(ត្បូងឃ្មុំ)៖ លោក ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់ពីសភាពការណ៍ ជាក់ស្តែងជាមួយមេឃុំ សមាជិកក្រុមប្រឹក្សាឃុំទូទាំង ស្រុកមេមត់ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកមេមត់ចំនួន១២៥រូប នាព្រឹកថ្ងៃពុធ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សស្រុកមេមត់។
បន្ទាប់ពីស្តាប់របាយការណ៍ ជុំវិញសភាពការណ៍ជាក់ស្តែង របស់អភិបាលស្រុក និងការជជែកពិភាក្សាជាមួយសមាជិក ចូលរួមទាំងអស់ រួចមក លោក ចាយ បូរិន បានសំដែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ដល់ការបំពេញការងារបម្រើ ជូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានសុខសុវត្ថិភាពនិងការរីកចម្រើន ហើយទទួលបានការ គាំទ្រ យ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ។
លោក ចាយ បូរិន ក៏បានដាស់តឿនក្រើនរំលឹក ដល់ថ្នាក់ដឹកនាំស្រុក-ឃុំ និងក្រុមប្រឹក្សាស្រុកនឹងឃុំទូទាំងស្រុកមេមត់ ត្រូវបន្តយកចិត្តទុកដាក់ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងកាការពាភូមិឃុំឲ្យមានសុវតិ្តភាព ដើម្បីបង្កលក្ខណងាយស្រួល ដល់ប្រជាជនយើងក្នុងការប្រកបមុខរបរកស៊ី ក៏ដូចជាធ្វើការងារផ្សេងៗដើម្បីឲ្យគាត់មានជីវភាពកាន់តែប្រសើឡើង ហើយធូធាជាបន្តបន្ទាប់ជាពិសេសត្រូវសហការគ្នាថែរក្សាសមទ្ធិផលក្នុងភូមិឃុំដែលមានស្រាប់នឹងបន្តរួមគ្នាកសាងនូវសមទ្ធិផលថ្មីៗបន្ថែមទៀត។
លោកតំណាងរាស្រ្ត ក៏បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវនយោបាយ ឈ្នះឈ្នះធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព, ស្ថេរភាពនយោបាយ, លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស, ការគោរពសិទ្ធិមនុស្សពេញលេញ, កំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% និងការអភិវឌ្ឍន៍ ប្រទេសមានការ រីកចម្រើនជឿនលឿន, មូលធនមនុស្សរបស់កម្ពុជាកាន់តែប្រសើរឡើង និងការប្រែក្លាយប្រទេសមួយដែលមានប្រជាជន ប្រកបរបរជាកសិករភាគច្រើន មកប្រកបរបរជាកម្មករ និងសេវាកម្ម ដែលធ្វើឱ្យមានកំណើនជីវភាពរស់នៅកាន់តែប្រសើរជាងមុនថែមទៀត។
លោក ចាយ បូរិន បានបន្ថែមថា ដោយសារតែអំពើក្បត់ជាតិរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ក្រោមការគូសវាសរបស់បរទេស ក្មុងកាធ្វើបដិវត្តពណ៏ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ផ្ទុយនឹងច្បាប់ព្រហ្មទណ្ឌ និងច្បាប់បោះឆ្នោតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានជាធរមាន ហើយត្រូវបានតុលាការកំពូលចេញសាលក្រមរំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ ក៏ប៉ុន្តែកម្ពុជានៅតែរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយនិងសង្គម និងកំណើនសេដ្ឋកិច្ចល្អប្រសើរដដែល។
ជាមួយគ្នានោះ លោកក៏បានលើកទឹកចិត្តឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅមូលដ្ឋានយកចិត្តទុកដាក់សាមគ្គីជាធ្លុងមួយរួមគ្នាបម្រើ និងផ្តល់សេវា ជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរថែមទៀត ដោយមិនត្រូវបែងចែកនិន្នាការនយោបាយ បក្សពួក ជាពិសេសជាមួយថ្នាក់ដឹកនាំឃុំ ស្រុកដែលមកពីគណបក្សសង្រ្គោះជាតិរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
លោក ចាយ បូរិន ក៏បានណែនាំដល់អភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក-ឃុំ ក្នុងមុខតំណែងទាំងអស់ ដែលជាអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះសូមបងប្អូនដែលមានសិទ្ធិបោះឆ្នោត ទៅបោះឆ្នោតជូនសមាជិកព្រឹទ្ធសភាដែលមកពីគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា។
ដូចនេះដើម្បីទៅបោះឆ្នោតជូនសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនអោយបានទទួលជោគជ័យ អង្គបោះឆ្នោតទាំងអស់ ត្រូវប្រុងប្រយ័ត្នការពារនូវ ឧបទ្ទវេហតុផ្សេងៗដោយចៃដន្យនិងត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អគ្រប់ៗគ្នា។
ក្នុងឱកាសនោះ លោកចាយបូរិនបានផ្តាំផ្ញើអោយមន្ត្រីគណបក្ស គ្រប់លំដាប់ថ្នាក់ ក្នុងក្របខណ្ឌស្រុកមេមត់ ទាំងអស់ យកខ្លឹមសារនៃកម្មវិធីនយោបាយរបស់គណបក្សទៅផ្សព្វផ្សាយអោយបានទូលំទូ លាយដល់ប្រជាជនទូទៅ ដើម្បីទាក់ទាញនូវការគាំទ្រគណបក្សប្រជាជនកម្ពុជា និងចូលរួម អនុវត្តកម្មវិធីនយោបាយនេះ ប្រកបដោយភាពជឿជាក់ ដើម្បីរួមចំណែកបង្កើតឡើងសមិទ្ធ ផលថ្មីៗទៀតលើគ្រប់វិស័យកាន់តែធំឡើង ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិយើងឆ្ពោះ ទៅរកអនាគតដ៏ត្រចេះត្រចង់៕