(ស្ទឹងត្រែង)៖ មន្រ្តីអាវុធហត្ថ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ចំនួនពីរនាក់ បានរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយសារតែក្រឡាប់រថយន្តជាច្រើនត្រឡប់ ខណៈបើករថយន្តដេញតាមរថយន្តដឹកឈើ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចគល់ស្ពានមិត្តភាព កម្ពុជា-ចិន(មេគង្គ) ក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា នៅពេលឃើញរថយន្តសាំងយ៉ុងបើកយោគៗ សំឡេងធ្ងន់ៗ សង្ស័យដឹកឈើ ស្រាប់តែមន្រ្តីទាំង២នាក់ បើករថយន្តរបស់ខ្លួនប្រដេញយ៉ាងលឿនតាមពីក្រោយ លុះមកដល់ចំណុចផ្លូវកោង ជិតគល់ស្ពានមេគង្គ បួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកស្លាកយីហោ វីង បណ្តាលឲ្យបែកកង់ក្រឡាប់ជាច្រើនជុំ។
យ៉ាងណាក៏ដោយ មិនទាន់ស្គាល់អត្តសញ្ញាណមន្រ្តីអាវុធហត្ថទាំង២នាក់ នៅឡើយទេ ខណៈកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យ ហើយរថយន្តរបស់ពួកគេក៏រងការខូតខាតផងដែរ៕