(ភ្នំពេញ)៖ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការបើកចំហរទីផ្សារច័ន្ទន៍ក្រឹស្នា និងបង្កើតរោងចក្រចម្រាញ់ប្រេងច័ន្ទន៍ក្រឹស្នា តាមបច្ចេកវិទ្យាទំនើប និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងគ្រប់គ្រងច័ន្ទក្រឹស្នារវាងក្រុមហ៊ុនកម្ពុជា-ថៃ ដែលរៀបចំឡើងកាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសណ្ឋាសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចាត់ទុកព្រឹត្តិការណ៍នេះ គឺជាវឌ្ឍនភាពថ្មីសម្រាប់វិស័យពាណិជ្ជកម្ម និងជាការបង្ហាញអំពីទំនុកចិត្តរបស់វិនិយោគិន មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រីបានបន្តទៀតថា រោងចក្រចម្រាញ់ប្រេងច័ន្ទន៍ក្រឹស្នាដំបូងគេនេះ នឹងជំរុញទីផ្សារសម្រាប់ផលិតផលខ្លឹមចន្ទន៍គ្រឹស្នានៅកម្ពុជា និងបង្កើតឱកាសការងារសម្រាប់ប្រជាជន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាមួយរាជរដ្ឋាភិបាល។ លើសពីនេះ ព្រឹត្តិការណ៍នេះក៏នឹងរួមចំណែកអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ព្រមទាំងជួយជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃឡង់ដ៏ ឲ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀតទាំងបច្ចុប្បន្ន និងអនាគត។

«ពាណិជ្ជកម្មច័ន្ទន៍គ្រឹះស្នា​ មាននៅកម្ពុជាតាំងពីសម័យបុរាណ ហើយមានតម្រូវការខ្ពស់សម្រាប់ទីផ្សារនៃប្រទេសអារ៉ាប់។ បច្ចុប្បន្ន​ កម្ពុជាមានដើមច័ន្ទន៍គ្រឹះស្នាជាង ១លានដើម ហើយផលិតផលដែលចម្រាញ់ចេញពីរោងចក្រថ្ងៃនេះ នឹងមានលក្ខណៈស្តង់ដារអន្តរជាតិ អាចឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុក និងពិភពលោក»។ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

លោករដ្ឋមន្ត្រីបានបន្ថែមថា «ក្រៅពីការប្រើប្រាស់បច្ចេកវិទ្យាទំនើប ជាមួយថ្នាំវ៉ាក់សាំង ដើម្បីធ្វើឲ្យដើមច័ន្ទន៍គ្រឹស្នាមានគុណភាព ក្រុមហ៊ុននឹងពង្រីកការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗផងដែរ»

សូមបញ្ជក់ថា តាមរយៈអនុស្សរណៈស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងគ្រប់គ្រងច័ន្ទន៍ក្រឹស្នា ដែលបានចុះហត្ថលេខាថ្ងៃនេះ ក្រុមហ៊ុនធូបច័ន្ទន៍ក្រឹស្នាខ្មែរ និងក្រុមហ៊ុន First Capital Global (FCG) នៅក្នុងប្រទេសថៃ នឹងសហការពង្រឹងគុណភាព ព្រមទាំងបង្កើតរាល់គម្រោងនានា ទាក់ទងនឹងអាជីវកម្មខ្លឹមច័ន្ទគ្រឹស្នានៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនទាំងពីរ គ្រោងនឹងដាក់បញ្ចូលខ្លឹមច័ន្ទន័គ្រឹះស្នាប្រហែល ១លានដើម សម្រាប់ដំណាក់កាលទី១ ដែលមានរយៈពេល ៩ខែ ដើម្បីកែច្នៃជាផលិតផលប្រេងច័ន្ទគ្រឹស្នាដែលមានគុណភាពខ្ពស់ សំដៅប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសផលិតប្រេងច័ន្ទន៍គ្រឹស្នាដ៏ល្បីល្បាញ នៅលើឆាកអន្តរជាតិនាពេលអនាគត៕