(ស្វាយវៀង)៖ បទចម្រៀងរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ដែលប្រកបដោយអត្ថន័យ និងអត្ថរសដែលធ្វើឲ្យអ្នកស្តាប់ នាំគ្នាកោតសរសើរមិនដាច់មាត់នោះ គឺបទ «ស្ពានឈើអភ័ព្វ» បទចម្រៀងនេះ ត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស ដាក់ឈ្មោះ ស្ពានតានូ ជាស្ពានឈើអភ័ព្វ ដែលជាច្រើនឆ្នាំមកហើយ គ្មានការជុសជុល ឬស្ថាបនាឡើងវិញនោះឡើយ។
ពលរដ្ឋ-សិស្សានុសិស្ស ដែលឆ្លងកាត់ស្ពានតានូ បានសម្តែងការអ៊ូរទាំ ដោយសារតែការលំបាក ក្នុងការធ្វើដំណើរធ្លងកាត់ស្ពាននេះ ដែលមានការខូចខាត និងទ្រុតទ្រោមស្ទើរទាំងស្រុង ពេលធ្វើដំណើរម្តងៗ មានការលំបាក និងផុង កង់ ឬម៉ូតូ និងអ្នកធ្វើដំណើរ ដោយសារតែស្ពានបាក់ក្តារ មានប្រហោងធំៗ ពេលធ្លងកាត់ស្ពានម្តងៗ គឺញរទទ្រើត បើមិនប្រយ័ត្នទេ ផុងធ្លាក់ទឹក ពេលខ្លះក៏មានប្រជាពលរដ្ឋ ឬសិស្សសាលាធ្លាក់ ស្បែកជើង សៀវភៅ ឬធ្លាក់មនុស្សក៏មានដែរ និងអាចគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ តាមផ្លូវស្ពាននេះទៀតផង។
ប្រជាពលរដ្ឋជាច្រើននាក់ នៅឃុំកណ្ឌៀងរាយ ស្រុកស្វាយទាប បានសំណូមពរដល់អាជ្ញាធរខេត្ត មេត្តាជួយសាងសង់ស្ពានថ្មីមួយនេះឡើងវិញ ព្រោះពួកគាត់កំពុងជួបការលំបាកយ៉ាងខ្លាំង ពេលធ្វើដំណើរ ឬដឹកកសិផល មកកាន់លំនៅដ្ឋាននេះ ជាបញ្ហាប្រឈមរបស់ពួកគាត់ ដូច្នេះអាជ្ញាធរខេត្ត មានវិធានការជាបន្ទាន់ជួយពលរដ្ឋបានភ្លាមៗ ឆ្លើយតបតាមយុទ្ធសាស្ត្រ ចតុកោណ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ គ្រប់មូលដ្ឋានទាំងអស់ទូទាំងប្រទេស។
បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា ស្ពានដែលខូច និងទ្រុឌទ្រោមមានឈ្មោះថា ស្ពានតានូ មានទីតាំង ស្ថិតនៅភូមិតានូ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ស្ពាននេះ មានប្រវែង២៥ម៉ែត្រ និងទទឹង៤,៥០ម៉ែត្រ កសាងឡើងកាលពីឆ្នាំ១៩៧៩-១៩៨០ ដោយប្រជាពលរដ្ឋទាំងអស់គ្នា បានធ្វើការកសាងស្ពាន ដោយធ្វើអំពីដើមត្នោត លុះដល់ឆ្នាំ១៩៩៦ ស្ពាននេះមានការខូចខាត ហើយមានមូលនិធិរួមគ្នាមកធ្វើការកសាងធ្វើអំពីឈើ។
ប្រជាពលរដ្ឋ បានបន្ដទៀតថា រហូតមកដល់បច្ចុប្បន្ននេះ មានការខូចខាតទ្រុឌទ្រោមស្ទើរទាំងស្រុង ធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជា សិស្សានុសិស្ស ពិបាកធ្លងកាត់មករៀន មានការយឺតយ៉ាវ ជាពិសេសពេលប្រជាពលរដ្ឋ ដឹកកសិផលមកលក់នៅទីផ្សារ ត្រូវតាមផ្លូវវៀងឆ្ងាយ ដោយចំណាយថវិកាច្រើន ខាតពេលវេលាទៀតផង។
ប្រជាពលរដ្ឋ ក៏ដូចជា សិស្សានុសិស្សសំណូមពរ ដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់មេត្តាជួយកសាងស្ពានថ្មីនេះ ឲ្យបានល្អដើម្បីងាយស្រួល ក្នុងការធ្វើដំណើររបស់ពួកគាត់ និងដើម្បីកាត់បន្ថយភាពក្រីក្រ ដល់ប្រជាពលរដ្ឋក៏ដូចសិស្ស សាលា ងាយស្រួលធ្វើដំណើរទៅសិក្សាផងដែរ។
ពាក់ព័ន្ធករណីខាងលើនេះ អាជ្ញាធរស្រុកស្វាយទាប ធ្លាប់បានឲ្យអ្នកសារព័ត៌មានឲ្យដឹងថា កន្លងមកអាជ្ញាធរធ្លាប់ បានចុះពិនិត្យដល់ទីកន្លែងដែរ ប៉ុន្តែស្រុកគ្មានលទ្ធភាពកសាងស្ពានថ្មីនេះ ទេ ដោយបានរាយការណ៍ ដល់ថ្នាក់ខេត្តដែរ ប៉ុន្តែខាងខេត្តមិនទាន់ឆ្លើយតបនៅឡើយ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជា សិស្សានុសិស្សជួបការលំបាកយ៉ាងខ្លាំង ហើយធ្លាប់បាន សំណូមពរ ជាច្រើនលើក ច្រើនសាររហូត សំណូមពរតាមវេទិការសាធារណៈជាញឹកញាប់ រហូតដល់ពេលនេះ គ្មានមន្ត្រីជំនាញ ឬលោកអ្នកធំណាចុះមើលម្ដងណាឡើយ។
ពលរដ្ឋ និងសិស្សានុសិស្ស បានឲ្យដឹងទៀតថា កន្លងមកធ្លាប់មានខាងជំនាញគេ ចុះពនិត្យដែរ តែមិនទាន់ឃើញស្ថាបនានោះទេ ឥឡូវឃើញដាក់ក្តាបន្ទះបន្តិចបន្តួតប៉ុណ្ណោះ គឺនៅតែប្រឈម និងគ្រោះថ្នាក់ដដែល ពិសេសធ្វើដំណើរពេលយប់។
បើតាមលោក ឡឹក កង មេឃុំកណ្តៀងរាយ បានប្រាប់ភ្នាប់ងារ Fresh News ប្រចាំខេត្តស្វាយវៀង ឲ្យដឹងនាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ស្ពានតានូនេះ បានដាក់សំណើរ ទៅហើយ ក៏មានការឯកភាពពីសម្តេចតេជោហើយដែរ តែរហូតមកដល់ពេលនេះស្ងាត់ឈឹង ហើយនៅពេលថ្មីៗនេះ អាជ្ញាធរឃុំ និងប្រជាពលរដ្ឋ ធ្វើការជុសជុលដែរ តែមិនអាចធានា បានទេមានការពិបាកណាស់៕