(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃពុធនេះបានស្នើដល់ថ្នាក់ដឹកនាំរោងចក្រ សហគ្រាស នៅទូទាំងប្រទេសកម្ពុជា ជៀសវាងប្រមាថដល់កម្មករ កម្មការិនីខ្មែរ។
ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ១៥,១០៩នាក់មកពីរោងចក្រចំនួន៧ ក្នុងតំបន់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំបានផ្តាំផ្ញើរឿងនេះ ជាមួយអ្នកទទួលខុសត្រូវទាំងឡាយ សុំមេត្តាយ៉ាងម៉េច ជីវិតយើង ជីវិតគេ ខ្លួនយើងខ្លួនគេ គ្រាន់តែខ្លួនមានឋានៈខ្ពស់ជាងបន្តិច ខ្លួនមិនអាចយកឋានៈណាមួយប្រមាថចំពោះកម្មករបានទេ ទោះបីខ្លួនមានប្រាក់កាក់ប៉ុណ្ណាក៏ដោយ ក៏ប៉ុន្តែខ្លួនត្រូវដឹងថា មនុស្សកើតឡើង គ្មាននរណាកើតឡើង ពាក់ទ្រង់គ្រឿងមកជាមួយទេ កើតឡើងស្រាតដូចតែគ្នា»។
សម្តេចបានបន្តថា «គ្មាននរណាមួយកើតឡើងពាក់ម្កុដ ពាក់ខ្សែក ខ្សែដៃមកជាមួយទេ កើតមកស្រាតននលគោកដូចតែគ្នា ជីវភាពរបស់យើង មានលក្ខណៈខុសគ្នា ជួនកាលអ្នកខ្លះ មានតំណែងខ្ពស់ អ្នកខ្លះទទួលតំណែងទាប ប៉ុន្តែតំណែងខ្ពស់ និងតំណែងទាបនេះ មិនមែនជាតំណែងដែលឱ្យគេទៅប្រមាថ ពីអ្នកខ្ពស់ទៅប្រមាថអ្នកទាប ហើយអ្នកទាប ត្រូវតែជេរអ្នកខ្ពស់នោះទេ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា អ្នកតូច អ្នកធំ អ្នកខ្ពស់ អ្នកទាប ត្រូវតែបំពេញឲ្យគ្នាទៅវិញទៅមក ចេះជួយគ្នាទៅវិញទៅមក។ សម្តេចចង់ឃើញ រោងចក្រសហគ្រាស ក្លាយទៅជាសហគមមួយ ដែលជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា ឱ្យកាន់តែល្អប្រសើរ៕