(ភ្នំពេញ)៖ ក្នុងកិច្ចជំនួបពិភាក្សាការងារទ្វេភាគី រវាងលោកស្រី ម៉ានីកា ជេន (Manika Jain) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើដល់ប្រទេសឥណ្ឌា ក្នុងការជួយបណ្តុះបណ្ដាលធនធានមនុស្ស និងផ្ដល់ឱសថ ដើម្បីជួយព្យាបាលអ្នកញៀនគ្រឿងញៀននៅកម្ពុជា ។

ឧបនាយករដ្ឋមន្ត្រី កែ គឹម​យ៉ាន បានថ្លែងក្នុងកិច្ចជំនួបពិភាក្សាការងារ ដែលធ្វើឡើងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ នាទីស្ដីការគណៈរដ្ឋមន្ដ្រីថា សព្វថ្ងៃនេះ អ្នកញៀនគ្រឿងញៀន នៅកម្ពុជាមានជាង២ម៉ឺននាក់ ហើយអ្នកញៀនគ្រឿងញៀន ដែលត្រូវបានបន្សាបគ្រឿងញៀន ក៏កាន់តែច្រើន ដូចនេះ ដើម្បីពង្រឹងការពិនិត្យ និងព្យាបាលអ្នកញៀនគ្រឿងញៀន ឲ្យបានគ្រប់គ្រាន់ ទាន់ពេលវេលា គឺត្រូវការនូវឱសថសម្រាប់ព្យាបាល និងអ្នកជំនាញបច្ចេកទេស ក្នុងការព្យាបាលអ្នកញៀនគ្រឿងញៀន និងជំនាញទូទៅ ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននេះ។

ឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្ដថា «បច្ចុប្បន្ននេះ គឺថាគ្រឿងញៀន និងឧក្រិដ្ឋជន ជាច្រើនបានចូលមកកម្ពុជា ភាគច្រើនពីភាគឦសាន ដែលមានតាមយន្ដហោះ បញ្ញើរផ្សេងៗ ដោយឆ្នាំនេះគ្រឿងញៀន បង្ក្រាបបានរកឃើញ មានជាង១០០គីឡូក្រាម ដែលគ្រប់គ្រាន់ក្នុងការបំពុលដល់យុវជនកម្ពុជាបាន ដែលនេះបានក្លាយជាកង្វល់យ៉ាងខ្លាំង ដល់រាជរដ្ឋាភិបាលកម្ពុជាយើង មិនត្រឹមតែបង្កបញ្ហាដល់សុវត្ថិភាពសង្គម និងសេដ្ឋកិច្ចប៉ណ្ណោះទេ លើសពីនេះ វាបានបណ្តាលឲ្យមានបញ្ហាសុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរផងដែរ»

ទោះជាយ៉ាងណា កម្ពុជានៅតែបន្ដប្រឹងប្រែងក្នុងការទប់ស្កាត់ ស្ថានការណ៍នេះឲ្យបានល្អប្រសើរ តែរឿងនេះមិនមែនមានតែកម្ពុជាទេ គឺប្រទេសនីមួយៗ នៅលើពិភពលោកនេះ បានខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ រហូតមកដល់បច្ចុប្បន្ននេះ មិនទាន់មានប្រទេសណាមួយ ដែលហ៊ានប្រកាសថា គ្មានការប្រើប្រាស់គ្រឿងញៀន ក្នុងប្រទេសរបស់ខ្លួនទេ ។

ឧបនាយករដ្ឋមន្ត្រី កែ គឹម​យ៉ាន ថ្លែងទៀតថា «ប៉ុន្ដែដូចជាមិនយល់សោះ ថាប្រទេសដទៃ គឺមានការត្រួតពិនិត្យត្រឹមត្រូវល្អខ្លាំងណាស់ ពិសេសជាមួយនឹងឧបករណ៍ទំនើបៗ តែនៅតែមានការជួញដូរឆ្លងដែន និងឧក្រិដ្ឋជន គ្រឿងញៀនដដែល ហើយសម្រាប់កម្ពុជាក៏ដូច្នេះដែរ ខ្ញុំមិនចោទទៅប្រទេសខ្លះទេ តែដូចគេមិនចាប់ គឺឲ្យតែកម្ពុជា ចាប់បានច្រើនទៅវិញ នេះដូចជារុញឲ្យកម្ពុជា​ផ្ទុកឧក្រិដ្ឋជនគ្រឿងញៀន មកជាប់គុកនៅប្រទេសយើងនេះ មានចំនួនកាន់តែច្រើន ដូច្នេះយើងបានគិតហើយថា កម្ពុជា មិនចង់ក្លាយជាធុងសំរាម ដាក់ឧក្រិដ្ឋជននោះទេ»

ជាការឆ្លើយតប លោកស្រី ម៉ានីកា ជេន បានថ្លែងថា ឥណ្ឌានឹងពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយកម្ពុជា និងរីករាយស្វាគមន៍ ក្នុងការជួយកាត់បន្ថយនូវបញ្ហាគ្រឿងញៀននេះ ពិសេសលោកស្រី នឹងលើកយកនូវសំណើរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹម​យ៉ាន ដាក់ទៅកាន់រដ្ឋាភិបាល របស់ប្រទេសរបស់ខ្លួន ៕