(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលកិច្ចប្រជុំផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ លើវិស័យសកម្មភាពមីននៅកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ បានសំដែងនូវអំណរគុណ និងកោតសរសើរជ្រាលជ្រៅបំផុត ជូនចំពោះរដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន និងប្រជាជនចិន ដែលបាននិងកំពុងជួយគាំទ្រដល់វិស័យសកម្មភាពមីននៅក្នុងប្រទេសកម្ពុជា និងសហប្រតិបត្តិការយ៉ាងពេញលេញ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិ។
ជាមួយគ្នានោះ កិច្ចប្រជុំបានទទួលនូវលទ្ធផលជាផ្លែផ្កាយ៉ាងល្អ ដោយភាគីទាំងពីបានឯកភាពបន្តកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ លើវិស័យសកម្មភាពមីននៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមសំណូមពររបស់សម្តេចតេជោ នាពេលកន្លងមកនេះ។
ក្នុងឱកាសនោះផងដែរ ភាកគីចិន បានសម្តែងការគាំទ្រ និងសហការយ៉ាងពេញទំហឹងជាមួយអាជ្ញាធរមីន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យសកម្មភាពមីននៅកម្ពុជា៕