(ព្រះសីហនុ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននៅចំណុច​ផែរ៉ូយ៉ាល់ ស្ថិតក្រុម១៤ ភូមិ០៤ សង្កាត់៤ ក្រុង​ព្រះសីហនុ ដោយដកហូតបានថ្នាំញៀន និងវត្ថុតាងមួយចំនួន។

មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានឲ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០​១៨នេះថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅថ្ងៃទី០៦ ខែកុម្ភៈ ម្សិលមិញ ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើស។

បើតាមលោកមេបញ្ជាការ ជនសង្ស័យទាំង២នាក់នេះឈ្មោះ ​​ឡៅ ហាក់ អាយុ៣២ឆ្នាំ​ មានទីលំនៅ​ឃុំត្រពាំងអង្កែរ ស្រុកទឹកឈូ ខេត្តកំពត និងឈ្មោះ ម៉ែល ចំប៉ី (ហៅអាពៅ) ភេទស្រី អាយុ៣២ឆ្នាំ មានស្រុកកំណើត​​ឃុំត្រពាំងអង្កែរ ស្រុកស្អាង ខេត្តកណ្តាល ដោយដកហូតវត្ថុតាង ថ្នាំញៀនប្រភេទម្សៅសថ្លា ០៦កញ្ចប់, ទូរស័ព្ទដៃ០១គ្រឿង និងម៉ូតូ​០១គ្រឿង។

ក្រោយឃាត់ខ្លួន​ជនសង្ស័យ និងវត្ថុតាង​ត្រូវបានក​ម្លាំងការិយាជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការតាមនីតិវិធី៕