(ភ្នំពេញ)៖ ​សម្តេចតេជោ ហ៊ុន សែន បានសម្តែងប្រតិកម្មចំពោះអ្នករិះគន់សម្តេចថា មិនព្រមស្នើសុំម្ចាស់ផ្ទះមិនឲ្យដំឡើងថ្លៃផ្ទះរហូត ​ស្នើតែឆ្នាំ២០១៨បែបនេះ ហើយសម្តេចបានហៅអ្នករិះគន់នោះថា ជាមនុស្ស «ល្ងង់»។

សម្តេចប្រមុខនៃរាជរដ្ឋាភិបាលបន្តថា កម្ពុជាប្រកាន់របបទីផ្សារសេរី ដូច្នេះមិនអាចហាមឃាត់ម្ចាស់ផ្ទះឈ្នួលរាល់ឆ្នាំបាននោះឡើយ ហើយបើអ្នករិះគន់នោះមិនដឹងខ្យល់អីនោះទេ កុំចេះតែមករិះគន់ឲ្យសោះ ហើយការស្នើសុំកុំឲ្យម្ចាស់ផ្ទះមិនដំឡើងថ្លៃត្រឹមមួយឆ្នាំ គឺគ្រប់គ្រាន់ណាស់ទៅហើយ ហើយសូម្បីតែប្រាក់ឈ្នួលកម្មករ ក៏ត្រូវចរចារដំឡើងមួយឆ្នាំម្ដងដូចគ្នាដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «មានអ្នកដាក់ផ្លែផ្កាឲ្យខ្ញុំថា មិចបាននាយករដ្ឋមន្ដ្រីសុំតែឆ្នាំ២០១៨ មិនសុំដល់២០១៩-២០២០ សុំផ្ដាំទៅលោកឯងបើ លោកឯងមិនចេះទេ លោកឯងបិទមាត់ឲ្យឈឹងទៅ កុំចាំបាច់ចេះមកប្រដៅនាយករដ្ឋមន្ដ្រី អាល្ងង់ គេចរចារមួយឆ្នាំម្ដងវាគ្រប់គ្រាន់ហើយ សូម្បីតែប្រាក់ឈ្នួលកម្មករគេចរចារមួយឆ្នាំម្ដងតើ ខ្លួនឯងស្អីចង់ឲ្យអំពាវនាវទៅដល់ណា សេដ្ឋកិច្ចទីផ្សារលោកឯងគិតមើល សូម្បីតែស្នើសុំប៉ុណ្ណឹងខុសពីក្រឹត្យក្រមបាត់ទៅហើយ ហើយហ្អែងល្ងង់ឲ្យវាល្ងង់រហូតចឹងទៅ»

ការមានប្រសាសន៍ខាងលើនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១៥,០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ នៅតំបន់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានប្រៀបធៀប និងលើកជាឧទាហរណ៍ថា ប្រាក់ឈ្នូលកម្មករចេះតែទាមទារចង់ឡើងមួយខែម្ដង ចុះទម្រាំម្ចាស់ផ្ទះជួល គេមិនចង់បានថ្លៃខ្ពស់ទេឬ ដូច្នេះហើយការសុំមិនឲ្យដំឡើងថ្លៃត្រឹមឆ្នាំ២០១៨ គឺគ្រាប់គ្រាន់ណាស់ទៅហើយ ព្រោះថាវាក៏អាចកាត់បន្ថយការចំណាយរបស់កម្មករ បានមួយកម្រិតដែរ។

សូមជម្រាបថា ​រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករចំនួន១៧០ដុល្លារ ក្នុង១ខែចាប់ពីដើមឆ្នាំ២០១៨ខាងមុខនេះ។ ទន្ទឹមនឹងមានការប្រកាសបែបនោះ មានម្ចាស់ផ្ទះជួលដល់កម្មករមួយចំនួន កេងយកឱកាសនេះ ដំឡើងថ្លៃជួលផ្ទះ ឬជួលបន្ទប់របស់ពួកគេផងដែរ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានបញ្ជាឲ្យមន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវបានតាមដានក្នុងទំព័រ Facebook របស់សម្ដេច នៅពេលណាដែលសម្ដេចបង្ហោះអ្វីទៅ ព្រោះក្រែងមានអ្នកចូលខំមិនពីរឿងដំឡើងឈ្នួលផ្ទះ និងរឿងអ្វីផ្សេងទៀត។

ប៉ុន្ដែទោះយ៉ាងណាសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកមិញនេះ ជាថ្មីម្ដងទៀត បានថ្លែងអំណរគុណដល់ម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់ដែលមិនបានដំឡើងឈ្នួល សម្រាប់កម្មករ តាមការអំពាវនាវរបស់សម្ដេច៕