(សឹង្ហបូរី)៖ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការ (ADMM-Retreat) ដែលបានរៀបចំដោយក្រសួងការពារជាតិសឹង្ហបូរី ធ្វើជាម្ចាស់ផ្ទះនៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រមុខការពារជាតិអាស៊ានទាំងអស់បានធ្វើការពិភាក្សាគ្នា ដោយផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើការប្រឆាំងភេរវកម្ម ដើម្បីការពារសន្តិសុខ ស្ថេរភាព នៅក្នុងតំបន់។
ថ្លែងនៅក្នុងកិច្ចប្រជុំនាឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា៖ តំបន់អាស៊ាននៅតែរក្សាបាននូវស្ថិរភាព និង ឯកភាពគ្នាទោះជាពិភពលោកទាំងមូលស្ថិតក្នុងការគំរាមកំហែងផ្សេងៗក៏ដោយ។ យន្ដការសហប្រតិបត្តិការក្នុងតំបន់ក្នុងវិស័យជាច្រើនត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបនឹងផលប៉ះពាល់ធ្ងន់ធ្ងរពីការគម្រាមកំហែងសន្តិសុខប្រពៃណី និងមិនមែនប្រពៃណីជាច្រើន។
សម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា៖ តំបន់របស់យើងនៅតែរងផលប៉ះពាល់អំពីបញ្ហាប្រឈមចំនួន២សំខាន់ជាងគេ គឺបញ្ហាភេរវកម្ម និងបញ្ហាគ្រោះធម្មជាតិ និងបម្រែបម្រួលអាកាសធាតុ។ សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់បន្ថែមថា៖
បើទោះបីជាប្រទេសកម្ពុជា មិនបានទទួលការគម្រាមកំហែងដោយផ្ទាល់ពីក្រុមភេរវជនធំៗ ដែលបង្កើតឡើងនៅក្នុងប្រទេសក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរប្រុងប្រយ័ត្ន ចំពោះការគម្រាមកំហែងក្នងតំបន់ ហើយបានចាត់ថ្នាក់អំពើភេរវកម្មជាក្ដីបារម្ភផ្នែក សន្តិសុខឆ្លងដែនមួយក្នុងចំណោមក្ដីបារម្ភផ្នែកសន្តិសុខធំៗ។ ទន្ទឹមនឹងនេះផងដែរ យើងទាំងអស់គ្នាក្នុងក្របខណ្ឌអាស៊ាន មិនគួរមើលរំលងបញ្ហានេះឡើយ ហើយត្រូវពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានទូលំទូលាយថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យយើងអាចបង្កាបញ្ហាមុននឹងកើតមានឡើង។
សម្តេចពិជ័យសេនាក៏បានសំដែងនូវសេចក្ដីសោមនស្សរីករាយចំពោះកិច្ចប្រឹងប្រែង រួមរវាងបណ្ដាប្រទេសសមាជិកអាស៊ានទាំងអស់ ដែលបានរៀបចំយ៉ាងខ្នះខ្នែង និងដោយជោគជ័យនូវសមយុទ្ធ ADMM-Plusស្ដីពីសន្តិសុខផ្លូវសមុទ្រនិងការប្រឆាំងភេរវកម្ម ក៏ដូចជាសមយុទ្ធផ្នែកប្រតិបត្តិការមនុស្សធម៌និងការសង្គ្រោះពីគ្រោះមហន្តរាយ ដែលបានធ្វើកន្លងមក។
សូមបញ្ចាក់ថា៖នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ានស្តីពីការប្រឆាំងភេរវកម្មក្នុងអាស៊ានបានថ្កោលទោសដាច់អហង្ការនូវការវាយប្រហារដោយក្រុមភេរវករនៅតំបន់អាស៊ីអាគ្នេយ៍ និងជុំវិញពិភពលោក និងសំដែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារជនស្លូតត្រង់ដែលរងគ្រោះថ្នាក់ដោយការវាយប្រហារភេរវកម្មនេះ។
ក្នុងន័យនេះរដ្ឋមន្ត្រីការពារជាតិអាស៊ានបានព្រមព្រៀងគ្នាដើម្បីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ប្រឆាំងភេរវកម្មក្នុងចំណោមគ្រិះស្ថានការពារជាតិអាស៊ាន និងជាមួយដៃគូខាងក្រៅរបស់អាស៊ាន ។ អាស៊ាននឹងបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងតាមរយៈលំហាត់ និងការបណ្តុះបណ្តាលរួមគ្នា ការចែករំលែកព័ត៌មាន និងបង្កើនកិច្ចសន្ទនា និងការចែករំលែកនូវបទពិសោធន៍ល្អៗ ទទូទាំងរដ្ឋជាសមាជិកអាស៊ាន ។សេចក្តីថ្លែងការណ៍រួម បានចាត់ទុក ភេរវកម្ម និង ហឹង្សាជ្រុលនិយមគឺជាការគំរាមកំហែងធ្ងន់ធ្ងរចំពោះវឌ្ឍនភាព វិបុលភាព និង ការរស់នៅរបស់អាស៊ាន។ អាស៊ាននៅតែប្តេជ្ញាប្រឆាំងការគំរាមកំហែងនេះដើម្បីផលប្រយោជន៍ប្រជាជនអាស៊ានទាំងមូល៕