(រីយ៉ូ)៖ មនុស្សប្រមាណ ៤,៤៤០នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅតាមមន្ទីររដ្ឋ ដោយសារតែរងរបួសពីការផ្ទុះអាវុធ នៅឯទីក្រុងរីយ៉ូ (Rio de Janeiro) ប្រទេសប្រេស៊ីល កាលពីឆ្នាំ២០១៧ ដែលនេះគឺស្មើនឹងមនុស្សម្នាក់ ត្រូវបានគេបាញ់ ជារៀងរាល់ពីរម៉ោងម្តង។ នេះបើតាមសេចក្តីរាយការណ៍របស់ ស្ថានីយទូរទស្សន៍ប្រេស៊ីល GloboNews ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមរបាយការណ៍មួយ ដែលចេញផ្សាយដោយស្ថានីយទូរទស្សន៍ GloboNews តួលេខខាងលើ បានបង្ហាញឲ្យឃើញពីការកើនឡើងក្នុងអត្រា ៣២.៩ភាគរយ បើធៀបនឹងឆ្នាំ២០១៤ ហើយគិតជាមធ្យមមនុស្សចំនួន ០៦នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋជារៀងរាល់ថ្ងៃ ក្នុងអំឡុងឆ្នាំ២០១៧ ដោយសារតែរងរបួសពីគ្រាប់កាំភ្លើង ខណៈនៅក្នុងរយៈពេល ១៥ថ្ងៃដំបូង នៃឆ្នាំ២០១៨ អំពើហិង្សានៅក្រុងរីយ៉ូ ក៏កាន់តែកើនឡើងខ្លាំងថែមទៀត។
គួរជម្រាបថា ក្នុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ទីក្រុងរីយ៉ូដ៏ស្រស់ស្អាតរបស់ប្រេស៊ីល បានកើតមានអំពើហិង្សាជាបន្តបន្ទាប់ឥតដាច់ ដោយក្រុមជនអន្តពាលកាន់តែខ្លាំងដៃទៅ និងបន្តប្រយុទ្ធគ្នាជាមួយគូបដិបក្ខ ដើម្បីវាតទីយកតំបន់មកគ្រប់គ្រង ស្របពេលដែលប្រជាជនសាមញ្ញ អាចត្រឹមតែព្យាយាមការពារខ្លួនឯង ហើយជៀសពីកន្លែងមានជម្លោះ។ ម៉្យាងវិញទៀត មន្រ្តីប៉ូលិសក្នុងទីក្រុង បានបាត់បង់ជីវិតជារឿយៗផងដែរ ដោយកាលពីឆ្នាំមុន ប៉ូលិសជាង ១៣០នាក់ ត្រូវបានគេសម្លាប់ និងកាលពីខែមករាដើមឆ្នាំនេះ មន្រ្តីប៉ូលិស ១០នាក់ បានបាត់បង់ជីវិត៕