(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងព្រមានធ្ងន់ៗថា នឹងជម្រុះឲ្យអស់មន្ត្រីនៅរាជបណ្ឌិត្យសភាដែលមានតែឈ្មោះ តែមិនធ្លាប់មកធ្វើការ ហើយឲ្យគេស៊ីញ៉េជំនួស ដើម្បីបើកប្រាក់ខែ។ លោក សុខ ទូច ថែមទាំងអះអាងទៀតថា ប្រសិនបើលោកមិនអាចធ្វើការកែប្រែទម្លាប់មិនមកធ្វើការរបស់មន្ត្រីក្នុងស្ថាប័នរបស់លោកបានទេ លោកនឹងចុះចេញពីតំណែង។
លោក សុខ ទូច បានថ្លែងដូច្នេះក្នុងពិធីបើកសន្និបាតការបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់រាជបណ្ឌិត្យសភាកម្ពុជានាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ លោកបណ្ឌិត សុខ ទូច បានបានអះអាងថា លោកនឹងរើសមន្ត្រីថ្មីចូលបម្រើការងារនៅអំឡុងខែមេសានេះ ដើម្បីជំនួសមន្រ្តីអសកម្ម និងមន្ត្រីដែលមិនមកធ្វើការ។
«មន្ត្រីយើងវិញម្នាក់ៗ មានប្រាក់ខែសុទ្ធតែមួយលានពីរសែនរៀល ឬ ៤០០ដុល្លារ អត់មកធ្វើការបែរឲ្យអ្នកផ្សេងស៊ីញ៉េជំនួសវិញ សួរថា តើអ្នកខ្មាសគេទេក្នុងនាមជាបញ្ញវន្ត។ យើងជាបញ្ញវន្តធ្វើដូច្នេះហើយចុះ ទម្រាំប្រជាជនសាមញ្ញ វាសមឲ្យគេលួចអស់ព្រៃហើយ»។ លោក សុខ ទូច បញ្ជាក់។
ប្រធានរាជបណ្ឌិត្យសភា ដែលបញ្ចប់ការសិក្សានៅប្រទេសរុស្ស៊ីរូបនេះ ក៏បានអះអាងដែរថា លោកនឹងប្រែងប្រែងកែទម្រង់ការងារ និងអភិវឌ្ឍន៍រាជបណ្ឌិត្យសភាកម្ពុជា ដែលឃ្លាំងបញ្ញារបស់កម្ពុជាឲ្យរីកចម្រើន ហើយបើធ្វើមិនបានលោកនឹងចុះចេញពីតំណែង។
លោកបណ្ឌិត សុខ ទូច បានបន្តយ៉ាងដូច្នេះថា «ក្នុងរយៈពេល២ឆ្នាំ បើសិនមិនអាចធ្វើឲ្យរាជបណ្ឌិត្យសភាមានការរីកចម្រើន ខ្ញុំនឹងលាលែងចេញពីតំណែងប្រធានរាជបណ្ឌិត្យសភា។ មានន័យបើខ្ញុំបាននិយាយចេញខ្ញុំនឹងធ្វើ នេះជាចរិករបស់ខ្ញុំ។ បើសិនខ្ញុំកាន់ស្ថាប័ននេះ មិនមានការរីកចម្រើន ខ្ញុំនឹងដើរចេញ អ៊ីចឹងទេកុំឲ្យខ្ញុំដើរចេញត្រូវរឹតបណ្តឹងវិន័យរបស់មន្ត្រីនៅរាជបណ្ឌិត្យសភា ឲ្យមានក្រមសីលធម៌ និងមកធ្វើការឲ្យទៀងទាត់ពេលវេលា»។
ក្នុងឱកាសនោះលោកបណ្ឌិត្យ សុខ ទុច ក៏បានលើកឡើងដែរថា តាមការសង្កេតជាទូទៅមន្ត្រីរាជការមួយចំនួនតូចធ្វើការមិនរីកចម្រើន ពោលមិនដែលធ្វើសកម្មភាពក្នុងអង្គភាព គឺចូលចិត្តតែបញ្ចេញយោបល់លើ Facebook និង Telegram ជាពិសេសអ្នកដែលមិនមកធ្វើការ តែម្តងដែលយោបល់ច្រើនជាងគេ ប៉ុន្តែគ្មានគំនិតអ្វីសម្រាប់អភិវឌ្ឍនស្ថាប័ន។
លោកបណ្ឌិត សុខ ទូច បានប្តេជ្ញាចិត្តថា នឹងធ្វើឲ្យរាជបណ្ឌិត្យសភាកម្ពុជា ក្លាយទៅជាធនាគាខួក្បាលយ៉ាងពិតប្រាកដ ហើយដើរតួនាទីជាអ្នកគិត ជាអ្នកផ្តល់យុទ្ធសាស្រ្ត និងចក្ខុវិស័យដល់ស្ថាប័ននានា របស់រដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា លោកបណ្ឌិត សុខ ទូច ត្រូវបានតែងតាំងជាប្រធានរាជបណ្ឌិត្យសភាកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ជំនួសលោកស្រីបណ្ឌិតសភាចារ្យ ខ្លូត ធីតា៕