(ព្រះវិហារ)៖ ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ងី ចន្ទ័ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញឲ្យអាជ្ញាធរខេត្ត និងស្រុកនៅតាមព្រំដែន ត្រូវលុបបំបាត់ច្រករបៀងនានា ដែលជាមុខសញ្ញានាំទំនិញឆ្លងដែន និងនាំពលករឆ្លងដែនខុសច្បាប់ ឲ្យមានប្រសិទ្ធភាពបំផុត និងតម្លាភាព។
លោក ងី ចន្ទ័ផល បានលើកឡើងថា «ច្រករបៀងដែលកើតមានឡើងនៅតាមព្រំដែន គឺជាច្រកដែលនាំទំនិញខុសច្បាប់ ហើយក៏ជាច្រកដែល នាំពលករឆ្លងដែនខុសច្បាប់ផងដែរ។ ដូច្នេះសូមអាជ្ញាធរដែលនៅជាប់ព្រំដែន ត្រូវលុបបំបាត់ច្រករបៀងនេះ ឲ្យមានប្រសិទ្ធិភាពតាមគ្រប់ រូបភាពដែលអាចធ្វើទៅបាន និងត្រូវបន្តយកចិត្តទុកដាក់ការពារទឹកដីអធិបតេយ្យភាព ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ តាមតំបន់ព្រំដែន ការបង្កើនទប់ស្កាត់បទល្មើសឆ្លងដែនរួមមាន៖ បទល្មើសឆ្លងដែនខុសច្បាប់ បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត»។
លោក ងី ច័ន្ទផល បានបន្តថា ក្នុងនាមអាជ្ញាធរដែនដី ត្រូវបន្តកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ នៅតាមបន្ទាត់ព្រំដែន ត្រូវបន្តយកចិត្តទុកដាក់ ថែរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាពទឹកដី ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមបន្ទាត់ព្រំដែន ការបង្កើតទប់ស្កាត់បទល្មើស បទល្មើសឆ្លងដែន ឆ្លងកាត់ព្រំដែនគ្រប់ប្រភេទទាំងទំនិញទាំងឧក្រិដ្ឋកម្មឆ្លងដែន និងលើកកម្ពស់ការ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរ កម្លាំងមានសមត្ថកិច្ចនៅតាមមូលដ្ឋាន។
លោក ងី ច័ន្ទផល បានលើកឡើងថា ក្នុងន័យនេះរដ្ឋបាលខេត្ត ត្រូវផ្សព្វផ្សាយលើកទឹកចិត្តឲ្យប្រជាពលរដ្ឋប្រើប្រាស់បណ្ណព្រំដែន កម្ពុជា-ថៃ ចេញចូលឆ្លងកាត់ព្រំដែន ដោយធ្វើតាមច្រកចេញចូលតែមួយ ឲ្យមានប្រសិទ្ធិភាព និងតម្លាភាព ក្នុងករណីមានប្រជាពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ ហើយត្រូវអជ្ញាធរប្រទេសជិតខាងបញ្ជូន ឲ្យត្រឡប់មកវិញអាជ្ញាធរខេត្ត និងសមត្ថកិច្ចប្រចាំការតាមច្រកទ្វាព្រំដែន ត្រូវសហការគ្នាជិតស្និទ ជាមួយសមត្ថកិច្ចប្រទេសជិតខាង ក្នុងការប្រគល់ទទួលបងប្អូនទាំងនោះ ដោយត្រូវយកចិត្តទុកដាក់អំពីសុវត្ថិភាព សុខភាព ជំរកស្នាក់នៅបណ្តោះអាសន្ន អាហារ និងការវិវត្តន៍ត្រឡប់ទៅស្រុកវិញ ព្រមទាំងណែនាំប្រជាពលរដ្ឋយើងឲ្យយល់ពីបញ្ហាប្រឈមនានា ដែលបណ្តាលឲ្យរងគ្រោះដោយការឆ្លងដែនខុសច្បាប់។
លោក ងី ចន្ទ័ផល បានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់ថ្នាក់រដ្ឋបាល ត្រូវពង្រឹងរបៀបរបបធ្វើការងារទំនាក់ទំនងការងារសាមគ្គីភាពឯកភាពផ្ទៃក្នុង ឲ្យបានល្អស្របតាមច្បាប់ និងលិខិតបទដ្ឋានានាថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការដឹកនាំរបស់ខ្លួន ដោយឈលើគោលការណ៍ បំពេញការងារជាក្រុម ហើយត្រូវស្តាប់មតិយោបល់នានា ឲ្យបានគ្រប់ជ្រុងជ្រោយដោយមិនត្រូវផ្អែកលើមតិ យោបល់បុគ្គលរបស់ខ្លួនមុន និងធ្វើការសម្រេចចិត្តនេះជាក្រឹត្យក្រម នៃអភិបាលកិច្ច។ ចំពោះថ្នាក់ឃុំសង្កាត់ ក៏ត្រូវពង្រឹងការងាររបៀបរបបរបស់ខ្លួនមេឃុំ ចៅសង្កាត់ ស្មៀន មេភូមិ មេក្រុមត្រូវពិនិត្យវាយតម្លៃចំពោះអកប្បកិរិយា ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕