាថសម្ដេច បានស្លាប់ម្នាក់បាត់ទៅហើយ។
បន្ថែមពីនេះប្រមុខនៃរាជរដ្ឋាភិបាល ក៏បានលើកឡើងថា អ្នកដែលប្រមាថសម្ដេចហើយស្លាប់មុនបែបនេះ ប្រហែលជារាសីមិនដល់សម្ដេចហើយមើលទៅ ដូច្នេះហើយអ្នកដែលប្រមាថសម្ដេចទាំងឡាយចូរប្រយ័ត្នខ្លួន ព្រោះប្រយ័ត្នស្លាប់មុនសម្ដេច ដោយសាររាសីទាបជាងបែបនេះ។
យ៉ាងណាមិញសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កត្កាស្លាប់រស់របស់មនុស្ស មិនមែនមនុស្សខ្លួនឯងជាអ្នកកំណត់នោះទេ ហើយមនុស្សម្នាក់ៗក៏មិនអាចគេចផុតពីការស្លាប់បានដែរ ប៉ុន្ដែសម្ដេចថា សម្ដេចមិនស្លាប់ងាយៗនោះទេ ព្រោះកម្ពុជានៅមានរឿងជាច្រើនទៀត ដែលត្រូវឲ្យសម្ដេចនៅបន្ដដឹកនាំនិងដោះស្រាយ៕